យ៉ាកុបក៏ទៅឯឪពុករបស់គាត់ ហើយនិយាយថា៖ “លោកឪពុកអើយ!”។ អ៊ីសាកតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ! ឯងជាកូនមួយណាហ្នឹង?”។
អេសាយ 58:9 - ព្រះគម្ពីរខ្មែរសាកល បើធ្វើដូច្នេះ ពេលអ្នកស្រែកហៅ ព្រះយេហូវ៉ានឹងឆ្លើយតប ពេលអ្នកស្រែករកជំនួយ ព្រះអង្គនឹងមានបន្ទូលថា: ‘មើល៍! យើងនៅទីនេះ’។ ប្រសិនបើអ្នកដកនឹម ការចង្អុលដាក់គេ និងការពោលពាក្យទុច្ចរិត ចេញពីកណ្ដាលចំណោមអ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។ បើអ្នកស្រែកហៅព្រះអង្គ នោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា “យើងមកហើយ!”។ ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង ឈប់ចោទមួលបង្កាច់គេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានេះ បើឯងអំពាវនាវ ព្រះយេហូវ៉ាទ្រង់នឹងតបឆ្លើយ បើឯងស្រែករក នោះទ្រង់នឹងមានបន្ទូលថា អញនៅឯណេះហើយ គឺបើឯងចោលនឹមរបស់ឯងចេញ លែងជន្លកំហែង ព្រមទាំងលែងពោល ដោយកាចអាក្រក់ផង អាល់គីតាប ប្រសិនបើអ្នកស្រែកអង្វរ អុលឡោះតាអាឡានឹងស្តាប់អ្នក។ បើអ្នកស្រែកហៅទ្រង់ នោះទ្រង់នឹងមានបន្ទូលតបមកវិញថា “យើងមកហើយ!”។ ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង ឈប់ចោទមួលបង្កាច់គេ |
យ៉ាកុបក៏ទៅឯឪពុករបស់គាត់ ហើយនិយាយថា៖ “លោកឪពុកអើយ!”។ អ៊ីសាកតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ! ឯងជាកូនមួយណាហ្នឹង?”។
ខ្ញុំបានស្រែកហៅព្រះយេហូវ៉ាចេញពីការឈឺចាប់; ព្រះយេហូវ៉ាបានឆ្លើយមកខ្ញុំ ហើយដាក់ខ្ញុំនៅទីធំទូលាយ។
ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នកដែលស្រែកហៅព្រះអង្គ គឺអស់អ្នកដែលស្រែកហៅព្រះអង្គដោយសេចក្ដីពិតត្រង់។
ឥឡូវនេះ ខ្ញុំបានដឹងហើយថា ព្រះយេហូវ៉ានឹងសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ; ព្រះអង្គនឹងឆ្លើយតបនឹងព្រះរាជាពីស្ថានសួគ៌ដ៏វិសុទ្ធរបស់ព្រះអង្គ ដោយព្រះចេស្ដានៃសេចក្ដីសង្គ្រោះនៅព្រះហស្តស្ដាំរបស់ព្រះអង្គ។
ចូររីករាយក្នុងព្រះយេហូវ៉ាចុះ នោះព្រះអង្គនឹងប្រទានឲ្យអ្នកតាមសំណូមនៃចិត្តអ្នក។
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា; ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។ ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
ប្រជាជននៃស៊ីយ៉ូន ដែលរស់នៅយេរូសាឡិមអើយ អ្នកនឹងមិនយំទៀតឡើយ។ ព្រះអង្គនឹងមេត្តាដល់អ្នកជាប្រាកដចំពោះសំឡេងស្រែកយំរបស់អ្នក។ កាលណាព្រះអង្គទ្រង់ឮ ព្រះអង្គនឹងឆ្លើយមកអ្នក។
ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត!
តើអ្នករាល់គ្នាចំអកឡកឡឺយដាក់អ្នកណា? តើអ្នករាល់គ្នាហាមាត់ ហើយលៀនអណ្ដាតដាក់អ្នកណា? តើអ្នករាល់គ្នាមិនមែនជាកូននៃការបំពាន ជាពូជពង្សនៃសេចក្ដីកុហកទេឬ?
តើមិនមែនជាការតមអាហារយ៉ាងនេះទេឬ ដែលយើងជ្រើសរើសយក? គឺដោះច្រវាក់នៃសេចក្ដីអាក្រក់ ស្រាយចំណងនឹម ហើយដោះលែងអ្នកដែលត្រូវបានសង្កត់សង្កិនឲ្យមានសេរីភាព ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។
មើល៍! ព្រះហស្តរបស់ព្រះយេហូវ៉ាមិនមែនរួញខ្លីដែលសង្គ្រោះមិនបាន ហើយព្រះកាណ៌របស់ព្រះអង្គមិនធ្ងន់ដែលស្ដាប់មិនឮនោះទេ
គឺយើងខ្ញុំបានប្រព្រឹត្តការល្មើស ហើយបដិសេធព្រះយេហូវ៉ា ក៏បែរចេញពីការទៅតាមព្រះនៃយើងខ្ញុំ ហើយនិយាយអំពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងមានផ្ទៃពោះជាពាក្យភូតភរ ក៏បញ្ចេញវាពីចិត្តផង។
ពេលនោះ មុនពេលពួកគេស្រែកហៅ យើងនឹងឆ្លើយ ខណៈដែលពួកគេកំពុងតែនិយាយនៅឡើយ យើងនឹងស្ដាប់។
ខណៈដែលខ្ញុំកំពុងតែទូល និងអធិស្ឋាន ព្រមទាំងសារភាពបាបរបស់ខ្ញុំ និងបាបរបស់អ៊ីស្រាអែលប្រជាជនរបស់ខ្ញុំ ទាំងថ្វាយពាក្យទូលអង្វររបស់ខ្ញុំសម្រាប់ភ្នំដ៏វិសុទ្ធរបស់ព្រះនៃខ្ញុំ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះនៃខ្ញុំ
ដ្បិតរូបព្រះប្រចាំត្រកូលពោលសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូទាយឃើញនិមិត្តមិនពិត; ពួកគេប្រាប់យល់សប្តិឥតខ្លឹមសារ ក៏ផ្ដល់ការលួងលោមឥតប្រយោជន៍។ ហេតុនេះហើយបានជាគេដើរសាត់អណ្ដែតដូចហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល។
យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