សាការី 13 - ព្រះគម្ពីរខ្មែរសាកលប្រជារាស្ត្ររបស់ព្រះត្រូវបានលាងសម្អាត 1 នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “នៅថ្ងៃនោះ នឹងមានប្រភពទឹកមួយបើកឡើងសម្រាប់វង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ដើម្បីលាងសម្អាតបាប និងភាពស្មោកគ្រោក។ 2 នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះរបស់បណ្ដារូបបដិមាករចេញពីទឹកដីនេះ ហើយគេនឹងមិននឹកចាំទៀតឡើយ។ យើងនឹងដកទាំងពួកព្យាការី និងវិញ្ញាណនៃភាពសៅហ្មងចេញពីទឹកដីនេះដែរ។ 3 ប្រសិនបើអ្នកណានៅតែព្យាករទៀត ឪពុកម្ដាយរបស់អ្នកនោះដែលបង្កើតអ្នកនោះមក នឹងនិយាយនឹងអ្នកនោះថា: ‘ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងបាននិយាយមុសាក្នុងព្រះនាមរបស់ព្រះយេហូវ៉ា’។ នោះឪពុកម្ដាយរបស់អ្នកនោះដែលបង្កើតអ្នកនោះមក នឹងចាក់ទម្លុះអ្នកនោះ នៅពេលអ្នកនោះព្យាករ។ 4 នៅថ្ងៃនោះ ព្យាការីគ្រប់គ្នានឹងអាម៉ាស់មុខចំពោះនិមិត្តរបស់ខ្លួន ក្នុងកាលដែលពួកគេព្យាករ ហើយពួកគេនឹងមិនពាក់អាវរោមសត្វដើម្បីបោកបញ្ឆោតគេទៀតឡើយ។ 5 ផ្ទុយទៅវិញ គេនឹងពោលថា: ‘ខ្ញុំមិនមែនជាព្យាការីទេ ខ្ញុំជាអ្នកធ្វើស្រែចម្ការ ដ្បិតមានមនុស្សបានលក់ខ្ញុំតាំងពីក្មេងមក’។ 6 ប្រសិនបើម្នាក់សួរគេថា: ‘តើរបួសទាំងនេះនៅចន្លោះដៃទាំងពីររបស់ឯង ជាអ្វី?’ គេនឹងឆ្លើយថា: ‘ខ្ញុំត្រូវគេវាយនៅផ្ទះមិត្តសម្លាញ់របស់ខ្ញុំ’”។ 7 នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “ដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ! ចូរប្រហារអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ! យើងនឹងបង្វែរដៃរបស់យើងទាស់នឹងចៀមតូចៗវិញ”។ 8 នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “នៅក្នុងទឹកដីនេះទាំងមូល ពីរភាគបីនឹងត្រូវបានកាត់ចេញ ហើយដាច់ដង្ហើម ប៉ុន្តែមួយភាគបីនឹងនៅសល់។ 9 យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕ |