Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ កូរិន‌ថូស 3 - ព្រះគម្ពីរខ្មែរសាកល


បញ្ហាអំពីការឈ្នានីស និងការឈ្លោះប្រកែក

1 បងប្អូន​អើយ ខ្ញុំ​មិនអាច​និយាយ​នឹង​អ្នករាល់គ្នា ដូច​និយាយ​នឹង​មនុស្ស​ខាងវិញ្ញាណ​បានឡើយ ប៉ុន្តែ​ដូច​មនុស្ស​ខាងសាច់ឈាម​វិញ គឺ​ដូច​និយាយ​នឹង​កូនក្មេង​នៅក្នុង​ព្រះ​គ្រីស្ទ​។

2 ខ្ញុំ​បាន​ឲ្យអាហារ​ដល់​អ្នករាល់គ្នា​ជា​ទឹកដោះ មិនមែន​ជា​អាហាររឹង​ទេ ដោយសារ​អ្នករាល់គ្នា​មិនទាន់​អាច​ទទួល​បាន ហើយ​ឥឡូវនេះ​ក៏​នៅតែ​មិន​អាច​ដែរ

3 ពីព្រោះ​អ្នករាល់គ្នា​នៅតែ​នៅ​ខាងសាច់ឈាម​នៅឡើយ​។ ដ្បិត​ប្រសិនបើ​មាន​ការឈ្នានីស និង​ការឈ្លោះប្រកែក​ក្នុងចំណោម​អ្នករាល់គ្នា តើ​អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម ហើយ​ដើរតាម​របៀប​មនុស្ស​ទេ​ឬ​?

4 ដ្បិត​កាល​ម្នាក់​និយាយថា​៖ “ខ្ញុំ​កាន់ខាង​ប៉ូល” ហើយ​ម្នាក់ទៀត​ថា​៖ “ខ្ញុំ​កាន់ខាង​អ័ប៉ុឡូស” នោះ​តើ​អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម​ទេ​ឬ​?


តួនាទីរបស់អ្នកបម្រើព្រះ

5 ចុះ​អ័ប៉ុឡូស​ជា​អ្វី? ហើយ​ប៉ូល​ជា​អ្វី? ជា​អ្នកបម្រើ​ដែល​អ្នករាល់គ្នា​បាន​ជឿ​តាមរយៈ​ពួកគេ តាមដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​ប៉ុណ្ណោះ​។

6 ខ្ញុំ​បាន​ដាំ អ័ប៉ុឡូស​បាន​ស្រោចទឹក ប៉ុន្តែ​ព្រះ​បាន​ធ្វើឲ្យដុះឡើង​។

7 ដូច្នេះ ទាំង​អ្នកដាំ និង​អ្នកស្រោចទឹក​មិនមែនជាអ្វីទេ មានតែ​ព្រះ​ដែល​ធ្វើឲ្យដុះឡើង​ទេ ដែលសំខាន់​។

8 រីឯ​អ្នកដាំ និង​អ្នកស្រោចទឹក​គឺ​ដូចគ្នា ហើយ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ពលកម្ម​របស់ខ្លួន​។

9 ជាការពិត យើង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​។ អ្នករាល់គ្នា​ជា​ស្រែ​របស់​ព្រះ និង​ជា​អគារ​របស់​ព្រះ​។

10 ខ្ញុំ​បាន​ចាក់​គ្រឹះ​ដូចជា​មេជាងសំណង់​ដែល​មានប្រាជ្ញា ស្របតាម​ព្រះគុណ​របស់​ព្រះ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ក្រោយមក​មាន​ម្នាក់ទៀត​សាងសង់ពីលើ​; ប៉ុន្តែ​ចូរឲ្យ​ម្នាក់ៗ​ប្រុងប្រយ័ត្ន​នឹង​របៀប​ដែល​សាងសង់ពីលើ​នោះ​ចុះ

11 ដ្បិត​គ្មានអ្នកណា​អាច​ចាក់​គ្រឹះ​ផ្សេងទៀត​បាន​ឡើយ ក្រៅពី​គ្រឹះ​ដែល​ចាក់​រួចហើយ គឺ​ជា​ព្រះយេស៊ូវ​គ្រីស្ទ។

12 ប្រសិនបើ​អ្នកណា​សាងសង់ពីលើ​គ្រឹះ​នោះ​ដោយ​មាស ប្រាក់ ត្បូង​ដ៏មានតម្លៃ ឈើ ចំបើង ឬ​ស្បូវ

13 នោះ​កិច្ចការ​របស់​ម្នាក់ៗ​នឹង​ជាក់ច្បាស់ ដ្បិត​ថ្ងៃ​នោះ​នឹង​ធ្វើឲ្យច្បាស់ គឺ​សម្ដែងឲ្យឃើញ​ដោយ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ពិសោធ​កិច្ចការ​របស់​ម្នាក់ៗ​ថា​ជា​យ៉ាងណា​។

14 ប្រសិនបើ​កិច្ចការ​របស់​អ្នកណា​ដែល​សាងសង់ពីលើ​នោះ​នៅស្ថិតស្ថេរ អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​;

15 ប្រសិនបើ​កិច្ចការ​របស់​អ្នកណា​ត្រូវ​ឆេះអស់ អ្នកនោះ​នឹង​ខាតបង់ រីឯ​ខ្លួនអ្នកនោះ​នឹង​បាន​សង្គ្រោះ ប៉ុន្តែ​នឹង​បាន​ដូចជា​ឆ្លងកាត់​ភ្លើងដែរ​។

16 តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នករាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​?

17 ប្រសិនបើ​អ្នកណា​បំផ្លាញ​ព្រះវិហារ​របស់​ព្រះ ព្រះ​នឹង​បំផ្លាញ​អ្នកនោះ ដ្បិត​ព្រះវិហារ​របស់​ព្រះ​គឺ​វិសុទ្ធ ហើយ​អ្នករាល់គ្នា​នេះឯង​ជា​ព្រះវិហារនោះ​។


ភាពល្ងង់ខ្លៅរបស់ប្រាជ្ញាមនុស្ស

18 កុំឲ្យអ្នកណា​បោកបញ្ឆោត​ខ្លួនឯង​ឡើយ​! ប្រសិនបើ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​គិតថា ខ្លួនឯង​មានប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ចូរឲ្យ​អ្នកនោះ​ត្រឡប់ជា​មនុស្ស​ល្ងង់​ចុះ ដើម្បីឲ្យ​គាត់​បានជា​មនុស្ស​មានប្រាជ្ញា​វិញ

19 ដ្បិត​ប្រាជ្ញា​របស់​ពិភពលោកនេះ​ជា​សេចក្ដីល្ងង់ខ្លៅ​នៅចំពោះ​ព្រះ​។ ជាការពិត មាន​សរសេរ​ទុកមក​ថា​:“ព្រះអង្គ​ចាប់​មនុស្ស​មានប្រាជ្ញា​ដោយ​ល្បិចកល​របស់​ខ្លួនពួកគេ”

20 ហើយ​មាន​សរសេរ​ទៀត​ថា​:“ព្រះអម្ចាស់​ទ្រង់​ជ្រាប​គំនិត​របស់​មនុស្ស​មានប្រាជ្ញា ថា​ជា​ការ​ឥតខ្លឹមសារ”។

21 ដូច្នេះ កុំឲ្យអ្នកណា​អួត​អំពី​មនុស្ស​ឡើយ ដ្បិត​អ្វីៗ​ទាំងអស់​ជា​របស់អ្នករាល់គ្នា

22 មិនថា​ជា​ប៉ូល​ក្ដី អ័ប៉ុឡូស​ក្ដី កេផាស​ក្ដី ពិភពលោក​ក្ដី ជីវិត​ក្ដី សេចក្ដីស្លាប់​ក្ដី អ្វីៗ​នា​បច្ចុប្បន្នកាល​ក្ដី ឬ​អ្វីៗ​នា​អនាគតកាល​ក្ដី អ្វីៗ​ទាំងអស់​សុទ្ធតែ​ជា​របស់អ្នករាល់គ្នា

23 រីឯ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ ហើយ​ព្រះ​គ្រីស្ទ​ជា​របស់​ព្រះ៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម