លូកា 16 - ព្រះគម្ពីរខ្មែរសាកលពាក្យឧបមាអំពីអ្នកគ្រប់គ្រងមិនស្មោះត្រង់ 1 ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សទៀតថា៖“សេដ្ឋីម្នាក់មានអ្នកគ្រប់គ្រង អ្នកគ្រប់គ្រងនោះត្រូវគេប្ដឹងថា គាត់ចាយបង្ហិនធនធានរបស់ចៅហ្វាយគាត់។ 2 សេដ្ឋីក៏ហៅអ្នកគ្រប់គ្រងនោះមក និយាយថា: ‘រឿងនេះដែលខ្ញុំបានឮអំពីអ្នកជាអ្វី? ចូររៀបចំរបាយការណ៍អំពីការគ្រប់គ្រងរបស់អ្នកមក ពីព្រោះអ្នកមិនអាចធ្វើជាអ្នកគ្រប់គ្រងបន្តទៀតបានទេ’។ 3 “អ្នកគ្រប់គ្រងនោះក៏និយាយក្នុងចិត្តថា: ‘ចៅហ្វាយរបស់អញចង់ដកយកមុខងារជាអ្នកគ្រប់គ្រងចេញពីអញហើយ តើអញគួរធ្វើដូចម្ដេច? អញគ្មានកម្លាំងទៅជីកដីឡើយ ហើយទៅសុំទានក៏ខ្មាសគេដែរ។ 4 អញដឹងហើយថា គួរធ្វើដូចម្ដេច ដើម្បីឲ្យគេបានទទួលអញទៅក្នុងផ្ទះរបស់គេ កាលណាអញត្រូវបានដកចេញពីមុខងារជាអ្នកគ្រប់គ្រង’។ 5 “បន្ទាប់មក គាត់ហៅកូនបំណុលរបស់ចៅហ្វាយខ្លួនមកម្នាក់ម្ដងៗ ហើយសួរអ្នកទីមួយថា: ‘តើអ្នកជំពាក់ចៅហ្វាយរបស់ខ្ញុំប៉ុន្មាន?’។ 6 “អ្នកនោះឆ្លើយថា: ‘ប្រេងអូលីវមួយរយប៉ោត ’។ “អ្នកគ្រប់គ្រងក៏ប្រាប់អ្នកនោះថា: ‘យកលិខិតបញ្ជាក់របស់អ្នកទៅអង្គុយសរសេរដាក់ហាសិបវិញ ជាប្រញាប់ទៅ’។ 7 “គាត់សួរម្នាក់ទៀតថា: ‘ចុះអ្នកវិញ តើអ្នកជំពាក់ប៉ុន្មានដែរ?’។ “អ្នកនោះឆ្លើយថា: ‘ស្រូវសាលីមួយរយហាប ’។ “អ្នកគ្រប់គ្រងក៏ប្រាប់អ្នកនោះថា: ‘យកលិខិតបញ្ជាក់របស់អ្នកទៅសរសេរដាក់ប៉ែតសិបវិញទៅ’។ 8 “រីឯចៅហ្វាយក៏សរសើរអ្នកគ្រប់គ្រងទុច្ចរិតនោះ ដោយសារគាត់បានប្រព្រឹត្តយ៉ាងឆ្លៀវឆ្លាត។ ដ្បិតកូនចៅនៃលោកីយ៍នេះឈ្លាសវៃក្នុងជំនាន់របស់គេ ជាងកូនចៅនៃពន្លឺទៅទៀត។ 9 ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរបង្កើតមិត្តភក្ដិសម្រាប់ខ្លួនឯងពីទ្រព្យសម្បត្តិដ៏ទុច្ចរិតចុះ ដើម្បីឲ្យគេបានទទួលអ្នករាល់គ្នាទៅក្នុងលំនៅដ៏អស់កល្បជានិច្ច កាលណាទ្រព្យសម្បត្តិនោះរលាយសូន្យទៅ។ 10 អ្នកដែលស្មោះត្រង់នឹងការតូចបំផុត ក៏ស្មោះត្រង់នឹងការជាច្រើន ហើយអ្នកដែលទុច្ចរិតនឹងការតូចបំផុត ក៏ទុច្ចរិតនឹងការជាច្រើនដែរ។ 11 ដូច្នេះ ប្រសិនបើអ្នករាល់គ្នាមិនបានស្មោះត្រង់នឹងទ្រព្យសម្បត្តិដ៏ទុច្ចរិតផង តើនរណានឹងផ្ទុកផ្ដាក់ទ្រព្យសម្បត្តិពិតនឹងអ្នករាល់គ្នា? 12 ហើយប្រសិនបើអ្នករាល់គ្នាមិនបានស្មោះត្រង់នឹងទ្រព្យសម្បត្តិរបស់អ្នកដទៃផង តើនរណានឹងឲ្យអ្នករាល់គ្នានូវទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា? 13 គ្មានអ្នកបម្រើណាអាចបម្រើចៅហ្វាយពីរនាក់បានទេ ដ្បិតគេនឹងស្អប់ម្នាក់ ហើយស្រឡាញ់ម្នាក់ទៀត ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀត។ អ្នករាល់គ្នាមិនអាចបម្រើព្រះផង បម្រើទ្រព្យសម្បត្តិផងបានឡើយ”។ គុណតម្លៃនៃអាណាចក្ររបស់ព្រះ 14 នៅពេលពួកផារិស៊ីជាអ្នកស្រឡាញ់លុយបានឮសេចក្ដីទាំងអស់នេះ ពួកគេក៏សើចចំអកដាក់ព្រះយេស៊ូវ។ 15 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាជាអ្នកដែលបង្ហាញថាខ្លួនសុចរិតនៅមុខមនុស្ស ប៉ុន្តែព្រះទ្រង់ជ្រាបចិត្តរបស់អ្នករាល់គ្នា។ ជាការពិត អ្វីដែលរាប់ថាល្អប្រសើរក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះ។ 16 “ក្រឹត្យវិន័យ និងគម្ពីរព្យាការីមានត្រឹមយ៉ូហាន។ តាំងពីពេលនោះមក អាណាចក្ររបស់ព្រះត្រូវបានផ្សព្វផ្សាយ ហើយមនុស្សទាំងអស់កំពុងខំប្រឹងប្រជ្រៀតចូលទៅទីនោះ។ 17 ការដែលផ្ទៃមេឃ និងផែនដីផុតទៅ នោះងាយជាងបាត់បន្តក់មួយក្នុងក្រឹត្យវិន័យទៅទៀត! 18 “អស់អ្នកដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងប្រព្រឹត្តអំពើផិតក្បត់ហើយ រីឯអ្នកដែលរៀបការជាមួយស្ត្រីប្ដីលែង អ្នកនោះក៏កំពុងប្រព្រឹត្តអំពើផិតក្បត់ដែរ។ សេដ្ឋី និងឡាសារ 19 “មានសេដ្ឋីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រណាត់ផាឌិបដ៏ប្រណិត ហើយជប់លៀងយ៉ាងហ៊ឹកហ៊ាក់ជារៀងរាល់ថ្ងៃ 20 ក៏មានអ្នកក្រម្នាក់ឈ្មោះឡាសារ ដែលកើតដំបៅពេញខ្លួន ត្រូវគេផ្ដេកនៅមាត់ទ្វាររបស់សេដ្ឋីនោះ។ 21 គាត់តែងតែប្រាថ្នាចង់ចម្អែតពោះដោយកម្ទេចអាហារដែលជ្រុះពីតុអាហាររបស់សេដ្ឋីនោះណាស់ ហើយសូម្បីតែឆ្កែក៏មកលិទ្ធដំបៅរបស់គាត់ដែរ។ 22 ក្រោយមក អ្នកក្រនោះបានស្លាប់ទៅ ហើយគាត់ត្រូវបណ្ដាទូតសួគ៌យកទៅឯដើមទ្រូងរបស់អ័ប្រាហាំ។ ចំណែកឯសេដ្ឋីនោះក៏ស្លាប់ទៅដែរ ហើយគាត់ត្រូវគេបញ្ចុះ។ 23 នៅក្នុងស្ថានមនុស្សស្លាប់ ពេលសេដ្ឋីនោះកំពុងរងទារុណកម្ម គាត់ក៏ងើបភ្នែកឡើងឃើញអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅនឹងដើមទ្រូងលោក។ 24 គាត់ក៏ស្រែកឡើងថា: ‘លោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង! សូមឲ្យឡាសារមក ជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយដាក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ផង ដ្បិតខ្ញុំកំពុងរងទុក្ខវេទនាក្នុងអណ្ដាតភ្លើងនេះ!’។ 25 “ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘កូនអើយ ចូរនឹកចាំថា នៅក្នុងជីវិតរបស់កូន កូនទទួលបានសុភមង្គលយ៉ាងណា ហើយឡាសារបានរងទុក្ខយ៉ាងណា។ ប៉ុន្តែឥឡូវនេះ គាត់កំពុងទទួលការកម្សាន្តចិត្តនៅទីនេះ រីឯកូនវិញ កូនកំពុងរងទុក្ខវេទនា។ 26 ក្រៅពីការទាំងអស់នេះ មានជ្រោះជ្រៅដ៏ធំត្រូវបានដាក់រវាងយើង និងអ្នករាល់គ្នា ដូច្នេះអ្នកដែលចង់ឆ្លងពីទីនេះទៅរកអ្នករាល់គ្នា ទៅមិនបានឡើយ ហើយឆ្លងពីទីនោះមករកយើង ក៏មកមិនបានដែរ’។ 27 “សេដ្ឋីនោះក៏និយាយថា: ‘លោកឪពុកអើយ បើដូច្នេះ សូមលោកចាត់ឡាសារឲ្យទៅឯផ្ទះឪពុករបស់ខ្ញុំផង 28 ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យគាត់ដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ពួកគេផង ដើម្បីកុំឲ្យពួកគេបានមកកន្លែងទារុណកម្មនេះដែរ’។ 29 “ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘បងប្អូនរបស់អ្នកមានម៉ូសេ និងបណ្ដាព្យាការីហើយ ចូរឲ្យពួកគេស្ដាប់តាមលោកទាំងនោះចុះ’។ 30 “សេដ្ឋីនោះក៏និយាយថា: ‘ទេ លោកឪពុកអ័ប្រាហាំអើយ! បើសិនមានអ្នកណាម្នាក់ពីចំណោមមនុស្សស្លាប់ទៅជួបពួកគេ ពួកគេមុខជាកែប្រែចិត្តមិនខាន’។ 31 “ប៉ុន្តែអ័ប្រាហាំតបនឹងគាត់ថា: ‘បើសិនពួកគេមិនស្ដាប់តាមម៉ូសេ និងបណ្ដាព្យាការីនោះទេ ទោះបីជាមានអ្នកណាបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់ក៏ដោយ ក៏នៅតែបញ្ចុះបញ្ចូលពួកគេមិនបានដែរ’”៕ |