Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ដានី‌យ៉ែល 4 - ព្រះគម្ពីរខ្មែរសាកល


សេចក្ដីប្រកាសរបស់នេប៊ូក្នេសា

1 យើង នេប៊ូក្នេសា​ជា​ស្ដេច ជូនចំពោះ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​ដែល​រស់នៅ​លើ​ផែនដី​ទាំងមូល​។ សូមឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​បាន​ចម្រើនឡើង​ចុះ​!

2 ជាការគាប់ចិត្ត​ដល់​យើង ដែល​បង្ហាញ​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​ដ៏ខ្ពស់បំផុត​បាន​ធ្វើ​ដល់​យើង​។

3 ទីសម្គាល់​របស់ព្រះអង្គ​ធំ​យ៉ាងណាហ្ន៎​! ការអស្ចារ្យ​របស់ព្រះអង្គ​ខ្លាំង​យ៉ាងណាហ្ន៎​! អាណាចក្រ​របស់ព្រះអង្គ​ជា​អាណាចក្រ​ដ៏អស់កល្ប រាជ្យអំណាច​របស់ព្រះអង្គ​នៅ​ពីជំនាន់មួយទៅជំនាន់មួយ​។


សុបិនរបស់នេប៊ូក្នេសា

4 យើង នេប៊ូក្នេសា បាន​រស់នៅយ៉ាងសុខស្រួល​ក្នុង​ដំណាក់​របស់យើង ហើយ​បាន​ចម្រុងចម្រើន​នៅក្នុង​រាជវាំង​របស់យើង​។

5 យើង​បាន​ឃើញ​យល់សប្តិ​មួយ​ដែល​ធ្វើឲ្យ​យើង​ខ្លាច ហើយ​ការស្រមើស្រមៃ​ដែល​យើង​មាន​នៅលើ​គ្រែ និង​និមិត្ត​នៅក្នុង​ក្បាល​របស់យើង ក៏​ធ្វើឲ្យ​យើង​តក់ស្លុត​។

6 ដោយហេតុនេះ យើង​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​អស់ទាំង​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ចូលមក​នៅចំពោះ​យើង ដើម្បីឲ្យ​ពួកគេ​បាន​ធ្វើឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិ​នោះ​។

7 ពេលនោះ ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​ក៏​ចូលមក ហើយ​យើង​ប្រាប់​យល់សប្តិ​នោះ​ដល់​ពួកគេ ប៉ុន្តែ​ពួកគេ​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិនោះ​មិនបានឡើយ​។

8 នៅទីបំផុត ដានីយ៉ែល​ដែល​មាន​ឈ្មោះ​ថា​បេលថិស្សាសារ តាម​នាម​នៃ​ព្រះ​របស់យើង ជា​អ្នកដែល​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​គាត់ បាន​ចូលមក​នៅចំពោះ​យើង​។ យើង​ក៏​ប្រាប់​យល់សប្តិ​នោះ​ដល់​គាត់​ថា​៖

9 “បេលថិស្សាសារ​ដែលជា​មេ​នៃ​ពួក​គ្រូមន្តអាគម​អើយ ដោយព្រោះ​យើង​ដឹង​ថា​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​អ្នក ហើយ​គ្មាន​អាថ៌កំបាំង​ណាមួយ​ពិបាក​សម្រាប់​អ្នក ដូច្នេះ​ចូរ​ប្រាប់​និមិត្ត​នៃ​យល់សប្តិ​ដែល​យើង​បាន​ឃើញ និង​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​ចុះ​!

10 និមិត្ត​នៅក្នុង​ក្បាល​របស់យើង​នៅលើ​គ្រែ​នោះ គឺដូច្នេះ​: យើង​បាន​មើល នោះ​មើល៍! មាន​ដើមឈើ​មួយ​នៅ​កណ្ដាល​ផែនដី ហើយ​កម្ពស់​វា​ខ្ពស់​ក្រៃលែង​!

11 ដើមឈើ​នោះ​បាន​ធំឡើង ហើយ​បានជាមាំ រីឯ​កម្ពស់​របស់វា​ដល់​មេឃ ហើយ​វា​ត្រូវបាន​មើលឃើញ​ពី​ចុងបំផុត​នៃ​ផែនដី​ទាំងមូល​។

12 ស្លឹក​របស់វា​ស្អាត​ណាស់ ផ្លែ​របស់វា​ក៏​បរិបូរ ហើយ​នៅក្នុង​វា មាន​អាហារ​សម្រាប់​គ្រប់គ្នា​។ សត្វព្រៃនៃទីវាល​ជ្រកម្លប់​នៅក្រោម​វា បក្សាបក្សីនៅលើអាកាស​រស់នៅ​តាម​មែក​របស់វា ហើយ​គ្រប់ទាំង​សាច់​ត្រូវបាន​ចិញ្ចឹម​ពី​វា​។

