ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
កូឡុស 1:27 - ព្រះគម្ពីរខ្មែរសាកល ព្រះសព្វព្រះហឫទ័យឲ្យពួកវិសុទ្ធជនដឹងក្នុងចំណោមសាសន៍ដទៃថា ភាពបរិបូរនៃសិរីរុងរឿងរបស់អាថ៌កំបាំងនោះជាយ៉ាងណា; អាថ៌កំបាំងនោះគឺព្រះគ្រីស្ទដែលគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីរុងរឿង! Khmer Christian Bible ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រិស្តគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បានសព្វព្រះហឫទ័យ នឹងសំដែងឲ្យពួកបរិសុទ្ធនោះដឹងថា សិរីល្អដ៏បរិបូររបស់សេចក្ដីអាថ៌កំបាំងនេះជាយ៉ាងណា ក្នុងពួកសាសន៍ដទៃ គឺថា ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម អាល់គីតាប អុលឡោះគាប់ចិត្តឲ្យប្រជាជនដ៏បរិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន គាត់ប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់គាត់។ |
ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
ហើយក៏គ្មានអ្នកណាអាចនិយាយថា: ‘មើល៍! នៅទីនេះ!’ ឬថា: ‘នៅទីនោះ!’ បានដែរ។ ដ្បិតមើល៍! អាណាចក្ររបស់ព្រះស្ថិតនៅក្នុងចំណោមអ្នករាល់គ្នានេះឯង”។
ព្រះអង្គនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលពិភពលោកមិនអាចទទួលបានឡើយ ពីព្រោះពិភពលោកមិនឃើញព្រះអង្គ ហើយក៏មិនស្គាល់ព្រះអង្គដែរ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ពីព្រោះព្រះអង្គស្ថិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់នៅក្នុងអ្នករាល់គ្នា។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ រីឯខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។
ទូលបង្គំបានឲ្យពួកគេស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយនឹងឲ្យស្គាល់ទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំបាននៅក្នុងពួកគេ ហើយទូលបង្គំក៏នៅក្នុងពួកគេដែរ”៕
អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ ស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និងចំណេះរបស់ព្រះជ្រាលជ្រៅណាស់ហ្ន៎! ការសម្រេចរបស់ព្រះអង្គស្វែងយល់ម្ដេចបាន! មាគ៌ារបស់ព្រះអង្គវាស់ស្ទង់ម្ដេចបាន!
ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ?
តាមរយៈព្រះអង្គ និងដោយសារតែជំនឿ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។
ផ្ទុយទៅវិញ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះបីជារូបកាយស្លាប់ដោយសារតែបាបក៏ដោយ ក៏វិញ្ញាណមានជីវិតដោយសារតែសេចក្ដីសុចរិត។
មួយវិញទៀត ចុះបើការនេះគឺដើម្បីបើកឲ្យស្គាល់នូវភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ ចំពោះភាជនៈនៃសេចក្ដីមេត្តានោះដែលព្រះអង្គបានរៀបចំទុកមុនសម្រាប់សិរីរុងរឿងទៅហើយ តើយ៉ាងណាទៅ!
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយព្រះវិញ្ញាណរបស់ព្រះស្ថិតនៅក្នុងអ្នករាល់គ្នា?
ប៉ុន្តែសូមអរព្រះគុណដល់ព្រះ! ព្រះអង្គតែងតែនាំយើងឲ្យមានជ័យជម្នះក្នុងព្រះគ្រីស្ទ ហើយសាយក្លិនក្រអូបនៃចំណេះដឹងអំពីព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង។
ដ្បិតទុក្ខវេទនាដ៏ស្រាលៗតែមួយភ្លែតរបស់យើងនេះ កំពុងនាំមកដល់យើងនូវសិរីរុងរឿងដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ។
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
តើមានការត្រូវគ្នាអ្វីរវាងព្រះវិហាររបស់ព្រះ និងរូបបដិមាករ? ដ្បិតយើងហើយ ជាព្រះវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចដែលព្រះបានមានបន្ទូលថា៖ “យើងនឹងស្ថិតនៅក្នុងចំណោមពួកគេ ហើយដើរចុះឡើងក្នុងចំណោមពួកគេ; យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង”។
ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។
កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំកំពុងឈឺពោះឆ្លងទន្លេម្ដងទៀតដើម្បីអ្នករាល់គ្នា រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា!
នៅក្នុងព្រះអង្គ យើងមានការប្រោសលោះ គឺការលើកលែងទោសការបំពាន ដោយព្រះលោហិតរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃព្រះគុណរបស់ព្រះអង្គ
នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏ត្រូវបានសាងសង់ជាមួយគ្នា ទៅជាដំណាក់របស់ព្រះក្នុងព្រះវិញ្ញាណដែរ៕
ព្រះរបស់ខ្ញុំនឹងបំពេញគ្រប់ទាំងតម្រូវការរបស់អ្នករាល់គ្នា ស្របតាមភាពបរិបូររបស់ព្រះអង្គដែលប្រកបដោយសិរីរុងរឿងក្នុងព្រះគ្រីស្ទយេស៊ូវ។
ជំនឿ និងសេចក្ដីស្រឡាញ់នេះ មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
ក្នុងនេះគ្មានជនជាតិក្រិក និងជនជាតិយូដា គ្មានអ្នកដែលទទួលពិធីកាត់ស្បែក និងអ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មានជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និងមនុស្សមានសេរីភាពឡើយ គឺព្រះគ្រីស្ទជាគ្រប់ការទាំងអស់ ហើយនៅក្នុងគ្រប់ការទាំងអស់។
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ ស្របតាមបទបញ្ជារបស់ព្រះដែលជាព្រះសង្គ្រោះនៃយើង និងរបស់ព្រះគ្រីស្ទយេស៊ូវដែលជាសេចក្ដីសង្ឃឹមរបស់យើង
សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន
កូនរាល់គ្នាអើយ អ្នករាល់គ្នាជារបស់ព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងអ្នកដែលនៅក្នុងពិភពលោក។
មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ។ ប្រសិនបើអ្នកណាឮសំឡេងរបស់យើង ហើយបើកទ្វារ នោះយើងនឹងចូលទៅឯអ្នកនោះ ហើយហូបជាមួយអ្នកនោះ ហើយអ្នកនោះក៏ហូបជាមួយយើងដែរ។