ទំនុកតម្កើង 118 - ព្រះគម្ពីរខ្មែរសាកលសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះនៅអស់កល្បជានិច្ច 1 ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គទ្រង់ល្អ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច! 2 ចូរឲ្យអ៊ីស្រាអែលពោលថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!”។ 3 ចូរឲ្យវង្សត្រកូលអើរ៉ុនពោលថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!”។ 4 ចូរឲ្យអ្នកដែលកោតខ្លាចព្រះយេហូវ៉ាពោលថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!”។ 5 ខ្ញុំបានស្រែកហៅព្រះយេហូវ៉ាចេញពីការឈឺចាប់; ព្រះយេហូវ៉ាបានឆ្លើយមកខ្ញុំ ហើយដាក់ខ្ញុំនៅទីធំទូលាយ។ 6 ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន? 7 ព្រះយេហូវ៉ានៅខាងខ្ញុំ ធ្វើជាអ្នកជួយដល់ខ្ញុំ ដូច្នេះខ្ញុំនឹងមើលចុះមកពួកអ្នកដែលស្អប់ខ្ញុំ។ 8 ការដែលជ្រកកោនក្នុងព្រះយេហូវ៉ា ប្រសើរជាងទុកចិត្តលើមនុស្ស 9 ការដែលជ្រកកោនក្នុងព្រះយេហូវ៉ា ប្រសើរជាងទុកចិត្តលើអភិជន។ 10 អស់ទាំងប្រជាជាតិបានព័ទ្ធជុំវិញខ្ញុំ; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ! 11 ពួកគេបានព័ទ្ធជុំវិញខ្ញុំ មែនហើយ ពួកគេបានព័ទ្ធជុំវិញខ្ញុំ; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ! 12 ពួកគេបានព័ទ្ធជុំវិញខ្ញុំដូចហ្វូងឃ្មុំ តែពួកគេបានរលត់ទៅដូចភ្លើងដែលឆេះបន្លា; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ! 13 ខ្ញុំត្រូវគេច្រានយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល ប៉ុន្តែព្រះយេហូវ៉ាបានជួយខ្ញុំ។ 14 ព្រះយេហូវ៉ាជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំ។ 15 ន៏ សំឡេងនៃការហ៊ោសប្បាយ និងជ័យជម្នះ នៅក្នុងរោងរបស់មនុស្សសុចរិត: “ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាធ្វើកិច្ចការដ៏ខ្លាំងពូកែ! 16 ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាត្រូវបានតម្កើងឡើង ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាធ្វើកិច្ចការដ៏ខ្លាំងពូកែ!”។ 17 ខ្ញុំនឹងមិនស្លាប់ឡើយ គឺខ្ញុំនឹងមានជីវិតរស់ ហើយថ្លែងកិច្ចការរបស់ព្រះយេហូវ៉ា។ 18 ព្រះយេហូវ៉ាបានវាយប្រដៅខ្ញុំយ៉ាងខ្លាំង ប៉ុន្តែព្រះអង្គមិនបានប្រគល់ខ្ញុំទៅសេចក្ដីស្លាប់ទេ។ 19 សូមបើកទ្វារនៃសេចក្ដីសុចរិតដល់ខ្ញុំផង ខ្ញុំនឹងចូលតាមទ្វារទាំងនោះ ហើយអរព្រះគុណព្រះយេហូវ៉ា។ 20 នេះជាទ្វាររបស់ព្រះយេហូវ៉ា មនុស្សសុចរិតនឹងចូលតាមទ្វារនេះ។ 21 ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំ ហើយបានជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។ 22 ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។ 23 ការនេះបានកើតឡើងពីព្រះយេហូវ៉ា ជាការអស្ចារ្យក្នុងភ្នែករបស់យើង។ 24 នេះជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងថ្ងៃនេះ។ 25 ឱព្រះយេហូវ៉ាអើយ! យើងខ្ញុំទូលអង្វរដល់ព្រះអង្គ សូមសង្គ្រោះផង! ឱព្រះយេហូវ៉ាអើយ! យើងខ្ញុំទូលអង្វរដល់ព្រះអង្គ សូមធ្វើឲ្យយើងខ្ញុំចម្រើនឡើងផង! 26 សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះយេហូវ៉ា! យើងសូមឲ្យពរអ្នករាល់គ្នាពីដំណាក់របស់ព្រះយេហូវ៉ា។ 27 ព្រះយេហូវ៉ាជាព្រះ ហើយព្រះអង្គបានចាំងមកលើយើង។ ចូរចងយញ្ញបូជានៃពិធីបុណ្យ ភ្ជាប់នឹងស្នែងអាសនាដោយខ្សែ។ 28 ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។ 29 ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គទ្រង់ល្អ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!៕ |