Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 27 - ព្រះគម្ពីរខ្មែរសាកល


យ៉ាកុបលួចយកពរ

1 កាល​អ៊ីសាក​ចាស់​ទៅ ហើយ​ភ្នែក​របស់គាត់​ងងឹត​មើលមិនឃើញ គាត់​ក៏​ហៅ​អេសាវ​កូនប្រុស​ច្បង​របស់គាត់​មក និយាយថា​៖ “កូន​អើយ​!” អេសាវ​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។

2 អ៊ីសាក​និយាយថា​៖ “មើល៍! ឪពុក​ចាស់​ហើយ មិន​ដឹង​ស្លាប់​ថ្ងៃ​ណា​ទេ​។

3 ដូច្នេះ​ឥឡូវនេះ ចូរ​យក​ប្រដាប់បរបាញ់​របស់ឯង គឺ​បំពង់ព្រួញ និង​ធ្នូ​របស់ឯង ហើយ​ចេញទៅ​ទីវាល បរបាញ់​រក​សាច់​សត្វ​ឲ្យ​ឪពុក​មក

4 ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​តាមដែល​ឪពុក​ចូលចិត្ត ហើយ​យកមក​ឲ្យ​ឪពុក​ហូប​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង មុនពេល​ឪពុក​ស្លាប់”។

5 កាល​អ៊ីសាក​និយាយ​នឹង​អេសាវ​កូនប្រុស​របស់គាត់ រេបិកា​ក៏​លួច​ស្ដាប់​ដែរ ដូច្នេះ​ពេល​អេសាវ​ចេញទៅ​ទីវាល​ដើម្បី​បរបាញ់​សត្វ​យកមក

6 រេបិកា​ក៏​ប្រាប់​យ៉ាកុប​កូនប្រុស​របស់នាង​ថា​៖ “មើល៍! ម្ដាយ​បាន​ឮ​ឪពុក​ឯង​និយាយ​នឹង​អេសាវ​បងប្រុស​របស់ឯង​ថា​:

7 ‘ចូរ​យក​សាច់សត្វដែលបរបាញ់បាន​នោះ​មក ហើយ​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​ចុះ ដើម្បីឲ្យ​ឪពុក​បាន​ហូប ហើយ​ឲ្យពរ​ឯង​នៅចំពោះ​ព្រះយេហូវ៉ា មុនពេល​ឪពុក​ស្លាប់’។

8 ដូច្នេះ​ឥឡូវនេះ កូន​អើយ ចូរ​ស្ដាប់តាម​សំឡេង​ដែល​ម្ដាយ​បង្គាប់​ឯង​ចុះ​——

9 ចូរ​ទៅ​ឯ​ហ្វូងសត្វ ហើយ​យក​កូន​ពពែ​ពីរ​យ៉ាងល្អ​មក​ឲ្យ​ម្ដាយ ដើម្បីឲ្យ​ម្ដាយ​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​ឯង​តាមដែល​គាត់​ចូលចិត្ត​។

10 បន្ទាប់មក ឯង​យកទៅ​ឲ្យ​ឪពុក​ឯង​ហូប​ចុះ ដើម្បីឲ្យ​គាត់​បាន​ឲ្យពរ​ឯង មុនពេល​គាត់​ស្លាប់”។

11 ប៉ុន្តែ​យ៉ាកុប​និយាយ​នឹង​រេបិកា​ម្ដាយ​របស់គាត់​ថា​៖ “មើល៍! អេសាវ​បងប្រុស​របស់ខ្ញុំ ជា​មនុស្ស​មានរោមច្រើន រីឯ​ខ្ញុំ​ជា​មនុស្ស​មានស្បែក​រលោង​។

12 ប្រសិនបើ​ឪពុក​ស្ទាប​ខ្ញុំ ខ្ញុំ​នឹង​បានដូចជា​មនុស្សបោកបញ្ឆោត​ក្នុង​ភ្នែក​របស់គាត់ ហើយ​នាំ​បណ្ដាសា​មក​លើ​ខ្លួនឯង​វិញ គឺ​មិនមែន​ពរ​ទេ”។