13 “ពេល​នៅលើ​គ្រែ យើង​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៅក្នុង​ក្បាល​របស់យើង នោះ​មើល៍! មាន​អ្នកសង្កេតការណ៍​មួយ​រូប គឺជា​អ្នក​វិសុទ្ធ​មួយ​រូប ចុះមក​ពី​ស្ថានសួគ៌

14 ក៏​ស្រែកឡើង​យ៉ាងខ្លាំង ហើយ​និយាយ​ដូច្នេះ​ថា​: ‘ចូរ​កាប់រំលំ​ដើមឈើ​នេះ ហើយ​កាត់​មែក​របស់វា​ចោល​! ចូរ​អង្រួនជម្រុះ​ស្លឹក​របស់វា ហើយ​កម្ចាត់កម្ចាយ​ផ្លែ​របស់វា​! ចូរឲ្យ​សត្វព្រៃ​រត់ចេញ​ពី​ក្រោម​វា ចូរឲ្យ​បក្សាបក្សី​រត់ចេញ​ពី​មែក​វា​!

15 យ៉ាងណាមិញ ចូរ​ទុក​ដង្គត់ និង​ឫស​របស់វា​នៅក្នុង​ដី ដោយ​ចង​វ័ណ្ឌ​ដែក និង​លង្ហិន នៅក្នុង​ស្មៅខ្ចី​នៃ​ទីវាល​។ ចូរ​ឲ្យ​វា​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​ឲ្យ​វា​មាន​ចំណែក​ជាមួយ​សត្វព្រៃ​នៅក្នុង​ស្មៅ​នៃ​ផែនដី​។

16 ចូរឲ្យ​ចិត្ត​របស់វា​បាន​ផ្លាស់ប្ដូរ​ពី​មនុស្ស ហើយ​ឲ្យ​ចិត្ត​របស់​សត្វព្រៃ​ដល់​វា​វិញ រហូតទាល់តែ​រយៈពេល​ប្រាំពីរ​គ្រា​បាន​កន្លងផុត​ពី​វា​។

17 សេចក្ដីប្រកាស​នេះ​ជា​ការសម្រេច​របស់​ពួក​អ្នកសង្កេតការណ៍ សាលក្រម​នេះ​ជា​ពាក្យ​របស់​ពួកអ្នក​វិសុទ្ធ ដើម្បីឲ្យ​មនុស្សរស់​បាន​ដឹង​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ក៏​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ ព្រមទាំង​តាំង​មនុស្ស​តូចទាប​លើ​វា​ផង’។

18 “នេះ​ហើយ​ជា​យល់សប្តិ​ដែល​យើង​នេប៊ូក្នេសា​ជា​ស្ដេច បាន​ឃើញ​។ រីឯ​អ្នក​វិញ បេលថិស្សាសារ​អើយ ចូរ​ប្រាប់​ការកាត់ស្រាយ​មក ដ្បិត​អស់ទាំង​អ្នកប្រាជ្ញ​នៃ​អាណាចក្រ​របស់យើង មិនអាច​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នេះ​បានទេ មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ដ្បិត​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​អ្នក”។


សុបិនត្រូវបានកាត់ស្រាយ

19 ពេលនោះ ដានីយ៉ែល​ដែល​មាន​ឈ្មោះ​ថា​បេលថិស្សាសារ ក៏​រន្ធត់​មួយ​សន្ទុះ ហើយ​គំនិត​របស់គាត់​ក៏​ធ្វើឲ្យ​គាត់​តក់ស្លុត​។ ស្ដេច​មានរាជឱង្ការ​ថា​៖ “បេលថិស្សាសារ​អើយ កុំឲ្យ​យល់សប្តិ​នេះ ឬ​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ ធ្វើឲ្យ​អ្នក​តក់ស្លុត​ឡើយ”។ បេលថិស្សាសារ​ទូល​តប​ថា​៖ “ព្រះអម្ចាស់​នៃខ្ញុំព្រះបាទ​អើយ សូមឲ្យ​សុបិន​នេះ​បាន​សម្រាប់​អ្នកដែល​ស្អប់​ព្រះករុណា ហើយ​ឲ្យ​ការកាត់ស្រាយ​នៃ​សុបិននេះ​បាន​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះករុណា​វិញ​!

