ហេព្រើរ 12:1 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដោយយើងមានសាក្សីជាច្រើនព័ទ្ធជុំវិញយើងដូចពពក នោះចូរឲ្យយើងដោះចោលបន្ទុកទាំងអស់ និងបាបដែលងាយរួបរឹតយើង ហើយឲ្យយើងរត់ដោយស៊ូទ្រាំក្នុងការរត់ប្រណាំងដែលដាក់នៅមុខយើង Khmer Christian Bible ដូច្នេះ ដោយសារមានសាក្សីច្រើនដូចពពកនៅជុំវិញយើងទៅហើយ ចូរយើងបោះបង់បន្ទុកទាំងឡាយ និងបាបដែលងាយនឹងរឹតរួបយើងនោះចោល ហើយត្រូវរត់ក្នុងទីប្រណាំងដែលបានរៀបនៅចំពោះមុខយើងដោយសេចក្ដីអត់ធ្មត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមព្រះអម្ចាស់ដាក់ឲ្យយើងរត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក នឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ អាល់គីតាប ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមអុលឡោះដាក់ឲ្យយើងរត់។ |
អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
បន្ទាប់មកព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ដ្បិតជីវិតរបស់មនុស្សមិនស្ថិតនៅលើភាពសម្បូរហូរហៀរនៃធនធានរបស់ខ្លួនទេ”។
ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យគាត់ដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ពួកគេផង ដើម្បីកុំឲ្យពួកគេបានមកកន្លែងទារុណកម្មនេះដែរ’។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
ព្រះអង្គទ្រង់ធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្តែគ្មានអ្នកណាទទួលយកពាក្យបន្ទាល់របស់ព្រះអង្គឡើយ។
ជនជាតិសាម៉ារីជាច្រើននៅទីក្រុងនោះបានជឿលើព្រះអង្គ ដោយសារតែពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា: “លោកប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ”។
តាមពិត ព្រះអង្គផ្ទាល់ធ្លាប់ធ្វើបន្ទាល់ថា ព្យាការីគ្មានកិត្តិយសនៅក្នុងស្រុកកំណើតរបស់ខ្លួនទេ។
ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
ចំពោះអ្នកដែលស្វែងរកសិរីរុងរឿង កិត្តិយស និងអមតភាពតាមរយៈការធ្វើល្អដោយស៊ូទ្រាំ ព្រះអង្គនឹងសងជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ
អ្នកដ៏ជាទីស្រឡាញ់អើយ ដោយហេតុនេះ ដោយយើងមានសេចក្ដីសន្យាទាំងនេះហើយ ដូច្នេះចូរជម្រះខ្លួនពីគ្រប់ទាំងសេចក្ដីសៅហ្មងខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបង្ហើយការញែកជាវិសុទ្ធក្នុងការកោតខ្លាចព្រះ។
ខ្ញុំបានឡើងទៅស្របតាមការបើកសម្ដែង ហើយរៀបរាប់ដល់ពួកគេនូវដំណឹងល្អដែលខ្ញុំប្រកាសក្នុងចំណោមសាសន៍ដទៃ។ រីឯដល់ពួកអ្នកដែលគេចាត់ទុកជាអ្នកដឹកនាំ ខ្ញុំបានរៀបរាប់ដោយឡែក ក្រែងលោការដែលខ្ញុំកំពុងរត់ ឬបានរត់រួចហើយនោះ នឹងទៅជាឥតប្រយោជន៍វិញ។
អ្នករាល់គ្នាបានរត់យ៉ាងល្អ តើនរណាបានរារាំងអ្នករាល់គ្នាមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិត?
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាបានដោះសេចក្ដីកុហកចេញហើយចូរឲ្យម្នាក់ៗនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរបស់ខ្លួន ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក។
ទាំងជួបការតយុទ្ធដូចដែលអ្នករាល់គ្នាបានឃើញខ្ញុំជួប ហើយឥឡូវនេះឮថាខ្ញុំនៅតែជួបដែរ៕
ចូរកាន់ខ្ជាប់នូវព្រះបន្ទូលនៃជីវិត ដើម្បីឲ្យខ្ញុំមានមោទនភាពនៅថ្ងៃរបស់ព្រះគ្រីស្ទ ដែលខ្ញុំមិនបានរត់ដោយឥតប្រយោជន៍ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ឡើយ។
គ្មានទាហានណាដែលជាប់ជំពាក់ក្នុងរឿងជីវភាពរស់នៅឡើយ ពីព្រោះគេចង់បំពេញចិត្តអ្នកដែលកេណ្ឌខ្លួន។
ខ្ញុំបានប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អហើយ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងហើយ ខ្ញុំបានរក្សាជំនឿជាប់ដដែល។
ដូច្នេះ ចូរដោះចោលគ្រប់ទាំងគំនិតព្យាបាទ គ្រប់ទាំងឧបាយកល ពុតត្បុត ការឈ្នានីស និងការមួលបង្កាច់ទាំងអស់
ដើម្បីបានរស់នៅ មិនមែនតាមតណ្ហារបស់មនុស្សទៀតទេ គឺតាមបំណងព្រះហឫទ័យរបស់ព្រះវិញ ក្នុងពេលដែលនៅសល់ក្នុងលោកនេះ។
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ខ្ញុំបានសរសេរដោយសង្ខេប តាមរយៈស៊ីលវ៉ានដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីជំរុញទឹកចិត្តអ្នករាល់គ្នា និងធ្វើបន្ទាល់ថា នេះជាព្រះគុណដ៏ពិតប្រាកដរបស់ព្រះ។ ដូច្នេះ ចូរឈរមាំក្នុងព្រះគុណនេះចុះ។
បន្ថែមការគ្រប់គ្រងចិត្តលើចំណេះដឹង បន្ថែមការអត់ធ្មត់លើការគ្រប់គ្រងចិត្ត បន្ថែមការគោរពព្រះលើការអត់ធ្មត់
ខ្ញុំ យ៉ូហាន ដែលជាបងប្អូនរបស់អ្នករាល់គ្នា និងជាអ្នករួមចំណែកក្នុងទុក្ខវេទនា ក្នុងអាណាចក្រ និងក្នុងការស៊ូទ្រាំ ដែលមាននៅក្នុងព្រះយេស៊ូវ ខ្ញុំបាននៅលើកោះមួយដែលហៅថាប៉ាត់ម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះ និងទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។
បើមានតម្រូវឲ្យអ្នកណាជាប់ជាឈ្លើយសឹក អ្នកនោះនឹងជាប់ជាឈ្លើយសឹក; បើមានតម្រូវឲ្យអ្នកណាត្រូវគេសម្លាប់ដោយដាវ អ្នកនោះនឹងត្រូវគេសម្លាប់ដោយដាវ។ នេះហើយ ជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់វិសុទ្ធជន។
“យើង យេស៊ូវ បានចាត់ទូត របស់យើងឲ្យមកធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះដល់អ្នករាល់គ្នា សម្រាប់ក្រុមជំនុំទាំងឡាយ។ យើងជាឫស និងជាពូជពង្សរបស់ដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច”។
ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។