ទំនុកតម្កើង 50 - ព្រះគម្ពីរខ្មែរសាកលការថ្វាយបង្គំដ៏ពិតប្រាកដ បទតម្កើងរបស់អេសាភ។ 1 ព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបានមានបន្ទូល ព្រះអង្គត្រាស់ហៅផែនដី ចាប់ពីតំបន់ថ្ងៃរះ រហូតដល់តំបន់ថ្ងៃលិច។ 2 ព្រះបានបញ្ចេញពន្លឺពីស៊ីយ៉ូន ដែលជាភាពឥតខ្ចោះនៃសោភ័ណភាព។ 3 ព្រះរបស់យើងនឹងយាងមក ព្រះអង្គនឹងមិននៅស្ងៀមឡើយ; មានភ្លើងស៊ីបំផ្លាញនៅពីមុខព្រះអង្គ មានខ្យល់ព្យុះយ៉ាងខ្លាំងនៅជុំវិញព្រះអង្គ។ 4 ព្រះអង្គត្រាស់ហៅមេឃខាងលើ ក៏ត្រាស់ហៅផែនដី ដើម្បីជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ ថា៖ 5 “ចូរប្រមូលវិសុទ្ធជនរបស់យើងមកឯយើង គឺអ្នកដែលតាំងសម្ពន្ធមេត្រីជាមួយយើងដោយយញ្ញបូជា”។ 6 ផ្ទៃមេឃនឹងប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ដោយព្រោះព្រះផ្ទាល់ជាចៅក្រម។ សេឡា 7 “ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់ យើងនឹងនិយាយ! អ៊ីស្រាអែលអើយ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក! យើងជាព្រះ គឺជាព្រះរបស់អ្នក។ 8 យើងមិនស្ដីបន្ទោសអ្នកព្រោះតែយញ្ញបូជារបស់អ្នកទេ រីឯតង្វាយដុតរបស់អ្នកក៏នៅចំពោះយើងជានិច្ចដែរ។ 9 យើងនឹងមិនយកគោបាពីផ្ទះរបស់អ្នកឡើយ ក៏មិនយកពពែឈ្មោលពីក្រោលរបស់អ្នកដែរ 10 ដ្បិតអស់ទាំងសត្វព្រៃជារបស់យើង ព្រមទាំងសត្វស្រុកនៅតាមទីទួលទាំងពាន់ផង។ 11 យើងស្គាល់បក្សាបក្សីទាំងអស់ដែលនៅតាមភ្នំ ហើយសត្វនានានៅតាមទីវាលក៏ជារបស់យើងដែរ។ 12 ប្រសិនបើយើងឃ្លាន ក៏យើងមិនប្រាប់អ្នកដែរ ដ្បិតពិភពលោក និងរបស់សព្វសារពើនៅទីនោះជារបស់យើង។ 13 តើយើងហូបសាច់គោបា ឬផឹកឈាមពពែឈ្មោលឬ? 14 ចូរថ្វាយតង្វាយអរព្រះគុណដល់ព្រះ ហើយលាបំណន់ដែលអ្នកបានបន់ ដល់ព្រះដ៏ខ្ពស់បំផុតចុះ។ 15 ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។ 16 ប៉ុន្តែចំពោះមនុស្សអាក្រក់ ព្រះបានមានបន្ទូលថា៖ “តើអ្នកអាងសិទ្ធិអ្វី បានជាថ្លែងបទបញ្ញត្តិរបស់យើង ឬលើកយកសម្ពន្ធមេត្រីរបស់យើងក្នុងមាត់របស់អ្នកដូច្នេះ? 17 ពិតមែនហើយ អ្នកបានស្អប់ការប្រៀនប្រដៅ ហើយបានបោះចោលព្រះបន្ទូលរបស់យើងទៅក្រោយអ្នកដែរ។ 18 កាលណាឃើញចោរ អ្នកក៏ពេញចិត្តនឹងគេ ហើយចំណែករបស់អ្នកក៏នៅជាមួយមនុស្សផិតក្បត់ដែរ។ 19 អ្នកបានប្រគល់មាត់របស់អ្នកទៅសេចក្ដីអាក្រក់ ហើយអណ្ដាតរបស់អ្នកគ្រោងល្បិចកល។ 20 អ្នកអង្គុយនិយាយទាស់នឹងបងប្អូនរបស់អ្នក ទាំងនិយាយមួលបង្កាច់ទាស់នឹងកូនរបស់ម្ដាយអ្នកដែរ។ 21 អ្នកបានប្រព្រឹត្តការទាំងនេះ ប៉ុន្តែយើងបានរក្សាភាពស្ងៀមស្ងាត់ អ្នកបានគិតថាយើងដូចតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងនឹងស្ដីបន្ទោសអ្នក ព្រមទាំងលាតត្រដាងការទាំងនេះនៅចំពោះភ្នែករបស់អ្នក។ 22 ឥឡូវនេះ ពួកដែលភ្លេចព្រះអើយ ចូរយល់ច្បាស់នូវសេចក្ដីនេះ ក្រែងលោយើងហែកពួកអ្នកជាបំណែក ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។ 23 អ្នកដែលថ្វាយតង្វាយអរព្រះគុណ គឺលើកតម្កើងសិរីរុងរឿងដល់យើង ហើយតម្រង់ផ្លូវរបស់ខ្លួន; យើងនឹងធ្វើឲ្យអ្នកនោះឃើញសេចក្ដីសង្គ្រោះរបស់ព្រះ”៕ |