ទំនុកតម្កើង 20 - ព្រះគម្ពីរខ្មែរសាកលអធិស្ឋានសុំព្រះឲ្យសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេក បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 សូមឲ្យព្រះយេហូវ៉ាឆ្លើយតបនឹងព្រះករុណានៅថ្ងៃនៃទុក្ខវេទនា សូមឲ្យព្រះនាមរបស់ព្រះនៃយ៉ាកុបលើកព្រះករុណាឲ្យរួចផុត។ 2 សូមឲ្យព្រះអង្គចាត់ជំនួយពីទីវិសុទ្ធមកឯព្រះករុណា ហើយទ្រទ្រង់ព្រះករុណាពីស៊ីយ៉ូន។ 3 សូមឲ្យព្រះអង្គនឹកចាំអស់ទាំងតង្វាយរបស់ព្រះករុណា ហើយទទួលតង្វាយដុតរបស់ព្រះករុណាដែរ។ សេឡា 4 សូមឲ្យព្រះអង្គប្រទានដល់ព្រះករុណាតាមបំណងចិត្តព្រះករុណា ហើយបំពេញគ្រប់ទាំងផែនការរបស់ព្រះករុណាឲ្យសម្រេច។ 5 សូមឲ្យយើងខ្ញុំបានស្រែកហ៊ោសប្បាយចំពោះសេចក្ដីសង្គ្រោះដល់ព្រះករុណា ហើយលើកទង់ជ័យឡើងនៅក្នុងព្រះនាមរបស់ព្រះនៃយើងខ្ញុំ។ សូមឲ្យព្រះយេហូវ៉ាបំពេញអស់ទាំងសំណូមរបស់ព្រះករុណាឲ្យសម្រេច។ 6 ឥឡូវនេះ ខ្ញុំបានដឹងហើយថា ព្រះយេហូវ៉ានឹងសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ; ព្រះអង្គនឹងឆ្លើយតបនឹងព្រះរាជាពីស្ថានសួគ៌ដ៏វិសុទ្ធរបស់ព្រះអង្គ ដោយព្រះចេស្ដានៃសេចក្ដីសង្គ្រោះនៅព្រះហស្តស្ដាំរបស់ព្រះអង្គ។ 7 អ្នកខ្លះទុកចិត្តលើរទេះចម្បាំង អ្នកខ្លះទុកចិត្តលើសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើង។ 8 គេបានលុតចុះ ហើយដួល រីឯយើងវិញ យើងបានក្រោកឡើង ហើយឈរត្រង់។ 9 ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង! សូមឲ្យព្រះមហាក្សត្រឆ្លើយមកយើងខ្ញុំនៅថ្ងៃដែលយើងខ្ញុំស្រែកហៅ៕ |