20 ដើមឈើ​ដែល​ព្រះករុណា​បាន​ទត​ឃើញ ដែល​ធំឡើង ហើយ​បានជាមាំ រហូតដល់​កម្ពស់​របស់វា​បាន​ដល់​មេឃ ហើយ​ត្រូវបាន​មើលឃើញ​ពី​ផែនដី​ទាំងមូល

21 ដែល​ស្លឹក​របស់វា​ស្អាត ផ្លែ​របស់វា​ក៏​បរិបូរ ហើយ​នៅក្នុង​វា​មាន​អាហារ​សម្រាប់​គ្រប់គ្នា ដែល​សត្វព្រៃនៃទីវាល​ជ្រកម្លប់​នៅក្រោម​វា ហើយ​បក្សាបក្សីនៅលើអាកាស​រស់នៅ​តាម​មែក​របស់វា​នោះ

22 ព្រះរាជា​អើយ គឺ​ព្រះករុណា​ហើយ ដែល​បាន​ធំឡើង ហើយ​បានជាមាំ​! ដ្បិត​អានុភាព​របស់ព្រះករុណា​បាន​ធំឡើង​ដល់​មេឃ ហើយ​រាជ្យអំណាច​របស់ព្រះករុណា​បាន​ដល់​ចុងបំផុត​នៃ​ផែនដី​។

23 “ហើយ​ដែល​ព្រះរាជា​បាន​ទត​ឃើញ​អ្នកសង្កេតការណ៍​មួយ​រូប គឺជា​អ្នក​វិសុទ្ធ​មួយ​រូប ចុះមក​ពី​ស្ថានសួគ៌ និយាយថា​: ‘ចូរ​កាប់រំលំ​ដើមឈើ​នេះ ហើយ​បំផ្លាញ​វា​ទៅ​! យ៉ាងណាមិញ ចូរ​ទុក​ដង្គត់ និង​ឫស​របស់វា​នៅក្នុង​ដី ដោយ​ចង​វ័ណ្ឌ​ដែក និង​លង្ហិន នៅក្នុង​ស្មៅខ្ចី​នៃ​ទីវាល​។ ចូរ​ឲ្យ​វា​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​ឲ្យ​វា​មាន​ចំណែក​ជាមួយ​សត្វព្រៃនៃទីវាល រហូតទាល់តែ​រយៈពេល​ប្រាំពីរ​គ្រា​បាន​កន្លងផុត​ពី​វា’ នោះ

24 ព្រះរាជា​អើយ នេះ​ជា​ការកាត់ស្រាយ និង​ជា​ការសម្រេច​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដែល​មក​ដល់​ព្រះរាជា​ព្រះអម្ចាស់​នៃខ្ញុំព្រះបាទ

25 គឺ​ព្រះករុណា​នឹង​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ហើយ​លំនៅ​របស់ព្រះករុណា​នឹង​នៅ​ជាមួយ​សត្វព្រៃនៃទីវាល​។ គេ​នឹង​ឲ្យ​ព្រះករុណា​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះករុណា​នឹង​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​រយៈពេល​ប្រាំពីរ​គ្រា​នឹង​កន្លងផុត​ពី​ព្រះករុណា គឺ​រហូតទាល់តែ​ព្រះករុណា​ជ្រាប​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។

26 រីឯ​ដូចដែល​ត្រូវបាន​បង្គាប់​ឲ្យ​ទុក​ដង្គត់ និង​ឫស​របស់​ដើមឈើ​នោះ​យ៉ាងណា អាណាចក្រ​របស់ព្រះករុណា​ក៏នឹង​នៅស្ថិតស្ថេរ​ដល់​ព្រះករុណា​យ៉ាងនោះដែរ កាលណា​ព្រះករុណា​ជ្រាប​ថា ស្ថានសួគ៌​គ្រប់គ្រង​។

27 ដូច្នេះ ព្រះរាជា​អើយ សូមឲ្យ​សេចក្ដីប្រឹក្សា​របស់ខ្ញុំព្រះបាទ​បាន​គាប់ព្រះទ័យ​ដល់​ព្រះករុណា​ផង គឺ​សូម​ព្រះករុណា​ផ្ដាច់​បាប​របស់ព្រះករុណា​ចេញ​ដោយ​ការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំង​ផ្ដាច់​អំពើទុច្ចរិត​របស់ព្រះករុណា​ចេញ​ដោយ​មេត្តា​ដល់​អ្នកដែលរងទុក្ខ ក្រែងលោ​សេចក្ដីសុខស្រួល​របស់ព្រះករុណា​បាន​យូរអង្វែង”។


ការកាត់ទោសត្រូវបានបំពេញឲ្យសម្រេច

28 ការទាំងអស់​នេះ​បាន​ធ្លាក់មក​លើ​ព្រះបាទ​នេប៊ូក្នេសា

29 គឺ​ពេល​ផុត​ដប់ពីរ​ខែ ទ្រង់​កំពុង​យាង​លើ​ដំបូល​រាជវាំង​នៃ​បាប៊ីឡូន

30 នោះ​ស្ដេច​ទ្រង់​ពោល​ថា​៖ “តើ​នេះ​មិនមែន​ជា​បាប៊ីឡូន​ដ៏ធំ​ដែល​អញ​បាន​សាងសង់​សម្រាប់​ជា​រាជដំណាក់ ដោយ​អានុភាព​នៃ​អំណាច​របស់អញ និង​សម្រាប់​ជា​សិរីរុងរឿង​នៃ​ភាពឧត្ដុង្គឧត្ដម​របស់អញ​ទេ​ឬ​?”។

31 ខណៈដែល​ពាក្យ​នោះ​នៅក្នុង​ព្រះឱស្ឋ​របស់​ស្ដេច​នៅឡើយ មាន​សំឡេង​មួយ​ធ្លាក់មក​ពី​លើមេឃ​ថា​៖ “នេប៊ូក្នេសា​ជា​ស្ដេច​អើយ មាន​ប្រកាស​ដល់​អ្នក​ថា រាជ្យ​នេះ​ត្រូវបាន​ដកចេញ​ពី​អ្នក​ហើយ​!

32 អ្នក​នឹង​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ហើយ​លំនៅ​របស់អ្នក​នឹង​នៅជាមួយ​សត្វព្រៃនៃទីវាល​។ គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ ហើយ​រយៈពេល​ប្រាំពីរ​គ្រា​នឹង​កន្លងផុត​ពី​អ្នក រហូតទាល់តែ​អ្នក​បាន​ដឹង​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ”។

33 រំពេចនោះ ពាក្យ​នោះ​ត្រូវបាន​បំពេញឲ្យសម្រេច​ដល់​នេប៊ូក្នេសា គឺ​ទ្រង់​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ក៏​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះកាយ​របស់ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ រហូតដល់​ព្រះកេសា​របស់ទ្រង់​បាន​ដុះឡើង​ដូច​រោម​ឥន្ទ្រី ហើយ​ក្រចក​របស់ទ្រង់​បាន​ដូច​ក្រចក​បក្សាបក្សី​។


នេប៊ូក្នេសាសរសើរតម្កើងព្រះ

34 លុះ​ផុត​ថ្ងៃ​ទាំងនោះ យើង នេប៊ូក្នេសា បាន​ងើបភ្នែកឡើង​ទៅ​លើមេឃ នោះ​វិចារណញ្ញាណ​របស់យើង​ក៏​ត្រឡប់​មក​យើង​វិញ ហើយ​យើង​បាន​ថ្វាយពរ​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​សរសើរតម្កើង ហើយ​ថ្វាយសិរីរុងរឿង​ដល់​ព្រះ​ដ៏មានព្រះជន្មរស់​អស់កល្ប​ផង ដ្បិត​រាជ្យអំណាច​របស់ព្រះអង្គ​ជា​រាជ្យអំណាច​ដ៏អស់កល្ប ហើយ​អាណាចក្រ​របស់ព្រះអង្គ​នៅ​ពីជំនាន់មួយទៅជំនាន់មួយ​!

35 មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី ក៏​ត្រូវបាន​ចាត់ទុក​ដូចជា​គ្មានអ្វីសោះ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ពលបរិវារ​នៃ​ស្ថានសួគ៌ និង​នៅកណ្ដាលចំណោម​មនុស្សដែល​រស់នៅ​លើ​ផែនដី​។ គ្មាន​អ្នកណា​អាច​ទប់​ព្រះហស្ត​របស់ព្រះអង្គ ឬ​សួរ​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ធ្វើ​អ្វី​?” បាន​ឡើយ​។

36 នៅ​ពេល​នោះ​ឯង វិចារណញ្ញាណ​របស់យើង​ក៏​ត្រឡប់​មក​យើង​វិញ ហើយ​សិរីរុងរឿង​នៃ​អាណាចក្រ​របស់យើង ភាពឧត្ដុង្គឧត្ដម​របស់យើង ព្រមទាំង​ភាពថ្កុំថ្កើង​របស់យើង ក៏​ត្រឡប់​មក​យើង​វិញ​ដែរ​។ ពួក​ទីប្រឹក្សា​របស់យើង និង​ពួក​នាម៉ឺន​របស់យើង បាន​ស្វែងរក​យើង ហើយ​យើង​ត្រូវបាន​តាំងឡើង​លើ​អាណាចក្រ​របស់យើង​វិញ ក៏​មាន​អានុភាព​ដ៏ខ្លាំងក្រៃលែង​ត្រូវបាន​បន្ថែម​ដល់​យើង​ទៀត​។

37 ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម