Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ភីលីព 2 - ព្រះគម្ពីរខ្មែរសាកល


ការបន្ទាបខ្លួនរបស់គ្រីស្ទាន

1 ដូច្នេះ ប្រសិនបើ​មាន​ការលើកទឹកចិត្ត​ណាមួយ​ក្នុង​ព្រះ​គ្រីស្ទ មាន​ការកម្សាន្តចិត្ត​ណាមួយ​នៃ​សេចក្ដីស្រឡាញ់ មាន​ការប្រកបគ្នា​ណាមួយ​របស់​ព្រះវិញ្ញាណ ឬ​មាន​ចិត្តស្រឡាញ់ និង​សេចក្ដីមេត្តាករុណា​ណាមួយ

2 នោះ​ចូរ​អ្នករាល់គ្នា​មានចិត្តតែមួយ ដោយ​មាន​សេចក្ដីស្រឡាញ់​តែមួយ វិញ្ញាណតែមួយ និង​គំនិត​តែមួយ ដើម្បី​បំពេញ​អំណរ​របស់ខ្ញុំ​។

3 កុំ​ធ្វើ​អ្វី​ដោយ​ចិត្តទាស់ទែង ឬ​ដោយ​ចិត្តចង់បានកិត្តិយសឥតប្រយោជន៍​ឡើយ ផ្ទុយទៅវិញ ចូរ​ចាត់ទុក​អ្នកដទៃ​ថា​ប្រសើរជាង​ខ្លួន ដោយ​បន្ទាបខ្លួន​ចុះ​។

4 កុំឲ្យ​ម្នាក់ៗ​ផ្ដោតចិត្ត​លើ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ គឺ​ឲ្យ​ម្នាក់ៗ​ផ្ដោតចិត្ត​លើ​ប្រយោជន៍​សម្រាប់​អ្នកដទៃ​វិញ​។


គំរូរបស់ព្រះគ្រីស្ទ

5 ចូរឲ្យ​មានគំនិត​ដូច្នេះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដ្បិត​នេះ​ជា​គំនិត​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែរ​។

6 ទោះបីជា​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏ដោយ ក៏​ព្រះអង្គ​មិន​បាន​ចាត់ទុកថា​ភាព​ស្មើ​នឹង​ព្រះ​ជា​អ្វីដែលត្រូវកាន់ជាប់រហូត​នោះ​ឡើយ

7 ផ្ទុយទៅវិញ ព្រះអង្គ​បាន​ធ្វើឲ្យ​អង្គទ្រង់​ទៅជាឥតតម្លៃ ដោយ​យក​សណ្ឋាន​ជា​បាវបម្រើ ហើយ​ប្រសូត​ក្នុង​សណ្ឋានដូច​មនុស្ស គឺ​ក្នុង​រូបរាង​ដែល​មើលទៅ​ដូច​មនុស្ស​។

8 ព្រះអង្គ​បាន​បន្ទាប​អង្គទ្រង់​ដោយ​ស្ដាប់បង្គាប់​រហូតដល់​មរណភាព គឺ​សូម្បីតែ​មរណភាព​នៅលើ​ឈើឆ្កាង​‍!

9 ហេតុនេះហើយបានជា​ព្រះ​លើកតម្កើង​ព្រះអង្គ ហើយ​ប្រទាន​ព្រះនាម​លើ​អស់ទាំង​នាម​ដល់​ព្រះអង្គ

10 ដើម្បីឲ្យ​គ្រប់ទាំង​ជង្គង់​នៅ​លើមេឃ នៅលើផែនដី និង​នៅក្រោមផែនដី លុតចុះ​ដោយសារតែ​ព្រះនាម​ព្រះយេស៊ូវ

11 ហើយ​គ្រប់ទាំង​អណ្ដាត​សារភាព​ថា​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអម្ចាស់ ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះដែលជាព្រះបិតា​។


ធ្វើជាប្រភពពន្លឺក្នុងពិភពលោក

12 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរ​បន្ត​អនុវត្ត​សេចក្ដីសង្គ្រោះ​របស់​អ្នករាល់គ្នា​ដោយ​ការកោតខ្លាច និង​ការញ័ររន្ធត់ ដូចដែល​អ្នករាល់គ្នា​បាន​ស្ដាប់បង្គាប់​រហូតមក មិនគ្រាន់តែ​នៅពេល​ដែល​ខ្ញុំ​នៅជាមួយ​ប៉ុណ្ណោះទេ គឺ​នៅពេល​ឥឡូវនេះ​ដែល​ខ្ញុំ​មិននៅជាមួយ ក៏​ចូរ​ខំប្រឹង​ស្ដាប់បង្គាប់​កាន់តែខ្លាំងឡើង​ចុះ

13 ដ្បិត​គឺ​ព្រះ ដែល​ធ្វើសកម្មភាព​ក្នុង​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ទាំង​មានបំណង និង​ទាំង​ប្រព្រឹត្ត​តាម​បំណងព្រះហឫទ័យល្អ​របស់​ព្រះអង្គ​។

14 ចូរ​ធ្វើ​គ្រប់ការទាំងអស់​ដោយគ្មាន​ការរអ៊ូរទាំ ឬ​ការប្រកែក

15 ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​ឥតបន្ទោសបាន និង​ស្លូតត្រង់ ជា​កូន​ឥតសៅហ្មង​របស់​ព្រះ​នៅ​កណ្ដាលចំណោម​ជំនាន់​វៀចវេរ និង​ខូចសីលធម៌​នេះ ដែល​នៅកណ្ដាលចំណោម​ពួកគេ អ្នករាល់គ្នា​បញ្ចេញពន្លឺ ជា​ប្រភពពន្លឺ​ក្នុង​ពិភពលោក​។

