ម៉ាថាយ 13 - ព្រះគម្ពីរខ្មែរសាកលពាក្យឧបមាអំពីអ្នកសាបព្រោះ 1 នៅថ្ងៃដដែលនោះ ព្រះយេស៊ូវបានយាងចេញពីផ្ទះទៅគង់ចុះនៅមាត់បឹង។ 2 មានហ្វូងមនុស្សជាច្រើនបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងទៅគង់ចុះក្នុងទូក រីឯហ្វូងមនុស្សទាំងមូលឈរនៅតាមមាត់បឹង។ 3 ព្រះអង្គមានបន្ទូលអំពីសេចក្ដីជាច្រើននឹងពួកគេ ដោយពាក្យឧបមាថា៖“មើល៍! មានអ្នកសាបព្រោះម្នាក់ចេញទៅសាបព្រោះ។ 4 នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ហើយបក្សាបក្សីក៏មកស៊ីអស់។ 5 គ្រាប់ពូជខ្លះទៀតធ្លាក់លើកន្លែងសម្បូរថ្ម ជាកន្លែងដែលមិនមានដីច្រើន វាក៏ដុះឡើងភ្លាម ដោយសារដីមិនជ្រៅ 6 ប៉ុន្តែនៅពេលថ្ងៃរះឡើង វាក៏ស្លោក ហើយដោយសារគ្មានឫស វាក៏ក្រៀមស្វិតទៅ។ 7 គ្រាប់ពូជខ្លះទៀតធ្លាក់ក្នុងគុម្ពបន្លា មែកបន្លាក៏លូតលាស់ ហើយរួបរឹតវា។ 8 រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយវាបង្កើតផល គឺខ្លះមួយជាមួយរយ ខ្លះមួយជាហុកសិប និងខ្លះមួយជាសាមសិប។ 9 អ្នកដែលមានត្រចៀកចូរស្ដាប់ចុះ!”។ ហេតុដែលព្រះយេស៊ូវទ្រង់ប្រើពាក្យឧបមា 10 បន្ទាប់មក ពួកសិស្សក៏ចូលមកជិត ទូលសួរព្រះអង្គថា៖ “ហេតុអ្វីបានជាលោកនិយាយនឹងគេជាពាក្យឧបមា?”។ 11 ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។ 12 ដ្បិតអ្នកណាក៏ដោយដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ហើយអ្នកនោះនឹងមានសម្បូរហូរហៀរ ប៉ុន្តែអ្នកណាក៏ដោយដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ។ 13 នេះជាហេតុដែលខ្ញុំនិយាយនឹងពួកគេជាពាក្យឧបមា គឺដោយសារពួកគេមើល ប៉ុន្តែមិនឃើញ; ពួកគេស្ដាប់ ប៉ុន្តែមិនឮ ហើយក៏មិនយល់ដែរ។ 14 ដូច្នេះ ពាក្យព្យាកររបស់អេសាយត្រូវបានបំពេញឲ្យសម្រេចនៅក្នុងពួកគេ ដែលថា: ‘អ្នករាល់គ្នានឹងស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់សោះឡើយ; អ្នករាល់គ្នានឹងមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹកសោះឡើយ; 15 ដ្បិតចិត្តរបស់ប្រជាជននេះបានស្ពឹក ត្រចៀកពួកគេធ្ងន់ពិបាកស្ដាប់ ហើយភ្នែកពួកគេបិទហើយ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា’។ 16 ប៉ុន្តែភ្នែករបស់អ្នករាល់គ្នាមានពរហើយ ដ្បិតបានមើលឃើញ; ត្រចៀករបស់អ្នករាល់គ្នាមានពរហើយ ដ្បិតបានស្ដាប់ឮ។ 17 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្យាការី និងមនុស្សសុចរិតជាច្រើនប្រាថ្នាចង់ឃើញអ្វីដែលអ្នករាល់គ្នាកំពុងតែឃើញ ប៉ុន្តែមិនបានឃើញទេ ពួកគេប្រាថ្នាចង់ឮអ្វីដែលអ្នករាល់គ្នាកំពុងតែឮ ប៉ុន្តែមិនបានឮឡើយ។ ការបកស្រាយពាក្យឧបមាអំពីអ្នកសាបព្រោះ 18 “ដូច្នេះ ចូរអ្នករាល់គ្នាស្ដាប់ពាក្យឧបមាអំពីអ្នកសាបព្រោះចុះ។ 19 អស់អ្នកដែលឮព្រះបន្ទូលនៃអាណាចក្ររបស់ព្រះ ហើយមិនយល់ មេអាក្រក់ក៏មកកញ្ឆក់យកអ្វីដែលត្រូវបានសាបព្រោះក្នុងចិត្តរបស់អ្នកនោះ។ នេះជាគ្រាប់ពូជដែលត្រូវបានសាបព្រោះនៅក្បែរផ្លូវ។ 20 គ្រាប់ពូជដែលត្រូវបានសាបព្រោះលើកន្លែងសម្បូរថ្ម គឺអ្នកដែលឮព្រះបន្ទូល ហើយទទួលយកភ្លាមដោយអំណរ 21 ប៉ុន្តែគ្មានឫសនៅក្នុងខ្លួនទេ ហើយនៅបានតែមួយរយៈប៉ុណ្ណោះ។ កាលណាមានទុក្ខវេទនា ឬការបៀតបៀនដោយសារតែព្រះបន្ទូល អ្នកនោះក៏ជំពប់ដួលភ្លាម។ 22 គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺអ្នកដែលឮព្រះបន្ទូល ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។ 23 រីឯគ្រាប់ពូជដែលត្រូវបានសាបព្រោះលើដីល្អ គឺអ្នកដែលឮព្រះបន្ទូល ហើយយល់។ អ្នកនោះពិតជាបង្កើតផល គឺខ្លះបង្កើតមួយជាមួយរយ ខ្លះមួយជាហុកសិប និងខ្លះមួយជាសាមសិប”។ ពាក្យឧបមាអំពីស្រូវសាលី និងស្រងែ 24 ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងមនុស្សម្នាក់ដែលសាបព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់ខ្លួន។ 25 ប៉ុន្តែនៅពេលគេដេកលក់ សត្រូវរបស់លោកបានមក ហើយសាបព្រោះស្រងែក្នុងចំណោមស្រូវសាលី រួចចេញបាត់ទៅ។ 26 នៅពេលស្រូវដុះឡើង ហើយបង្កើតផល ស្រងែក៏បានលេចមកដែរ។ 27 ពួកបាវបម្រើរបស់ម្ចាស់ស្រែក៏ចូលមកជិត សួរលោកថា: ‘លោកម្ចាស់! តើលោកមិនបានសាបព្រោះគ្រាប់ពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?’។ 28 “ម្ចាស់ក៏និយាយនឹងពួកគេថា: ‘គឺសត្រូវទេតើ ដែលធ្វើការនេះ’។ “ពួកបាវបម្រើក៏សួរលោកថា: ‘បើដូច្នេះ តើលោកចង់ឲ្យយើងខ្ញុំទៅប្រមូលស្រងែទាំងនោះឬទេ?’។ 29 “លោកនិយាយថា: ‘កុំអី! ក្រែងលោពេលអ្នករាល់គ្នាប្រមូលស្រងែ អ្នករាល់គ្នាដកដោយទាំងស្រូវសាលីដែរ។ 30 ទុកឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់ចុះ។ នៅរដូវច្រូតកាត់ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតឲ្យប្រមូលស្រងែជាមុនសិន ហើយចងជាបាច់ៗដើម្បីដុត រីឯស្រូវសាលីវិញ ឲ្យប្រមូលទុកក្នុងជង្រុករបស់ខ្ញុំ’”។ ពាក្យឧបមាអំពីគ្រាប់ពូជម៉ូតាត និងមេម្សៅ 31 ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉ូតាតមួយ ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន។ 32 ថ្វីត្បិតតែគ្រាប់ពូជនោះល្អិតជាងគ្រាប់ពូជទាំងអស់ក៏ដោយ ប៉ុន្តែកាលណាវាដុះឡើង វាបានធំជាងដំណាំបន្លែផ្សេងៗ ហើយទៅជាដើមឈើមួយ បណ្ដាលឲ្យបក្សាបក្សីនៅលើអាកាសមកធ្វើសម្បុកតាមមែករបស់វា”។ 33 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមាមួយទៀតថា៖“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាមេម្សៅដែលស្ត្រីម្នាក់បានយកមកលាយក្នុងម្សៅបីរង្វាល់រហូតដល់ធ្វើឲ្យម្សៅទាំងមូលដោរឡើង”។ ការប្រើពាក្យឧបមា 34 ព្រះយេស៊ូវទ្រង់ថ្លែងសេចក្ដីទាំងអស់នេះដល់ហ្វូងមនុស្សជាពាក្យឧបមា។ ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ 35 ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “យើងនឹងបើកមាត់របស់យើងជាពាក្យឧបមា យើងនឹងថ្លែងសេចក្ដីដែលត្រូវបានលាក់បាំងតាំងពីកំណើតនៃពិភពលោក” ។ ការបកស្រាយពាក្យឧបមាអំពីស្រូវសាលី និងស្រងែ 36 បន្ទាប់មក ព្រះយេស៊ូវយាងចាកចេញពីហ្វូងមនុស្ស ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “សូមពន្យល់ពាក្យឧបមាអំពីស្រងែក្នុងស្រែដល់យើងខ្ញុំផង”។ 37 ព្រះយេស៊ូវមានបន្ទូលតបថា៖“អ្នកដែលសាបព្រោះគ្រាប់ពូជល្អ គឺកូនមនុស្ស។ 38 រីឯស្រែ គឺពិភពលោក ហើយគ្រាប់ពូជល្អ គឺកូននៃអាណាចក្រស្ថានសួគ៌ ចំណែកឯស្រងែវិញ គឺកូននៃមេអាក្រក់ 39 សត្រូវដែលសាបព្រោះស្រងែ គឺមារ ការច្រូតកាត់ គឺចុងបញ្ចប់នៃពិភពលោក ហើយពួកអ្នកច្រូត គឺទូតសួគ៌។ 40 ដូច្នេះ ដូចដែលស្រងែត្រូវប្រមូល ហើយត្រូវដុតក្នុងភ្លើងយ៉ាងណា នៅចុងបញ្ចប់នៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ 41 កូនមនុស្សនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅប្រមូលអស់ទាំងសេចក្ដីបណ្ដាលឲ្យជំពប់ដួល និងអស់អ្នកដែលប្រព្រឹត្តអំពើឥតច្បាប់ ចេញពីអាណាចក្ររបស់លោក 42 ហើយបោះពួកគេទៅក្នុងឡភ្លើង។ នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ។ 43 ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ដូចព្រះអាទិត្យ ក្នុងអាណាចក្រនៃព្រះបិតារបស់ពួកគេ។ អ្នកដែលមានត្រចៀកចូរស្ដាប់ចុះ! ពាក្យឧបមាអំពីកំណប់ និងគជ់ដ៏មានតម្លៃ 44 “អាណាចក្រស្ថានសួគ៌ប្រៀបដូចជាកំណប់ដែលលាក់ទុកនៅក្នុងចម្ការ។ មានបុរសម្នាក់បានរកវាឃើញ ក៏លាក់ទុកវិញ ហើយដោយសារតែអំណរ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន រួចទិញចម្ការនោះ។ 45 “មួយវិញទៀត អាណាចក្រស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់ដែលស្វែងរកគ្រាប់គជ់ដ៏ល្អប្រណិត។ 46 កាលណារកឃើញគជ់មួយគ្រាប់ដ៏មានតម្លៃ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន រួចទិញគជ់នោះ។ ពាក្យឧបមាអំពីអួន 47 “មួយវិញទៀត អាណាចក្រស្ថានសួគ៌ប្រៀបដូចជាអួនដែលគេទម្លាក់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ។ 48 នៅពេលអួនពេញហើយ គេក៏អូសវាឡើងគោក ហើយអង្គុយប្រមូលអ្វីដែលល្អដាក់ក្នុងកញ្ឆេ រីឯអ្វីដែលមិនល្អវិញ គេបោះចោលទៅខាងក្រៅ។ 49 នៅចុងបញ្ចប់នៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ បណ្ដាទូតសួគ៌នឹងចេញទៅ ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត 50 រួចបោះពួកគេទៅក្នុងឡភ្លើង។ នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ”។ ឃ្លាំងនៃសេចក្ដីពិត 51 ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះឬទេ?”។ ពួកគេទូលព្រះអង្គថា៖ “បាទ យល់ហើយ”។ 52 ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ហេតុនេះហើយបានជា អស់ទាំងគ្រូវិន័យ ដែលធ្វើជាសិស្សនៃអាណាចក្រស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះម្នាក់ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន”។ 53 នៅពេលព្រះយេស៊ូវបានបញ្ចប់ពាក្យឧបមាទាំងនេះហើយ ព្រះអង្គក៏យាងចាកចេញពីទីនោះ។ ត្រូវគេបដិសេធនៅណាសារ៉ែត 54 បន្ទាប់មក ព្រះយេស៊ូវយាងមកដល់ស្រុកកំណើតរបស់ព្រះអង្គ ហើយបង្រៀនប្រជាជននៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេស្ងើចទាំងពោលថា៖ “តើអ្នកនេះបានប្រាជ្ញា និងការអស្ចារ្យទាំងនេះមកពីណា? 55 តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយរបស់គាត់មិនមែនឈ្មោះម៉ារា ហើយប្អូនប្រុសរបស់គាត់មិនមែនយ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? 56 ប្អូនស្រីទាំងអស់របស់គាត់ក៏មិនមែននៅជាមួយយើងទេឬ? ចុះអ្នកនេះបានសេចក្ដីទាំងអស់នេះមកពីណា?”។ 57 ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ព្យាការីគ្មានការអាប់ឱនកិត្តិយសទេ លើកលែងតែនៅក្នុងស្រុកកំណើត និងក្នុងគ្រួសាររបស់ខ្លួនប៉ុណ្ណោះ”។ 58 ដូច្នេះ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើននៅទីនោះទេ ដោយសារតែភាពឥតជំនឿរបស់ពួកគេ៕ |