ដានីយ៉ែល 7 - ព្រះគម្ពីរខ្មែរសាកលយល់សប្តិរបស់ដានីយ៉ែលអំពីសត្វតិរច្ឆាន 1 នៅឆ្នាំទីមួយនៃរជ្ជកាលរបស់បេលសាសារស្ដេចនៃបាប៊ីឡូន ដានីយ៉ែលបានឃើញយល់សប្តិមួយ ហើយមាននិមិត្តជាច្រើននៅក្នុងក្បាលរបស់គាត់នៅលើគ្រែរបស់គាត់។ គាត់ក៏កត់យល់សប្តិនោះទុក ហើយបានតំណាលប្រាប់ខ្លឹមសារនៃសេចក្ដីទាំងនោះ។ 2 ដានីយ៉ែលនិយាយថា៖ “ខ្ញុំកំពុងតែសង្កេតមើលក្នុងនិមិត្តរបស់ខ្ញុំនៅពេលយប់ នោះមើល៍! ខ្យល់ទាំងបួនទិសនៃមេឃបានកកូរមហាសមុទ្រ! 3 មានសត្វធំសម្បើមបួនក្បាលឡើងពីសមុទ្រមក សត្វនីមួយៗខុសពីគ្នា។ 4 “សត្វទីមួយដូចសិង្ហ ហើយមានស្លាបរបស់ឥន្ទ្រី។ ខណៈដែលខ្ញុំកំពុងតែសង្កេតមើល ស្លាបរបស់វាត្រូវបានដកចេញ ហើយវាត្រូវបានលើកពីដីឲ្យឈរដោយជើងពីរដូចជាមនុស្ស ហើយចិត្តរបស់មនុស្សក៏ត្រូវបានប្រគល់ដល់វា។ 5 “មើល៍! មានសត្វមួយទៀតជាសត្វទីពីរ ដូចខ្លាឃ្មុំ។ វាត្រូវបានធ្វើឲ្យឈរដោយចំហៀងខ្លួនម្ខាង ហើយមានឆ្អឹងជំនីរបីនៅក្នុងមាត់របស់វា នៅចន្លោះធ្មេញរបស់វា។ មានបា្រប់ដល់វាដូច្នេះថា: ‘ចូរក្រោកឡើងត្របាក់ស៊ីសាច់ច្រើនចុះ!’។ 6 “បន្ទាប់ពីការនេះ ខ្ញុំបន្តសង្កេតមើល នោះមើល៍! មានសត្វមួយទៀតដូចខ្លារខិន! មានស្លាបបួនរបស់បក្សាបក្សីនៅលើខ្នងវា; សត្វនោះមានក្បាលបួន ហើយអំណាចគ្រប់គ្រងត្រូវបានប្រគល់ដល់វា។ 7 “បន្ទាប់ពីការនេះ ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានសត្វទីបួនដែលគួរឲ្យខ្លាច និងគួរឲ្យភិតភ័យ ព្រមទាំងខ្លាំងក្រៃលែង! វាមានធ្មេញដែកធំៗ ក៏ត្របាក់ស៊ី និងបំបាក់បំបែក ហើយជាន់ឈ្លីសំណល់ដោយជើងរបស់វា។ វាខុសពីអស់ទាំងសត្វដែលនៅមុនវា ហើយវាមានស្នែងដប់។ 8 “ខ្ញុំកំពុងតែពិចារណាអំពីស្នែងទាំងនោះ នោះមើល៍! មានស្នែងតូចមួយទៀតដុះឡើងនៅចន្លោះស្នែងទាំងនោះ ហើយស្នែងបីក្នុងចំណោមស្នែងដំបូង ត្រូវបានដកចេញទាំងឫស នៅចំពោះស្នែងតូចនោះ។ នោះមើល៍! មានភ្នែកដូចជាភ្នែកមនុស្សលើស្នែងនោះ ព្រមទាំងមានមាត់ដែលនិយាយព្រហើនផង”។ ព្រះដែលគង់នៅតាំងពីគ្រាបុរាណ និងកូនមនុស្ស 9 “ខណៈដែលខ្ញុំបន្តសង្កេតមើល មានបល្ល័ង្កទាំងឡាយត្រូវបានតាំងឡើង ហើយព្រះដែលគង់នៅតាំងពីគ្រាបុរាណ ក៏បានគង់ចុះ។ ព្រះពស្ត្ររបស់ព្រះអង្គសដូចហិមៈ ព្រះកេសានៃព្រះសិររបស់ព្រះអង្គបរិសុទ្ធដូចរោមចៀម បល្ល័ង្ករបស់ព្រះអង្គមានអណ្ដាតភ្លើង កង់នៃបល្ល័ង្កនោះជាភ្លើងដែលកំពុងឆេះ។ 10 ទន្លេភ្លើងបានហូរចេញមកពីចំពោះព្រះអង្គ មនុស្សរាប់ពាន់រាប់ម៉ឺននាក់បម្រើព្រះអង្គ មនុស្សរាប់លានរាប់កោដិនាក់ឈរនៅចំពោះព្រះអង្គ។ ការជំនុំជម្រះបានចាប់ផ្ដើម ហើយក្រាំងទាំងឡាយក៏ត្រូវបានបើកឡើង។ 11 “ពេលនោះ ខ្ញុំកំពុងតែសង្កេតមើល ដោយព្រោះសំឡេងនៃពាក្យព្រហើនដែលស្នែងនោះបានពោល។ ខណៈដែលខ្ញុំបន្តសង្កេតមើល សត្វនោះត្រូវបានសម្លាប់ ហើយសាកសពវាត្រូវបានបំផ្លាញ ក៏ត្រូវបានប្រគល់ទៅភ្លើងសន្ធោសន្ធៅ។ 12 រីឯសត្វឯទៀតទាំងនោះ អំណាចគ្រប់គ្រងរបស់ពួកវាត្រូវបានដកចេញ យ៉ាងណាមិញ អាយុជីវិតរបស់ពួកវាត្រូវបានពន្យាររហូតដល់ពេលកំណត់ និងគ្រាមួយ។ 13 ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានម្នាក់ដូចកូនមនុស្សមកក្នុងពពកលើមេឃ លោកមកឯព្រះដែលគង់នៅតាំងពីគ្រាបុរាណ ហើយត្រូវគេនាំចូលទៅនៅចំពោះព្រះអង្គ! 14 អំណាចគ្រងរាជ្យ សិរីរុងរឿង និងអាណាចក្រត្រូវបានប្រទានដល់លោក ដើម្បីឲ្យអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានបម្រើលោក អំណាចគ្រងរាជ្យរបស់លោកជាអំណាចគ្រងរាជ្យដ៏អស់កល្ប ដែលមិនផុតទៅឡើយ ហើយអាណាចក្ររបស់លោកជាអាណាចក្រដែលបំផ្លាញមិនបានឡើយ”។ សេចក្ដីកាត់ស្រាយអំពីយល់សប្តិ 15 “រីឯខ្ញុំ ដានីយ៉ែល វិញ្ញាណរបស់ខ្ញុំកើតទុក្ខនៅក្នុងរូបកាយ ហើយនិមិត្តជាច្រើនក្នុងក្បាលរបស់ខ្ញុំក៏ធ្វើឲ្យខ្ញុំតក់ស្លុត។ 16 ខ្ញុំបានចូលទៅជិតម្នាក់ក្នុងចំណោមពួកអ្នកដែលកំពុងឈរ ហើយសួរអ្នកនោះអំពីការពិតទាក់ទងនឹងការទាំងអស់នេះ។ គាត់ក៏ប្រាប់ខ្ញុំ ហើយឲ្យខ្ញុំដឹងការកាត់ស្រាយនៃសេចក្ដីទាំងនេះ គឺ: 17 ‘សត្វធំសម្បើមទាំងបួននោះ ជាស្ដេចបួនអង្គដែលនឹងក្រោកឡើងនៅលើផែនដី។ 18 ប៉ុន្តែពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុតនឹងទទួលរាជ្យនោះ ហើយកាន់កាប់រាជ្យនោះជារៀងរហូត គឺជារៀងរហូតអស់កល្បជានិច្ច’។ 19 “ពេលនោះ ខ្ញុំចង់ដឹងការពិតអំពីសត្វទីបួនដែលខុសពីសត្វឯទៀតទាំងអស់ គឺវាគួរឲ្យខ្លាចក្រៃលែង ធ្មេញរបស់វាជាដែក ហើយក្រចករបស់វាជាលង្ហិន ក៏ត្របាក់ស៊ី បំបាក់បំបែក ព្រមទាំងជាន់ឈ្លីសំណល់ដោយជើងរបស់វា 20 ហើយខ្ញុំក៏ចង់ដឹងអំពីស្នែងដប់ដែលនៅលើក្បាលរបស់វា និងស្នែងមួយទៀតដែលបានដុះឡើង ព្រមទាំងស្នែងបីដែលជ្រុះមុនស្នែងនេះ គឺស្នែងមួយដែលមានភ្នែក និងមាត់ដែលនិយាយព្រហើន ក៏មានសណ្ឋានធំជាងស្នែងគ្នាវា។ 21 ខ្ញុំបានបន្តសង្កេតមើល ហើយស្នែងនោះបានធ្វើសង្គ្រាមជាមួយពួកវិសុទ្ធជន ក៏ឈ្នះពួកគេ 22 រហូតដល់ព្រះដែលគង់នៅតាំងពីគ្រាបុរាណបានយាងមកដល់ ហើយសេចក្ដីយុត្តិធម៌ត្រូវបានប្រទានដល់ពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត រួចពេលវេលាដែលពួកវិសុទ្ធជនបានកាន់កាប់រាជ្យនោះក៏មកដល់។ 23 “ម្នាក់ដែលកំពុងឈរនោះបានប្រាប់ដូច្នេះថា: ‘សត្វទីបួននោះ គឺអាណាចក្រទីបួននៅលើផែនដី ដែលខុសពីអាណាចក្រឯទៀតទាំងអស់ ហើយវានឹងត្របាក់ស៊ីផែនដីទាំងមូល ក៏ជាន់ឈ្លី ព្រមទាំងបំបាក់បំបែកផែនដីផង។ 24 រីឯស្នែងទាំងដប់នោះ គឺស្ដេចដប់អង្គដែលនឹងក្រោកឡើងពីអាណាចក្រនោះ។ ក្រោយពីស្ដេចទាំងនោះ នឹងមានស្ដេចមួយអង្គទៀតក្រោកឡើង ទ្រង់ខុសពីស្ដេចមុនៗ ក៏នឹងបង្ក្រាបស្ដេចបីអង្គនោះ។ 25 ទ្រង់នឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយធ្វើទុក្ខពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់ និងក្រឹត្យវិន័យផង។ ពួកវិសុទ្ធជននឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។ 26 ប៉ុន្តែការជំនុំជម្រះនឹងចាប់ផ្ដើម ហើយអំណាចគ្រងរាជ្យរបស់ទ្រង់នឹងត្រូវបានដកចេញ ដើម្បីឲ្យត្រូវបានបំផ្លាញ និងកម្ទេចរហូតដល់ទីបំផុត។ 27 នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។ 28 “ដំណើររឿងនេះ ចប់ត្រឹមប៉ុណ្ណេះ។ រីឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតយ៉ាងខ្លាំង ហើយទឹកមុខរបស់ខ្ញុំក៏ផ្លាស់ប្ដូរដែរ ប៉ុន្តែខ្ញុំបានទុកដំណើររឿងនេះនៅតែក្នុងចិត្តខ្ញុំ”៕ |