សុភាសិត 6 - ព្រះគម្ពីរខ្មែរសាកលជំពាក់ជំពិនខាងលុយកាក់ 1 កូនរបស់ខ្ញុំអើយ ប្រសិនបើអ្នកបានធានាឲ្យអ្នកជិតខាងរបស់អ្នក ប្រសិនបើអ្នកបានចាប់ដៃសន្យាឲ្យជនមិនស្គាល់ 2 ហើយអ្នកបានជាប់អន្ទាក់ដោយសម្ដីពីមាត់អ្នក ឬត្រូវបានចាប់ដោយសម្ដីពីមាត់អ្នក 3 នោះកូនរបស់ខ្ញុំអើយ ចូរធ្វើដូច្នេះ ដើម្បីរំដោះខ្លួនចេញចុះ ដ្បិតអ្នកបានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកជិតខាងរបស់អ្នកហើយ ដូច្នេះចូរទៅបន្ទាបខ្លួន ហើយអង្វរអ្នកជិតខាងរបស់អ្នកចុះ; 4 កុំផ្ដល់ដំណេកឲ្យភ្នែកអ្នក ឬផ្ដល់ការរលីវឲ្យត្របកភ្នែកអ្នកឡើយ; 5 ចូររំដោះខ្លួនចេញ ដូចឈ្លូសរួចពីដៃអ្នកប្រមាញ់ ដូចសត្វស្លាបរួចពីដៃព្រាន។ មនុស្សខ្ជិលច្រអូស 6 មនុស្សខ្ជិលច្រអូសអើយ ចូរទៅរកស្រមោចទៅ! ចូរសង្កេតមើលកិរិយារបស់វា ហើយឲ្យមានប្រាជ្ញាចុះ! 7 ទោះបីជាវាគ្មានអ្នកដឹកនាំ អ្នកត្រួតត្រា ឬមេគ្រប់គ្រងក៏ដោយ 8 ក៏វារៀបចំអាហាររបស់វាទុកនៅរដូវក្ដៅ ហើយប្រមូលស្បៀងវាទុកនៅរដូវច្រូតកាត់ដែរ។ 9 មនុស្សខ្ជិលច្រអូសអើយ តើអ្នកនឹងដេកដល់ពេលណា? តើអ្នកនឹងក្រោកពីដំណេកនៅពេលណា? 10 ដេកបន្តិច រលីវបន្តិច ឱបដៃសម្រាកបន្តិច 11 នោះភាពក្រីក្ររបស់អ្នកនឹងមកដូចជាចោរប្លន់ ហើយភាពខ្វះខាតរបស់អ្នកនឹងមកដូចជាអ្នកកាន់គ្រឿងសឹក។ មនុស្សព្យាបាទ 12 មនុស្សអប្រិយ គឺមនុស្សទុច្ចរិត ដើរចុះឡើងដោយមាត់វៀចវេរ 13 គេមិចភ្នែក ធ្វើសញ្ញាដោយជើង ហើយចង្អុលដោយម្រាមដៃ; 14 គេប៉ងធ្វើអាក្រក់ដោយមានសេចក្ដីកំហូចនៅក្នុងចិត្ត ព្រមទាំងសាបព្រោះជម្លោះគ្រប់ពេល; 15 ដូច្នេះ សេចក្ដីអន្តរាយរបស់គេនឹងមកដល់ក្នុងមួយរំពេច; គេនឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។ អ្វីដែលព្រះអម្ចាស់ទ្រង់ស្អប់ 16 មានប្រាំមួយយ៉ាងដែលព្រះយេហូវ៉ាទ្រង់ស្អប់ ក៏មានប្រាំពីរផង ដែលជាទីស្អប់ខ្ពើមដល់អង្គទ្រង់ គឺ: 17 ភ្នែកដែលឆ្មើងឆ្មៃ អណ្ដាតដែលភូតភរ ដៃដែលបង្ហូរឈាមមនុស្សឥតទោស 18 ចិត្តដែលប៉ងធ្វើផែនការទុច្ចរិត ជើងដែលឆាប់រត់ទៅរកការអាក្រក់ 19 សាក្សីភូតភរដែលបញ្ចេញពាក្យភូតភរ និងអ្នកដែលសាបព្រោះជម្លោះនៅក្នុងចំណោមបងប្អូន។ កុំផិតក្បត់ 20 កូនរបស់ខ្ញុំអើយ ចូររក្សាសេចក្ដីបង្គាប់របស់ឪពុកអ្នក ហើយកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ម្ដាយអ្នកឡើយ! 21 ចូរចងវាក្រវាត់នឹងចិត្តអ្នកជានិច្ច ហើយចងវាភ្ជាប់នឹងកអ្នក។ 22 កាលណាអ្នកដើរចុះឡើង វានឹងនាំផ្លូវអ្នក; កាលណាអ្នកដេក វានឹងថែរក្សាអ្នក; កាលណាអ្នកភ្ញាក់ឡើង វានឹងសន្ទនាជាមួយអ្នក; 23 ដ្បិតសេចក្ដីបង្គាប់ជាចង្កៀង សេចក្ដីបង្រៀនជាពន្លឺ ហើយពាក្យស្ដីបន្ទោសនៃការប្រៀនប្រដៅជាផ្លូវនៃជីវិត 24 ដើម្បីការពារអ្នកពីស្ត្រីអាក្រក់ ពីអណ្ដាតរលូនរបស់ស្រីក្រៅ។ 25 កុំលោភចង់បានសម្រស់របស់នាងក្នុងចិត្តអ្នកឡើយ ហើយក៏កុំឲ្យនាងចាប់អ្នកជាប់ដោយត្របកភ្នែករបស់នាងដែរ។ 26 ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួនរហូតដល់មានតម្លៃត្រឹមតែនំប៉័ងមួយដុំប៉ុណ្ណោះ ដោយសារតែស្រី គឺស្រីសំផឹង ហើយប្រពន្ធគេប្រមាញ់យកព្រលឹងដ៏មានតម្លៃ។ 27 តើមនុស្សអាចឱបភ្លើងនៅនឹងទ្រូង ដោយមិនឆេះសម្លៀកបំពាក់របស់ខ្លួនបានឬ? 28 តើមនុស្សអាចដើរលើរងើកភ្លើង ដោយមិនរលាកជើងរបស់ខ្លួនបានឬ? 29 អ្នកដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាងក៏ដូច្នោះដែរ; អស់អ្នកដែលប៉ះពាល់នាង នឹងមិនរួចទោសឡើយ។ 30 គេមិនមើលងាយចោរឡើយ ប្រសិនបើវាលួចដើម្បីបំពេញសេចក្ដីត្រូវការនៅពេលវាអត់ឃ្លាន; 31 ប៉ុន្តែប្រសិនបើវាត្រូវគេចាប់បាន វាត្រូវតែសងមួយជាប្រាំពីរ ទោះបីជាត្រូវប្រគល់របស់របរទាំងអស់ក្នុងផ្ទះខ្លួនក៏ដោយ។ 32 អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយស្រី គឺខ្វះវិចារណញ្ញាណ; អ្នកដែលប្រព្រឹត្តដូច្នេះ គឺបំផ្លាញព្រលឹងរបស់ខ្លួន។ 33 អ្នកនោះនឹងទទួលបានរបួស និងភាពអាប់យស ហើយសេចក្ដីអាម៉ាស់របស់អ្នកនោះនឹងលុបចេញមិនបានឡើយ។ 34 ដ្បិតសេចក្ដីប្រច័ណ្ឌជាសេចក្ដីក្ដៅក្រហាយរបស់ប្ដី ហើយនៅថ្ងៃនៃការសងសឹក គាត់នឹងមិនប្រណីឡើយ; 35 គាត់នឹងមិនក្រឡេកមើលថ្លៃលោះណាមួយឡើយ ហើយទោះបីជាបន្ថែមជំនូនឲ្យច្រើនក៏ដោយ ក៏គាត់មិនព្រមដែរ៕ |