16 ចូរ​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នៃ​ជីវិត ដើម្បីឲ្យ​ខ្ញុំ​មាន​មោទនភាព​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ ដែល​ខ្ញុំ​មិន​បាន​រត់​ដោយឥតប្រយោជន៍ ឬ​ធ្វើការនឿយហត់​ដោយឥតប្រយោជន៍​ឡើយ​។

17 ប៉ុន្តែ​ទោះបីជា​ខ្ញុំ​ត្រូវបាន​ច្រូចចេញជាតង្វាយច្រូច លើ​យញ្ញបូជា​និង​ការបម្រើ នៃ​ជំនឿ​របស់អ្នករាល់គ្នា​ក៏ដោយ ក៏​ខ្ញុំ​អរសប្បាយ ហើយ​អបអរជាមួយ​អ្នកទាំងអស់គ្នា​ដែរ​។

18 ដូចគ្នា​ដែរ ចូរ​អ្នករាល់គ្នា​អរសប្បាយ ហើយ​អបអរជាមួយ​ខ្ញុំ​ចុះ​។


ធីម៉ូថេ និងអេប៉ាប្រូឌីត

19 ខ្ញុំ​សង្ឃឹម​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា​នឹង​ចាត់​ធីម៉ូថេ​ឲ្យមក​រក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ដើម្បី​ឲ្យ​ខ្ញុំ​បាន​សប្បាយចិត្តឡើង​ដែរ ពេល​ទទួលដំណឹង​អំពី​អ្នករាល់គ្នា​។

20 ជាការពិត ខ្ញុំ​គ្មានអ្នកណាទៀត​ដែល​មានចិត្តតែមួយ ដែល​នឹង​យកចិត្តទុកដាក់​ចំពោះ​អ្នករាល់គ្នា​ពិតប្រាកដ​ឡើយ

21 ដ្បិត​មនុស្ស​ទាំងអស់​តែងតែ​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន មិនមែន​ប្រយោជន៍​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ​។

22 ប៉ុន្តែ​អ្នករាល់គ្នា​ស្គាល់​អត្តចរិតដែលត្រូវបានពិសោធ​របស់​ធីម៉ូថេ​ហើយ ថា​គាត់​បាន​បម្រើ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ដូចជា​កូន​បម្រើ​ឪពុក​។

23 ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​ឲ្យមក​ភ្លាម កាលណា​ខ្ញុំ​ដឹង​ថានឹងទៅជាយ៉ាងណា​ចំពោះ​ខ្ញុំ​។

24 យ៉ាងណាមិញ ខ្ញុំ​ជឿជាក់​នៅក្នុង​ព្រះអម្ចាស់​ថា ខ្លួនខ្ញុំ​ក៏​នឹង​មក​ក្នុងពេលឆាប់ៗ​ដែរ​។

25 ខ្ញុំ​យល់ឃើញថា ត្រូវតែ​ចាត់​អេប៉ាប្រូឌីត​ឲ្យមក​រក​អ្នករាល់គ្នា គាត់​ជា​បងប្អូន ជា​អ្នករួមការងារ និង​ជា​អ្នករួមប្រយុទ្ធ​ជាមួយខ្ញុំ ទាំង​ជា​អ្នកនាំសារ​របស់អ្នករាល់គ្នា និង​ជា​អ្នកផ្គត់ផ្គង់​តម្រូវការ​របស់ខ្ញុំ​។

26 ព្រោះថា​គាត់​នឹករលឹក​អ្នក​ទាំងអស់គ្នា ព្រមទាំង​ពិបាកចិត្តយ៉ាងខ្លាំង​ដោយព្រោះ​អ្នករាល់គ្នា​បាន​ឮ​ថា​គាត់​ឈឺ​។

27 ជាការពិត គាត់​បាន​ឈឺ​ស្ទើរតែ​ស្លាប់ ប៉ុន្តែ​ព្រះ​ទ្រង់​មេត្តាករុណា​ដល់​គាត់ ហើយ​មិនគ្រាន់តែ​ដល់​គាត់​ប៉ុណ្ណោះទេ គឺ​ដល់​ខ្ញុំ​ដែរ ដើម្បីកុំឲ្យ​ខ្ញុំ​មាន​ទុក្ខព្រួយ​ថែមលើ​ទុក្ខព្រួយ​ឡើយ​។

28 ដូច្នេះ ខ្ញុំ​ខ្នះខ្នែងកាន់តែខ្លាំង​នឹង​ចាត់​គាត់​ឲ្យមក ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​អរសប្បាយ​នៅពេល​ជួប​គាត់​ម្ដងទៀត ហើយ​ឲ្យ​ខ្ញុំ​បាន​ឈប់ព្រួយចិត្ត​ដែរ​។

29 ដោយហេតុនេះ សូម​ទទួល​គាត់​ក្នុង​ព្រះអម្ចាស់​ដោយ​គ្រប់ទាំង​អំណរ ហើយ​ឲ្យតម្លៃ​មនុស្ស​បែបនេះ​ចុះ

30 ដ្បិត​គាត់​ស្ទើរតែនឹងស្លាប់​ដោយសារតែ​កិច្ចការ​របស់​ព្រះ​គ្រីស្ទ ដោយ​បាន​ប្រថុយជីវិត ដើម្បី​បំពេញ​ភាពខ្វះខាត​ក្នុង​ការបម្រើ​របស់អ្នករាល់គ្នា​ដល់​ខ្ញុំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម