Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូហាន 17 - ព្រះគម្ពីរខ្មែរសាកល


ព្រះយេស៊ូវទ្រង់អធិស្ឋានសម្រាប់អង្គទ្រង់

1 ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ងើបព្រះនេត្រ​ទៅ​មេឃ ហើយ​ទូលថា​៖ “ព្រះ​បិតា​អើយ ពេលវេលា​មក​ដល់​ហើយ​! សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះបុត្រា​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ព្រះបុត្រា​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ

2 ដូចដែល​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះបុត្រា​នូវ​សិទ្ធិអំណាច​លើ​មនុស្ស ទាំងអស់ និង​ដើម្បីឲ្យ​ព្រះបុត្រា​បាន​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ព្រះបុត្រា​ដែរ​។

3 នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។

4 ទូលបង្គំ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​នៅ​ផែនដី ដោយ​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ប្រគល់​ឲ្យ​ទូលបង្គំ​ធ្វើ​។

5 ព្រះ​បិតា​អើយ ឥឡូវនេះ សូម​ព្រះអង្គ​លើកតម្កើងសិរីរុងរឿង​ដល់​ទូលបង្គំ​ជាមួយ​អង្គទ្រង់ ដោយ​សិរីរុងរឿង​ដែល​ទូលបង្គំ​មាន​ជាមួយ​ព្រះអង្គ តាំងពីមុន​ដែល​មាន​ពិភពលោក​ផង​។


ព្រះយេស៊ូវទ្រង់អធិស្ឋានសម្រាប់ពួកសិស្ស

6 ទូលបង្គំ​បាន​សម្ដែង​ព្រះនាម​របស់ព្រះអង្គ ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ពី​ពិភពលោក​។ ពួកគេ​ជា​របស់ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​ពួកគេ​មក​ទូលបង្គំ ហើយ​ពួកគេ​បាន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។

7 ឥឡូវនេះ ពួកគេ​ដឹង​ហើយ​ថា អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ គឺ​មក​ពី​ព្រះអង្គ

8 ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ ពួកគេ​ក៏​ទទួលយក ហើយ​ដឹង​ពិតប្រាកដ​ថា ទូលបង្គំ​មក​ពី​ព្រះអង្គ ព្រមទាំង​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។

9 ទូលបង្គំ​ទូល​អង្វរ​សម្រាប់​ពួកគេ មិនមែន​ទូល​អង្វរ​សម្រាប់​ពិភពលោក​ទេ គឺ​សម្រាប់​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពីព្រោះ​ពួកគេ​ជា​របស់ព្រះអង្គ​។

10 អ្វីៗ​ទាំងអស់​របស់ទូលបង្គំ​ជា​របស់ព្រះអង្គ អ្វីៗ​របស់ព្រះអង្គ​ជា​របស់ទូលបង្គំ ហើយ​ទូលបង្គំ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ពួកគេ​។

11 ទូលបង្គំ​មិន​នៅ​ក្នុង​ពិភពលោក​ទៀតទេ​។ ពួកគេ​នៅ​ក្នុង​ពិភពលោក រីឯទូលបង្គំវិញ ទូលបង្គំ​នឹង​ទៅឯ​ព្រះអង្គ​។ ព្រះ​បិតា​ដ៏វិសុទ្ធ​អើយ សូម​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​ផង គឺ​នាម​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ ដូចដែល​យើង​ជា​អង្គមួយ​ដែរ​។

12 ពេល​ទូលបង្គំ​នៅ ជាមួយ​ពួកគេ ទូលបង្គំ​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ គឺ​នាម​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​។ ទូលបង្គំ​បាន​រក្សា​ពួកគេ ហើយ​គ្មានអ្នកណា​ក្នុង​ពួកគេ​វិនាស​ឡើយ លើកលែងតែ​កូននៃសេចក្ដីវិនាស ប៉ុណ្ណោះ ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។

13 ប៉ុន្តែ​ឥឡូវនេះ ទូលបង្គំ​នឹង​ទៅឯ​ព្រះអង្គ​។ ទូលបង្គំ​និយាយ​សេចក្ដីទាំងនេះ​ក្នុង​ពិភពលោក ដើម្បីឲ្យ​ពួកគេ​មាន​អំណរ​របស់ទូលបង្គំ​ត្រូវបាន​បំពេញ​ក្នុង​ខ្លួនពួកគេ​។

14 ទូលបង្គំ​បាន​ផ្ដល់​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​ពួកគេ​ហើយ​។ ពិភពលោក​ស្អប់​ពួកគេ ពីព្រោះ​ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។

15 ទូលបង្គំ​ទូល​អង្វរ​មិនមែន​ដើម្បីឲ្យ​ព្រះអង្គ​យក​ពួកគេ​ចេញ​ពី​ពិភពលោក​ទេ គឺ​ដើម្បីឲ្យ​ព្រះអង្គ​ការពារ​ពួកគេ​ពី​មេអាក្រក់​វិញ​។

16 ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។

17 សូម​ញែក​ពួកគេ​ជាវិសុទ្ធ​ដោយ​សេចក្ដីពិត​ផង​; គឺ​ព្រះបន្ទូល​របស់ព្រះអង្គ​ហើយ ជា​សេចក្ដីពិត​។

18 ដូចដែល​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​ក្នុង​ពិភពលោក​យ៉ាងណា ទូលបង្គំក៏​បាន​ចាត់​ពួកគេ​ឲ្យទៅ​ក្នុង​ពិភពលោក​យ៉ាងនោះដែរ​។

19 ទូលបង្គំ​ញែក​ខ្លួន​ជាវិសុទ្ធ​សម្រាប់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ត្រូវ​បាន​ញែកជាវិសុទ្ធ​ក្នុង​សេចក្ដីពិត​ដែរ​។


ព្រះយេស៊ូវទ្រង់អធិស្ឋានសម្រាប់អ្នកជឿទាំងអស់

20 ទូលបង្គំ​ទូល​អង្វរ​មិនគ្រាន់តែ​សម្រាប់​អ្នកទាំងនេះ​ប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ជឿលើ​ទូលបង្គំ​តាមរយៈ​ពាក្យ​របស់​ពួកគេ​ដែរ

21 ដើម្បីឲ្យ​ពួកគេ​ទាំងអស់គ្នា​រួមគ្នាតែមួយ​។ ព្រះ​បិតា​អើយ ដូចដែល​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ហើយទូលបង្គំ​នៅក្នុង​ព្រះអង្គ​យ៉ាងណា សូមឲ្យ​ពួកគេ នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​ពិភពលោក​បាន​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។

22 សិរីរុងរឿង​ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ ដូចដែល​យើង​ជា​អង្គ​មួយ​ដែរ

23 គឺ​ទូលបង្គំ​នៅក្នុង​ពួកគេ ហើយ​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ​យ៉ាង​គ្រប់លក្ខណ៍ ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក ព្រមទាំង​ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ពួកគេ ដូចដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​ដែរ​។

24 ព្រះ​បិតា​អើយ ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។

25 ព្រះ​បិតា​ដ៏សុចរិតយុត្តិធម៌​អើយ ទោះបីជា​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ក៏ដោយ ក៏​ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​អ្នកទាំងនោះ​ក៏​ដឹង​ថា គឺ​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។

26 ទូលបង្គំ​បាន​ឲ្យ​ពួកគេ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ ហើយ​នឹង​ឲ្យ​ស្គាល់​ទៀត ដើម្បីឲ្យ​សេចក្ដីស្រឡាញ់​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​បាន​នៅ​ក្នុង​ពួកគេ ហើយទូលបង្គំក៏​នៅក្នុង​ពួកគេ​ដែរ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម