Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -

អេភេសូរ 2 - ព្រះគម្ពីរខ្មែរសាកល


ពីសេចក្ដីស្លាប់ទៅជីវិត

1 អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​បាប​របស់អ្នករាល់គ្នា​។

2 ពីមុន​អ្នករាល់គ្នា​ដើរ​ក្នុងការទាំងនោះ តាម​ដំណើរ​របស់​ពិភពលោកនេះ តាម​មេគ្រប់គ្រង​នៃ​អំណាច​លើ​អាកាស គឺ​វិញ្ញាណ​ដែល​ធ្វើសកម្មភាព​ក្នុង​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ​។

3 ពីមុន​យើង​ទាំងអស់គ្នា​ក៏​រស់នៅ​ក្នុង​តណ្ហា​សាច់ឈាម​របស់យើង ក្នុងចំណោម​អ្នកទាំងនោះ​ដែរ គឺ​យើង​ប្រព្រឹត្តតាម​បំណង​នៃ​សាច់ឈាម និង​ចិត្តគំនិត ហើយ​ជា​កូន​នៃ​ព្រះពិរោធ​ពីកំណើត​ដូច​អ្នក​ឯទៀត​ដែរ​។

4 ប៉ុន្តែ​ដោយព្រោះ​សេចក្ដីស្រឡាញ់​យ៉ាងខ្លាំង​ដែល​ព្រះអង្គ​បាន​ស្រឡាញ់​យើង ព្រះ​ដែល​ប្រកបដោយ​សេចក្ដីមេត្តា​ដ៏បរិបូរ

5 បាន​ប្រោស​យើង​ឲ្យរស់ជាមួយ​ព្រះ​គ្រីស្ទ ទោះបី​នៅពេល​យើង​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន​ក៏ដោយ ដូច្នេះ​អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ​ហើយ​!

6 ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះ​បាន​លើក​យើង​ឲ្យរស់ឡើងវិញជាមួយ​ព្រះគ្រីស្ទ ព្រមទាំង​ឲ្យ​យើង​អង្គុយជាមួយ​ព្រះអង្គ​នៅ​លើមេឃ​ផង

7 ដើម្បី​ព្រះអង្គ​បាន​សម្ដែង​ភាពបរិបូរ​នៃ​ព្រះគុណ​ដ៏​ហួសវិស័យ​របស់​ព្រះអង្គ ដោយ​សេចក្ដីសប្បុរស​ចំពោះ​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នៅ​សម័យ​ដែល​នឹង​មកដល់​។

8 ជាការពិត អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ តាមរយៈ​ជំនឿ ហើយ​សេចក្ដីនេះ​មិន​បាន​ចេញពី​អ្នករាល់គ្នា​ទេ គឺជា​អំណោយទាន​ពី​ព្រះ​វិញ

9 ក៏​មិន​បាន​មកពី​ការប្រព្រឹត្ត​ដែរ ដើម្បីកុំឲ្យ​មាន​អ្នកណា​អួតខ្លួន​ឡើយ​។

10 ពិតមែនហើយ យើង​ជា​ស្នាព្រះហស្ត​របស់​ព្រះ ដែល​ត្រូវបាន​និម្មិតបង្កើត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​សម្រាប់​ការល្អ​។ ព្រះ​បាន​រៀបចំ​ការល្អ​ជាមុន ដើម្បីឲ្យ​យើង​ដើរតាម​ការទាំងនោះ​។


រួមគ្នាតែមួយក្នុងព្រះគ្រីស្ទ

11 ដូច្នេះ ចូរ​អ្នករាល់គ្នា​ចាំ​ថា ពីមុន​អ្នករាល់គ្នា​ជា​សាសន៍ដទៃ​ខាង​សាច់ឈាម ដែល​ត្រូវបាន​ហៅថា “ពួកមិនបានកាត់ស្បែក” ដោយ​ពួក​ដែល​អះអាងថា​ខ្លួនឯងជា “ពួកកាត់ស្បែក” ដែលជា​ការកាត់ស្បែក​ខាង​សាច់ឈាម​ដែលធ្វើដោយដៃមនុស្ស​។

12 កាលណោះ អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រីស្ទ​ទេ គឺ​ត្រូវបាន​បំបែកចេញ​ពី​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ជា​ជនបរទេស​ខាងឯ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសន្យា​; នៅក្នុង​ពិភពលោកនេះ អ្នករាល់គ្នា​គ្មាន​សេចក្ដីសង្ឃឹម ហើយក៏​ប្រាសចាកពីព្រះ​ផង​។

13 ប៉ុន្តែ​អ្នករាល់គ្នា​ដែល​ពីមុន​នៅ​ឆ្ងាយ ឥឡូវនេះ​ត្រូវបាន​នាំមក​ជិត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដោយ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​។

14 ដ្បិត​ខ្លួនព្រះអង្គផ្ទាល់​ជា​សន្តិភាព​របស់យើង ដែល​បាន​ធ្វើឲ្យ​ទាំងពីរ​រួមគ្នាតែមួយ ហើយ​កម្ទេច​កំពែង​ដែលជា​របង​នៃ​ភាពជាសត្រូវ​ចោល​។ ដោយ​រូបកាយ​របស់​អង្គទ្រង់

15 ព្រះអង្គ​បាន​បំផ្លាញ​ក្រឹត្យវិន័យ​នៃ​បទបញ្ជា​ដែល​មាន​ក្នុង​បទបញ្ញត្តិ ដើម្បីឲ្យ​ព្រះអង្គ​បាន​និម្មិតបង្កើត​ក្នុង​អង្គទ្រង់​នូវ​មនុស្ស​ថ្មី​ម្នាក់​ជំនួស​ទាំង​ពីរ​នោះ ទាំង​បង្កើត​សន្តិភាព

16 ហើយ​ដើម្បីឲ្យ​ព្រះអង្គ​បាន​ផ្សះផ្សា​ទាំងពីរ​នឹង​ព្រះ ក្នុង​រូបកាយ​មួយ​តាមរយៈ​ឈើឆ្កាង​។ តាមរយៈ​ឈើឆ្កាងនេះឯង ព្រះអង្គ​បាន​សម្លាប់​ភាពជាសត្រូវ​។

17 កាល​យាង​មក ព្រះអង្គ​បាន​ប្រកាសដំណឹងល្អ​នៃ​សន្តិភាព​ដល់​អ្នករាល់គ្នា​ដែល​នៅ​ឆ្ងាយ ព្រមទាំង​ប្រកាស​ដល់​អ្នក​ដែល​នៅ​ជិត​ផង​។

18 ដ្បិត​តាមរយៈ​ព្រះគ្រីស្ទ យើង​ទាំងពីរ​មាន​ផ្លូវចូល​ទៅឯ​ព្រះ​បិតា​ដោយ​ព្រះវិញ្ញាណ​តែមួយ​។

19 ដោយហេតុនេះ អ្នករាល់គ្នា​មិនមែន​ជា​ជនបរទេស ឬ​ជា​ជនរស់នៅបណ្ដោះអាសន្ន​ទៀតទេ គឺ​ជា​ជនរួមជាតិ​ជាមួយ​វិសុទ្ធជន និង​ជា​ក្រុមគ្រួសារ​របស់​ព្រះ​វិញ

20 ដែល​ត្រូវបាន​សាងសង់​លើ​គ្រឹះ​របស់​ពួក​សាវ័ក និង​ព្យាការី ដោយ​មាន​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​ជា​ថ្មគ្រឹះ​។

21 នៅក្នុង​ព្រះគ្រីស្ទយេស៊ូវ អគារ​ទាំងមូល​ត្រូវបាន​ផ្គុំឡើង ហើយ​ចម្រើនឡើង​ទៅជា​ព្រះវិហារ​ដ៏វិសុទ្ធ​ក្នុង​ព្រះអម្ចាស់​;

22 នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​ក៏​ត្រូវបាន​សាងសង់ជាមួយគ្នា ទៅជា​ដំណាក់​របស់​ព្រះ​ក្នុង​ព្រះវិញ្ញាណ​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម