ទំនុកតម្កើង 12 - ព្រះគម្ពីរខ្មែរសាកលព្រះអម្ចាស់ថែរក្សាមនុស្សកម្សត់ បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងសេមីនីត ។ 1 ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង! ដ្បិតលែងមានវិសុទ្ធជនហើយ មនុស្សស្មោះត្រង់ក៏បាត់ពីចំណោមមនុស្សលោកដែរ។ 2 ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។ 3 សូមព្រះយេហូវ៉ាកាត់អស់ទាំងបបូរមាត់រលូន និងអណ្ដាតដែលនិយាយព្រហើនចេញផង! 4 ពួកគេនិយាយថា៖ “យើងនឹងឈ្នះដោយអណ្ដាតរបស់យើង បបូរមាត់យើងគឺជារបស់យើងហើយ តើនរណាជាចៅហ្វាយលើយើង?”។ 5 ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។ 6 ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះបន្ទូលបរិសុទ្ធ គឺដូចជាប្រាក់ដែលត្រូវបានរំលាយក្នុងឡដី ហើយបន្សុទ្ធប្រាំពីរដង។ 7 ព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ដែលនឹងថែរក្សាពួកគេ ព្រះអង្គនឹងការពារពួកគេពីជំនាន់នេះជារៀងរហូត! 8 មនុស្សអាក្រក់ដើរគ្រប់ទីកន្លែង នៅពេលដែលអំពើថោកទាបត្រូវបានលើកតម្កើងនៅក្នុងចំណោមមនុស្សលោក៕ |