13 ម្ដាយ​ក៏​និយាយ​នឹង​គាត់​ថា​៖ “កូន​អើយ សូមឲ្យ​បណ្ដាសា​របស់ឯង​ធ្លាក់​មកលើ​ម្ដាយ​ចុះ​! គ្រាន់តែ​ស្ដាប់តាម​សំឡេង​របស់ម្ដាយ ហើយ​ទៅ​យក​ឲ្យ​ម្ដាយ​មក”។

14 គាត់​ក៏​ចេញទៅ យក​មក​ឲ្យ​ម្ដាយ​របស់គាត់ ហើយ​ម្ដាយ​របស់គាត់​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់​តាមដែល​ឪពុក​របស់គាត់​ចូលចិត្ត​។

15 រេបិកា​ក៏​យក​សម្លៀកបំពាក់​ដ៏ល្អ​របស់​អេសាវ​កូនប្រុស​ច្បង​របស់នាង ដែល​នៅនឹង​នាង​នៅក្នុង​ផ្ទះ មក​ស្លៀកពាក់ឲ្យ​យ៉ាកុប​កូនប្រុស​ពៅ​របស់នាង

16 ព្រមទាំង​ពាក់​ស្បែក​កូនពពែ​លើ​ដៃ​គាត់ និង​លើ​ផ្នែករលោង​នៃ​ក​គាត់​ផង

17 រួច​ប្រគល់​ម្ហូបដ៏ឆ្ងាញ់ និង​នំប៉័ង​ដែល​នាង​បាន​ធ្វើ ទៅក្នុង​ដៃ​យ៉ាកុប​កូនប្រុស​របស់នាង​។

18 យ៉ាកុប​ក៏​ទៅ​ឯ​ឪពុក​របស់គាត់ ហើយ​និយាយថា​៖ “លោកឪពុក​អើយ​!”។ អ៊ីសាក​តបថា​៖ “កូន​អើយ មើល៍! ឪពុក​នៅទីនេះ​! ឯង​ជាកូន​មួយណា​ហ្នឹង​?”។

19 យ៉ាកុប​ឆ្លើយ​នឹង​ឪពុក​របស់គាត់​ថា​៖ “ខ្ញុំ​គឺ​អេសាវ​កូនប្រុសច្បង​របស់លោកឪពុក​។ ខ្ញុំ​បាន​ធ្វើ​ដូចដែល​លោកឪពុក​បាន​ប្រាប់​ខ្ញុំ​ហើយ​។ សូម​ក្រោក​អង្គុយ ហើយ​ពិសា​សាច់សត្វដែល​ខ្ញុំ​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។

20 អ៊ីសាក​សួរ​កូនប្រុស​របស់គាត់​ថា​៖ “កូន​អើយ ម្ដេចក៏​រកបាន​ឆាប់​យ៉ាងនេះ​?”។ យ៉ាកុប​ឆ្លើយថា​៖ “ដោយព្រោះ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោកឪពុក ប្រទានឲ្យ​ខ្ញុំ​បាន​ជោគជ័យ”។

21 អ៊ីសាក​និយាយ​នឹង​យ៉ាកុប​ថា​៖ “កូន​អើយ ចូរ​ចូលមកជិត​ឲ្យ​ឪពុក​ពាល់​ឯង​មើល៍ ថាតើ​ឯង​ពិតជា​អេសាវ​កូនប្រុស​របស់ឪពុក​មែន ឬ​មិនមែន”។

22 យ៉ាកុប​ក៏​ចូលទៅជិត​អ៊ីសាក​ឪពុក​របស់គាត់​។ អ៊ីសាក​បាន​ស្ទាប​គាត់ រួច​និយាយថា​៖ “សំឡេង​ជា​សំឡេង​របស់​យ៉ាកុប ប៉ុន្តែ​ដៃ​ជា​ដៃ​របស់​អេសាវ”។

23 អ៊ីសាក​មិន​បាន​ដឹង​ថា​ជា​យ៉ាកុប​ឡើយ ពីព្រោះ​ដៃ​របស់គាត់​មានរោមច្រើន​ដូច​ដៃ​របស់​អេសាវ​បងប្រុស​គាត់ ដូច្នេះ​អ៊ីសាក​ក៏​ឲ្យពរ​គាត់​។

24 អ៊ីសាក​សួរ​ទៀត​ថា​៖ “ឯង​ពិតជា​អេសាវ​កូនប្រុស​របស់ឪពុក​មែន​ឬ​?”។ គាត់​ក៏​ឆ្លើយថា​៖ “ខ្ញុំ​មែន”។

25 អ៊ីសាក​និយាយថា​៖ “ចូរ​យក​ឲ្យ​ឪពុក​មក ឪពុក​នឹង​ហូប​សាច់សត្វដែល​កូន​បរបាញ់បាន ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង”។ យ៉ាកុប​ក៏​យកមក​ឲ្យ​គាត់​ហូប ហើយ​យក​ស្រាទំពាំងបាយជូរ​មក​ឲ្យ​គាត់​ផឹក​ដែរ​។

26 អ៊ីសាក​ឪពុក​របស់គាត់​និយាយ​នឹង​គាត់​ថា​៖ “កូន​អើយ ចូរ​ចូលមកជិត ហើយ​ថើប​ឪពុក​មក៍​!”។

27 យ៉ាកុប​ក៏​ចូលទៅជិត ហើយ​ថើប​ឪពុករបស់គាត់ នោះ​អ៊ីសាក​ធុំក្លិន​សម្លៀកបំពាក់​របស់គាត់ ក៏​ឲ្យពរ​យ៉ាកុប​ថា​៖ “មើល៍! ក្លិន​កូនប្រុស​របស់យើង​ដូច​ក្លិន​ទីវាល​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានពរ​!

28 សូមឲ្យ​ព្រះ​ប្រទាន​ទឹកសន្សើម​ពី​លើមេឃ និង​ជីជាតិ​ពី​ផែនដី​ដល់​ឯង ព្រមទាំង​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ជាបរិបូរ​ផង​។

29 សូមឲ្យ​ប្រជាជាតិ​នានា​បម្រើ​ឯង សូមឲ្យ​ជាតិសាសន៍​ទាំងឡាយ​ក្រាបចុះ​នៅចំពោះ​ឯង​; សូមឲ្យ​ឯង​បានជា​ចៅហ្វាយ​លើ​បងប្អូន​របស់ឯង សូមឲ្យ​ពួក​កូនប្រុស​របស់​ម្ដាយ​ឯង​ក្រាបចុះ​នៅចំពោះ​ឯង​។ សូមឲ្យ​អ្នកដែល​ដាក់បណ្ដាសា​ឯង ត្រូវបណ្ដាសា​វិញ​; សូមឲ្យ​អ្នកដែល​ឲ្យពរ​ឯង មានព្រះពរ​វិញ​!”។

30 កាល​អ៊ីសាក​ឲ្យពរ​យ៉ាកុប​ចប់​ហើយ ហើយ​យ៉ាកុប​ទើបតែ​បានចេញ​ពី​មុខ​អ៊ីសាក​ឪពុក​របស់គាត់​ទៅ នោះ​អេសាវ​បងប្រុស​របស់គាត់​ក៏​មក​ពី​បរបាញ់​វិញ​។

31 អេសាវ​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់ យកមក​ឲ្យ​ឪពុក​របស់គាត់​ដែរ ហើយ​និយាយ​នឹង​ឪពុក​ថា​៖ “សូម​លោកឪពុក​ក្រោកឡើង​ពិសា​សាច់សត្វដែល​កូន​របស់លោកឪពុក​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។

32 អ៊ីសាក​ឪពុក​របស់គាត់​សួរ​គាត់​ថា​៖ “តើ​ឯង​ជា​នរណា​?”។ គាត់​ក៏​ឆ្លើយថា​៖ “ខ្ញុំ​ជា​កូន​របស់លោកឪពុក គឺ​អេសាវ​កូនប្រុសច្បង​របស់លោកឪពុក​តើ”។

33 អ៊ីសាក​ក៏​ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយ​សួរថា​៖ “ចុះ​ម្នាក់ដែល​បរបាញ់​សត្វ​យកមក​ឲ្យ​ឪពុក​ជា​នរណា​? ឪពុក​បាន​ហូប​ទាំងអស់​មុនពេល​ឯង​មកដល់ ហើយ​ឪពុក​បាន​ឲ្យពរ​វា ដូច្នេះ​វា​នឹង​មានពរ​មែន”។

34 នៅពេល​អេសាវ​ឮ​ពាក្យ​របស់​ឪពុក គាត់​ក៏​ស្រែកឡើង​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ល្វីងជូរចត់​ក្រៃលែង ហើយ​និយាយ​នឹង​ឪពុក​គាត់​ថា​៖ “លោកឪពុក​អើយ សូម​ឲ្យពរ​ខ្ញុំ សូម​ឲ្យពរ​ខ្ញុំ​ដែរ​ផង​!”។

35 ប៉ុន្តែ​អ៊ីសាក​និយាយថា​៖ “ប្អូនប្រុស​របស់ឯង​បាន​មក​ដោយ​បោកបញ្ឆោត ហើយ​យក​ពរ​របស់ឯង​ទៅបាត់​ហើយ”។

36 អេសាវ​ក៏​និយាយថា​៖ “គេ​ដាក់ឈ្មោះ​វា​ថា យ៉ាកុប តើ​មិន​ត្រូវ​ទេ​ឬ​? ដ្បិត​វា​បាន​បោកបញ្ឆោត​ខ្ញុំ​ពីរដង​នេះ​ហើយ គឺ​វា​បាន​ដណ្ដើមយក​សិទ្ធិកូនច្បង​របស់ខ្ញុំ ហើយ​មើល៍! ឥឡូវនេះ​វា​ដណ្ដើមយក​ពរ​របស់ខ្ញុំ​ទៀត​!”។ រួច​គាត់​សួរថា​៖ “តើ​លោកឪពុក​មិន​បាន​បន្សល់​ពរ​ទុក​ឲ្យ​ខ្ញុំ​ទេ​ឬ​?”។

37 អ៊ីសាក​ឆ្លើយ​នឹង​អេសាវ​ថា​៖ “មើល៍! ឪពុក​បាន​តាំង​វា​ជា​ចៅហ្វាយ​លើ​ឯង ហើយ​ប្រគល់​បងប្អូន​ទាំងអស់​របស់វា​ទៅ​វា​ទុកជា​បាវបម្រើ ព្រមទាំង​បាន​ទ្រទ្រង់​វា​ដោយ​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ផង​។ កូន​អើយ ឥឡូវនេះ ឪពុក​អាច​ធ្វើ​អ្វី​សម្រាប់​ឯង​បាន​?”។

38 អេសាវ​សួរ​ឪពុក​របស់គាត់​ថា​៖ “លោកឪពុក​អើយ តើ​លោកឪពុក​មាន​ពរ​តែមួយ​ឬ​? លោកឪពុក​អើយ សូម​ឲ្យពរ​ខ្ញុំ​ដែរ​ផង​!”។ អេសាវ​ក៏​បន្លឺ​សំឡេង​ឡើង ទាំង​ទ្រហោយំ​។

39 អ៊ីសាក​ឪពុក​របស់គាត់​តប​នឹង​គាត់​ថា​៖ “មើល៍! ទីស្នាក់អាស្រ័យ​របស់ឯង​នឹង​នៅ​ឆ្ងាយពី​ជីជាតិ​នៃ​ផែនដី និង​ឆ្ងាយពី​ទឹកសន្សើម​នៃ​មេឃ​ដ៏ខ្ពស់បំផុត​។

40 ឯង​នឹង​រស់​ដោយ​ដាវ​របស់ឯង ហើយ​ឯង​នឹង​បម្រើ​ប្អូនប្រុស​របស់ឯង ប៉ុន្តែ​កាលណា​ឯង​រើបម្រះ ឯង​នឹង​បំបាក់​នឹម​របស់វា​ចេញពី​ក​របស់ឯង”។


អេសាវចងគំនុំនឹងយ៉ាកុប

41 អេសាវ​ក៏​ចងគំនុំ​នឹង​យ៉ាកុប ព្រោះតែ​ពរ​ដែល​ឪពុក​របស់គាត់​បាន​ឲ្យពរ​យ៉ាកុប​។ អេសាវ​និយាយ​នឹង​ខ្លួនឯង​ថា​៖ “ថ្ងៃ​នៃ​ការកាន់ទុក្ខ​របស់​ឪពុក​អញ​ជិតមកដល់​ហើយ ពេលនោះ​អញ​នឹង​សម្លាប់​យ៉ាកុប​ប្អូនប្រុស​របស់អញ”។

42 ប៉ុន្តែ​មាន​គេ​ជម្រាប​ពាក្យ​របស់​អេសាវ​កូនប្រុស​ច្បង​របស់​រេបិកា​ដល់​នាង នាង​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​យ៉ាកុប​កូនប្រុស​ពៅ​របស់នាង​មក ហើយ​ប្រាប់​គាត់​ថា​៖ “មើល៍! អេសាវ​បងប្រុស​របស់ឯង​កំពុង​លួង​ខ្លួនឯង ដោយរៀបគម្រោង​សម្លាប់​ឯង​ហើយ​!

43 ដូច្នេះ​កូន​អើយ ឥឡូវនេះ​ចូរ​ស្ដាប់តាម​សំឡេង​របស់ម្ដាយ​ចុះ​។ ចូរ​ក្រោកឡើង រត់គេច​ទៅឯ​ឡាបាន់​បងប្រុស​របស់ម្ដាយ​នៅ​ហារ៉ាន

44 ហើយ​រស់នៅ​ជាមួយ​គាត់​មួយរយៈ រហូតដល់​សេចក្ដីក្ដៅក្រហាយ​របស់​បងប្រុស​ឯង​បាន​បែរចេញ

45 រហូតដល់​កំហឹង​របស់​បងប្រុស​ឯង​បាន​បែរចេញ​ពី​ឯង ហើយ​វា​ភ្លេច​អ្វីដែល​ឯង​បាន​ធ្វើ​ដល់​វា នោះ​ម្ដាយ​នឹង​ចាត់​គេ​ឲ្យទៅ​យក​ឯង​ពី​ទីនោះ​មកវិញ​។ ម្ដេចក៏​ម្ដាយ​ត្រូវ​បាត់បង់​ឯង​ទាំង​ពីរ​ក្នុង​ថ្ងៃ​តែមួយ​ដូច្នេះ​?”។

46 រេបិកា​និយាយ​នឹង​អ៊ីសាក​ថា​៖ “ខ្ញុំ​ជិនឆ្អន់​នឹង​ជីវិត​ខ្ញុំ ព្រោះតែ​ពួក​កូនស្រី​ជនជាតិ​ហេត​។ បើសិន​យ៉ាកុប​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​ជនជាតិ​ហេត​ដូច​ពួកនាង គឺ​ពី​ពួក​កូនស្រី​នៃ​ទឹកដី​នេះ តើ​ជីវិត​ខ្ញុំ​មានប្រយោជន៍អ្វី​ដល់​ខ្ញុំ​?”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម