Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាថាយ 28 - ព្រះគម្ពីរខ្មែរសាកល


ព្រឹកនៃការរស់ឡើងវិញ

1 បន្ទាប់ពី​ថ្ងៃសប្ប័ទ ពេល​ព្រលឹមស្រាងៗ​នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្នាក់ទៀត​បាន​ទៅ​មើល​ផ្នូរ​។

2 ពេលនោះ មើល៍! មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ពីព្រោះ​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ចុះមក​ពី​លើមេឃ ហើយ​ចូលទៅ​ប្រមៀល​ថ្ម​ចេញ រួច​អង្គុយ​លើ​ថ្មនោះ​។

3 រូបសណ្ឋាន​របស់​ទូតសួគ៌នោះ ដូចជា​ផ្លេកបន្ទោរ ហើយ​សម្លៀកបំពាក់​ស​ដូច​ហិមៈ​។

4 ពួក​អ្នក​យាម​ក៏​ញ័ររន្ធត់​ដោយ​ការភិតភ័យ​ចំពោះ​ទូតនោះ ហើយ​បាន​ដូចជា​មនុស្សស្លាប់​។

5 ទូត​នោះ​និយាយ​នឹង​ស្ត្រី​ទាំងពីរ​ថា​៖ “កុំ​ខ្លាច​ឡើយ​! ខ្ញុំ​ដឹង​ហើយ​ថា ពួកនាង​កំពុង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង​។

6 ព្រះអង្គ​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ព្រះអង្គ​ត្រូវបាន​លើក​ឲ្យរស់ឡើង​វិញ​ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​រួចមកហើយ​។ មក៍! មើល​កន្លែង​ដែល​ព្រះអង្គ​បាន​ផ្ទំ​ចុះ​។

7 ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​: ‘ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ មើល៍! ព្រះអង្គ​នឹង​យាង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ឃើញ​ព្រះអង្គ​នៅ​ទីនោះ’។ មើល៍! ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​រួចហើយ​!”។

8 ពួកនាង​ក៏​ចាកចេញ​ពី​រូងផ្នូរ​ភ្លាម ទាំង​ភ័យ​ទាំង​អរសប្បាយ​យ៉ាងខ្លាំង ហើយ​រត់​ទៅ​ដើម្បី​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​។

9 ពេលនោះ មើល៍! ព្រះយេស៊ូវ​ជួប​ពួកនាង ហើយ​មានបន្ទូលថា​៖“សុខសប្បាយ!”។ ពួកនាង​ក៏​ចូលមកជិត​ឱប​ព្រះបាទា​របស់​ព្រះអង្គ រួច​ថ្វាយបង្គំ​ព្រះអង្គ។

10 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកនាង​ថា​៖“កុំ​ខ្លាច​ឡើយ​! ចូរ​ទៅ​ប្រាប់​បងប្អូន​របស់ខ្ញុំ​ឲ្យ​ទៅ​កាលីឡេ ហើយនៅទីនោះ​ពួកគេ​នឹង​ជួប​ខ្ញុំ”។


សូកពួកទាហានឲ្យកុហក

11 ខណៈដែល​ពួកនាង​ចេញទៅ មើល៍! មាន​ទាហានយាម​ខ្លះ​បាន​ចូលទៅ​ក្នុង​ទីក្រុង រាយការណ៍​ដល់​ពួក​នាយកបូជាចារ្យ​អំពី​អ្វីៗ​ទាំងអស់​ដែល​បាន​កើតឡើង​។

12 ពួកនាយកបូជាចារ្យ​ក៏​ជួបជុំ​ពិគ្រោះគ្នា​ជាមួយ​ពួក​ចាស់ទុំ ហើយ​ឲ្យ​លុយ​ជាច្រើន​ដល់​ពួក​ទាហាន

13 ទាំង​ប្រាប់ថា​៖ “ចូរ​អ្នករាល់គ្នា​និយាយ​ថា​: ‘ពួក​សិស្ស​របស់​វា​បាន​មក​ទាំង​យប់ លួច​សពរបស់វា​ទៅ ពេល​យើង​កំពុង​ដេកលក់’។

14 បើសិន​រឿងនេះ​លេចឮ​ដល់​អភិបាល យើង​នឹង​បញ្ចុះបញ្ចូល​លោក មិនឲ្យ​អ្នករាល់គ្នា​មានបញ្ហាឡើយ”។

15 ពួកទាហាន​ក៏​ទទួល​លុយ ហើយ​ធ្វើ​ដូចដែល​ត្រូវបាន​បង្គាប់​។ ដូច្នេះ រឿង​នេះ​បាន​ឮសុសសាយ​ក្នុងចំណោម​ជនជាតិយូដា​រហូតមកដល់​សព្វថ្ងៃ​។


មហាបេសកកម្ម

16 រីឯ​សិស្ស​ទាំង​ដប់មួយ​នាក់​បាន​ទៅ​កាលីឡេ ដល់​ភ្នំ​មួយ​ជា​កន្លែងដែល​ព្រះយេស៊ូវ​បាន​កំណត់​ឲ្យ​ពួកគេ​ទៅ​។

17 នៅពេល​ឃើញ​ព្រះយេស៊ូវ ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ ប៉ុន្តែ​មាន​អ្នកខ្លះ​សង្ស័យ​។

18 ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។

19 ដូច្នេះ ចូរ​អ្នករាល់គ្នា​ចេញទៅ ធ្វើឲ្យ​ប្រជាជាតិ​ទាំងអស់​ទៅជាសិស្ស ទាំង​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ

20 ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម