Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:20 - ព្រះគម្ពីរខ្មែរសាកល

20 ដូច្នេះ​មិនមែន​ខ្ញុំ​ទៀតទេ ដែល​នៅរស់ គឺ​ព្រះ​គ្រីស្ទ​វិញ ដែល​នៅរស់​ក្នុង​ខ្ញុំ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​នៅសព្វថ្ងៃនេះ ខ្ញុំ​រស់​ដោយសារតែ​ជំនឿ​លើ​ព្រះបុត្រារបស់ព្រះ​ដែល​ស្រឡាញ់​ខ្ញុំ ព្រមទាំង​ប្រគល់​អង្គទ្រង់​ជំនួស​ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ដូច្នេះ​ មិន​មែន​ខ្ញុំ​ទេ​ដែល​រស់នៅ​ គឺ​ព្រះគ្រិស្ដ​វិញ​ ដែល​រស់នៅ​ក្នុង​ខ្ញុំ​ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់នៅ​ក្នុង​សាច់ឈាម​នា​ពេល​ឥឡូវ​នេះ​ ខ្ញុំ​រស់​ដោយសារ​ជំនឿ​លើ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​បាន​ស្រឡាញ់​ខ្ញុំ​ និង​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌គ្រីស្ទ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រីស្ទ​វិញទេ​តើ​ដែល​រស់​នៅ​ក្នុង​ខ្ញុំ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ គឺខ្ញុំ​រស់​ដោយ​ជំនឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​សម្រាប់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រិស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​អាល់ម៉ា‌ហ្សៀស​ទេ​តើ ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​បុត្រា​របស់​អុលឡោះ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​លះបង់​ជីវិត​សម្រាប់​ខ្ញុំ។

សូមមើលជំពូក ចម្លង




កាឡាទី 2:20
65 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​កូនមនុស្ស​បាន​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង”។


មេល្បួង​ក៏​ចូលមកជិត ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​បង្គាប់​ដុំថ្ម​ទាំងនេះ​ឲ្យ​ក្លាយជា​នំប៉័ង​មើល៍​!”។


ណាថាណែល​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “រ៉ាប៊ី លោក​ជា​ព្រះបុត្រារបស់ព្រះ​! លោក​ជា​ស្ដេច​របស់​អ៊ីស្រាអែល‍!”។


“គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ អ្នកគង្វាល​ដ៏ល្អ​លះបង់​ជីវិត​របស់​ខ្លួន​សម្រាប់​ចៀម


គ្មានអ្នកណា​មាន​សេចក្ដីស្រឡាញ់​ធំជាង​នេះ​ឡើយ គឺដែល​ម្នាក់​លះបង់​ជីវិត​របស់​ខ្លួន​សម្រាប់​មិត្តសម្លាញ់​របស់​ខ្លួន​។


ដើម្បីឲ្យ​ពួកគេ​ទាំងអស់គ្នា​រួមគ្នាតែមួយ​។ ព្រះ​បិតា​អើយ ដូចដែល​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ហើយទូលបង្គំ​នៅក្នុង​ព្រះអង្គ​យ៉ាងណា សូមឲ្យ​ពួកគេ នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​ពិភពលោក​បាន​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក​ដល់ម្ល៉េះ បានជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រាតែមួយ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះបុត្រានោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិតអស់កល្បជានិច្ច​វិញ


ព្រះ​បិតា​ទ្រង់​ស្រឡាញ់​ព្រះបុត្រា ហើយ​បាន​ប្រទាន​អ្វីៗ​ទាំងអស់​មក​ក្នុង​ព្រះហស្ត​របស់​ព្រះបុត្រា​។


ព្រះ​បិតា​ដែល​មានព្រះជន្មរស់​បាន​ចាត់​ខ្ញុំ​ឲ្យមក ហើយខ្ញុំ​រស់​ដោយសារតែ​ព្រះ​បិតា​យ៉ាងណា អ្នក​ដែល​ហូប​ខ្ញុំ ក៏​នឹង​រស់​ដោយសារតែ​ខ្ញុំ​យ៉ាងនោះ​ដែរ​។


យើងខ្ញុំ​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ”។


ខណៈដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ ពួកគេ​មកដល់​កន្លែងមានទឹក​។ មហាតលិក​នោះ​ក៏​ពោលថា​៖ “មើល៍ហ្ន៎! ទឹក​! តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួលពិធីជ្រមុជទឹក​បាន​?”។


ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះយេស៊ូវ​នៅតាម​សាលាប្រជុំ​ភ្លាម ថា​គឺ​ព្រះអង្គនេះ​ហើយ​ជា​ព្រះបុត្រារបស់ព្រះ​។


ដ្បិត​សេចក្ដីសុចរិត​របស់​ព្រះ​ត្រូវបាន​សម្ដែង​នៅក្នុង​ដំណឹងល្អនេះ ដោយ​ចាប់ផ្ដើមពី​ជំនឿ​ទៅក្នុង​ជំនឿ ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ”។


ក្នុងចំណោម​យើង គ្មានអ្នកណា​រស់​ដើម្បី​ខ្លួនឯង​ទេ ហើយក៏​គ្មានអ្នកណា​ស្លាប់​ដើម្បី​ខ្លួនឯង​ដែរ​។


គឺ​សេចក្ដីសុចរិត​របស់​ព្រះ​តាមរយៈ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​អស់អ្នក​ដែល​ជឿ​។ ជាការពិត គ្មាន​ភាពខុសគ្នា​ទេ


ព្រះអម្ចាស់យេស៊ូវ​ត្រូវបាន​ប្រគល់​ទៅ ដោយសារតែ​ការបំពាន​របស់យើង​; ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ដើម្បីឲ្យ​យើង​ត្រូវបាន​រាប់ជាសុចរិត​៕


តាមរយៈ​ព្រះអង្គ និង​ដោយសារតែ​ជំនឿ យើង​ក៏​បាន​ចូលក្នុង​ព្រះគុណ​នេះ​ដែល​យើង​កំពុង​ឈរ ហើយ​អួត​អំពី​សេចក្ដីសង្ឃឹម​ដែលនឹងទទួល​សិរីរុងរឿង​របស់​ព្រះ​។


ជាការពិត កាល​យើង​នៅ​ខ្សោយ​នៅឡើយ ព្រះ​គ្រីស្ទ​បាន​សុគត​ក្នុង​ពេលកំណត់ ជំនួស​មនុស្ស​មិនគោរពព្រះ​។


ប៉ុន្តែ​ព្រះ​បាន​សម្ដែង​ដល់​យើង​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គផ្ទាល់ ដោយ​ការដែល​ព្រះ​គ្រីស្ទ​សុគត​ជំនួស​យើង កាល​យើង​នៅ​ជា​មនុស្សបាប​នៅឡើយ​។


ហើយក៏កុំ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​បាប ទុកជា​ឧបករណ៍​នៃ​សេចក្ដីទុច្ចរិត​ដែរ​។ ផ្ទុយទៅវិញ ចូរ​ថ្វាយ​ខ្លួនអ្នក​ដល់​ព្រះ ទុកជា​អ្នក​ដែល​រស់​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​ព្រះ ទុកជា​ឧបករណ៍​នៃ​សេចក្ដីសុចរិត​។


ដូច្នេះ ប្រសិនបើ​យើង​បាន​ស្លាប់​ជាមួយ​ព្រះ​គ្រីស្ទ យើង​ជឿ​ថា យើង​ក៏​នឹង​រស់ជាមួយ​ព្រះអង្គ​ដែរ​។


ផ្ទុយទៅវិញ ប្រសិនបើ​ព្រះ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា ទោះបីជា​រូបកាយ​ស្លាប់​ដោយសារតែ​បាប​ក៏ដោយ ក៏​វិញ្ញាណ​មាន​ជីវិត​ដោយសារតែ​សេចក្ដីសុចរិត​។


ប៉ុន្តែ​ក្នុង​ការ​ទាំងអស់​នេះ យើង​លើសជាងអ្នកមានជ័យជម្នះ​ទៅទៀត ដោយនូវ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​។


រីឯ​អ្នក​ដែល​រួម​ជាមួយ​ព្រះអម្ចាស់ នឹង​បានជា​វិញ្ញាណ​មួយ​។


នេះ​មិនមែន​ថា យើង​ត្រួតត្រា​លើ​ជំនឿ​របស់អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ យើង​ជា​អ្នករួមការងារ ដើម្បីជា​អំណរ​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ឈរមាំ​ដោយសារតែ​ជំនឿ​។


ទោះបីជា​យើង​រស់នៅ​ក្នុង​សាច់ឈាម​ក៏ដោយ ក៏​យើង​មិនមែន​តយុទ្ធ​តាមសាច់ឈាម​ឡើយ


ដូចដែល​សេចក្ដីពិត​របស់​ព្រះ​គ្រីស្ទ​ស្ថិតនៅ​ក្នុង​ខ្ញុំ មោទនភាព​របស់ខ្ញុំ​នេះ នឹង​មិន​ត្រូវបាន​បញ្ឈប់​នៅ​តំបន់​អាខៃ​ឡើយ​។


ពីព្រោះ​អ្នករាល់គ្នា​កំពុង​រក​ភស្តុតាង​ដែលបញ្ជាក់ថា​ព្រះ​គ្រីស្ទ​កំពុង​មានបន្ទូល​តាមរយៈ​ខ្ញុំ​។ ព្រះអង្គ​មិន​ទន់ខ្សោយ​ចំពោះ​អ្នករាល់គ្នា​ទេ ផ្ទុយទៅវិញ ព្រះអង្គ​មានព្រះចេស្ដា​ក្នុងចំណោម​អ្នករាល់គ្នា​។


ចូរ​ពិចារណា​ខ្លួនឯង​មើល៍ ថា​តើ​អ្នករាល់គ្នា​ស្ថិត​ក្នុង​ជំនឿ​ឬយ៉ាងណា​។ ចូរ​ពិសោធ​ខ្លួនឯង​មើល៍​ចុះ​។ ឬមួយក៏​ខ្លួនអ្នករាល់គ្នាផ្ទាល់​មិន​យល់ឃើញ​ទេ​ឬ ថា​ព្រះយេស៊ូវ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា​? លើកលែងតែ​អ្នករាល់គ្នា​ជា​មនុស្សធ្លាក់ចេញពីការពិសោធ​ប៉ុណ្ណោះ​។


ជាការពិត សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ជំរុញ​យើង ដោយសារ​យើង​បាន​យល់ឃើញ​ដូច្នេះ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដូច្នេះ​មនុស្ស​ទាំងអស់​បាន​ស្លាប់​ហើយ​;


ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​មនុស្ស​ទាំងអស់ ដើម្បីកុំឲ្យ​អ្នក​ដែល​នៅរស់ បាន​រស់​សម្រាប់​ខ្លួនឯង​ទៀតឡើយ គឺ​ឲ្យ​រស់​សម្រាប់​ព្រះអង្គ​ដែល​សុគត និង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​សម្រាប់​ពួកគេ​។


ដ្បិត​យើង​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​ការមើលឃើញ​ទេ​——


ព្រះគ្រីស្ទ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​បាប​របស់យើង ដើម្បី​រំដោះ​យើង​ពី​លោកីយ៍​ដ៏អាក្រក់​នា​បច្ចុប្បន្ននេះ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះដែលជាព្រះបិតា​របស់យើង​។


ប៉ុន្តែ​យើង​ដឹង​ថា មនុស្ស​មិន​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ គឺ​តាមរយៈ​ជំនឿ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​។ ហេតុនេះហើយបានជា​យើង​ជឿលើ​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បីឲ្យ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ គឺ​មិនមែន​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទេ ដ្បិត​គ្មាន​អ្នកណាម្នាក់​នឹង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ​។


ដូច្នេះ ច្បាស់​ហើយ​ថា គ្មានអ្នកណា​ត្រូវបាន​រាប់ជាសុចរិត​នៅចំពោះ​ព្រះ​ដោយ​ក្រឹត្យវិន័យ​ឡើយ ពីព្រោះ“មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ”។


អ្នក​ដែល​ជា​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់ឈាម​ជាមួយ​តណ្ហា និង​ចំណង់​របស់វា​រួចហើយ​។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ជាដាច់ខាត ក្រៅពី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ប៉ុណ្ណោះ​។ ដោយសារតែ​ឈើឆ្កាងនេះ ពិភពលោក​ត្រូវបាន​ឆ្កាង​ចំពោះ​ខ្ញុំ ហើយខ្ញុំក៏​ត្រូវបាន​ឆ្កាង​ចំពោះ​ពិភពលោក​ដែរ​។


និង​ឲ្យ​ព្រះ​គ្រីស្ទ​គង់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​តាមរយៈ​ជំនឿ ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​បាន​ចាក់ឫស និង​ចាក់គ្រឹះរឹងមាំ​ក្នុង​សេចក្ដីស្រឡាញ់


ព្រមទាំង​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​ចុះ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ដែរ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ទុកជា​តង្វាយ និង​យញ្ញបូជា ដើម្បី​ជា​ក្លិនក្រអូបពិដោរ​ដល់​ព្រះ​។


ប្ដី​រាល់គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ក្រុមជំនុំ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​ក្រុមជំនុំ​ដែរ


ដ្បិត​សម្រាប់​ខ្ញុំ ការ​រស់​គឺ​ព្រះ​គ្រីស្ទ ហើយ​ការ​ស្លាប់​គឺ​ចំណេញ​។


ខ្ញុំ​អាច​ធ្វើ​គ្រប់ការទាំងអស់​បាន ក្នុង​ព្រះអង្គ​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ​។


ព្រះ​សព្វព្រះហឫទ័យ​ឲ្យ​ពួកវិសុទ្ធជន​ដឹង​ក្នុងចំណោម​សាសន៍ដទៃ​ថា ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​អាថ៌កំបាំង​នោះ​ជា​យ៉ាងណា​; អាថ៌កំបាំងនោះ​គឺ​ព្រះ​គ្រីស្ទ​ដែលគង់នៅ​ក្នុង​អ្នករាល់គ្នា ជា​សេចក្ដីសង្ឃឹម​នៃ​សិរីរុងរឿង​!


និង​ដើម្បី​រង់ចាំ​ព្រះបុត្រា​របស់​ព្រះអង្គ​យាងមក​ពី​ស្ថានសួគ៌ ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ គឺ​ព្រះយេស៊ូវ​ដែល​ស្រោចស្រង់​យើង​ពី​ព្រះពិរោធ​ដែល​រៀបនឹង​មក​៕


ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង ដើម្បីឲ្យ​យើង​រស់នៅ​ជាមួយ​ព្រះអង្គ ទោះបីជា​យើង​ដឹងខ្លួន​ក្ដី ដេកលក់​ក្ដី​។


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


មហាបូជាចារ្យ‍គ្រប់រូប​ត្រូវបាន​តែងតាំង​ឲ្យ​ថ្វាយ​តង្វាយ និង​យញ្ញបូជា ដូច្នេះ​ព្រះអង្គនេះ​ក៏​ត្រូវតែ​មាន​អ្វីមួយ​ថ្វាយ​ដែរ។


ទោះបីជា​អ្នករាល់គ្នា​មិន​បាន​ឃើញ​ព្រះអង្គ​ក៏ដោយ ក៏​អ្នករាល់គ្នា​ស្រឡាញ់​ព្រះអង្គ​; ទោះបីជា​អ្នករាល់គ្នា​មើលមិនឃើញ​ព្រះអង្គ​នៅ​ឥឡូវនេះ​ក៏ដោយ ក៏​អ្នករាល់គ្នា​នៅតែ​ជឿលើ​ព្រះអង្គ ហើយ​ត្រេកអរយ៉ាងខ្លាំង​ដោយ​អំណរ​ដ៏រុងរឿង​ដែល​រកពាក្យថ្លែងពុំបាន


ប៉ុន្តែ​ប្រសិនបើ​យើង​ដើរ​ក្នុង​ពន្លឺ ដូចដែល​ព្រះអង្គ​គង់នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​ការប្រកប​ជាមួយ​គ្នាទៅវិញទៅមក ហើយ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​ព្រះបុត្រា​របស់​ព្រះ សម្អាត​យើង​ពី​គ្រប់​បាប​ទាំងអស់​។


យើង​បាន​ឃើញ ហើយ​ឥឡូវនេះ​យើង​ធ្វើបន្ទាល់​ថា ព្រះ​បិតា​បាន​ចាត់​ព្រះបុត្រា​ឲ្យមក​ជា​ព្រះសង្គ្រោះ​នៃ​ពិភពលោក​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ


មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម