កូឡុស 1 - ព្រះគម្ពីរខ្មែរសាកលពាក្យជម្រាបសួរ 1 ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន 2 ជូនចំពោះវិសុទ្ធជនដែលជាបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅកូឡុស។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង មានដល់អ្នករាល់គ្នា! អរព្រះគុណដល់ព្រះ 3 នៅពេលអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណដល់ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង 4 ដោយបានឮអំពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះវិសុទ្ធជនទាំងអស់—— 5 ជំនឿ និងសេចក្ដីស្រឡាញ់នេះ មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ 6 ដែលមកដល់អ្នករាល់គ្នា។ នៅក្នុងពិភពលោកទាំងមូល ដំណឹងល្អនេះកំពុងបង្កើតផល ព្រមទាំងចម្រើនឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយយល់ព្រះគុណរបស់ព្រះក្នុងសេចក្ដីពិត 7 តាមដែលអ្នករាល់គ្នាបានរៀនពីអេប៉ាប្រាសអ្នកបម្រើរួមការងារដ៏ជាទីស្រឡាញ់ជាមួយយើង។ គាត់ជាអ្នកបម្រើស្មោះត្រង់របស់ព្រះគ្រីស្ទសម្រាប់អ្នករាល់គ្នា 8 ហើយគាត់បានប្រាប់ឲ្យយើងដឹងអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាក្នុងព្រះវិញ្ញាណដែរ។ អធិស្ឋានសម្រាប់ការរីកចម្រើនខាងវិញ្ញាណ 9 ដោយហេតុនេះ តាំងពីថ្ងៃដែលយើងបានឮអំពីការនេះ យើងក៏អធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរ ទាំងទូលសុំឲ្យអ្នករាល់គ្នាត្រូវបានបំពេញដោយការយល់ដឹងត្រឹមត្រូវអំពីបំណងព្រះហឫទ័យរបស់ព្រះ ក្នុងគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ 10 ដើម្បីឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះអម្ចាស់ ទាំងបំពេញព្រះហឫទ័យព្រះអង្គក្នុងគ្រប់ជំពូក ហើយបង្កើតផលក្នុងគ្រប់ទាំងការល្អ ព្រមទាំងចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវអំពីព្រះ។ 11 សូមឲ្យអ្នករាល់គ្នាមានកម្លាំងឡើងដោយអំណាចគ្រប់ជំពូក ស្របតាមព្រះចេស្ដាប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់យ៉ាង 12 ទាំងអរព្រះគុណដោយអំណរដល់ព្រះបិតាដែលធ្វើឲ្យអ្នករាល់គ្នាមានសមត្ថភាពរួមចំណែកក្នុងមរតករបស់វិសុទ្ធជន នៅក្នុងពន្លឺ។ 13 ព្រះអង្គបានស្រោចស្រង់យើងពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងអាណាចក្ររបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 14 នៅក្នុងព្រះបុត្រា យើងមានការប្រោសលោះ និងការលើកលែងទោសបាប។ ព្រះគ្រីស្ទជាចំណុចកណ្ដាលនៃអ្វីៗទាំងអស់ 15 ព្រះបុត្រាជារូបតំណាងរបស់ព្រះដែលយើងមើលមិនឃើញ ជាកូនច្បងនៃរបស់សព្វសារពើដែលត្រូវបានបង្កើត 16 ដ្បិតរបស់សព្វសារពើត្រូវបាននិម្មិតបង្កើតដោយព្រះអង្គ គឺអ្វីៗដែលនៅលើមេឃ និងនៅលើផែនដី អ្វីៗដែលយើងមើលឃើញ និងមើលមិនឃើញ ទោះបីជារាជ្យបល្ល័ង្ក ឬរាជ្យអំណាច អំណាចគ្រប់គ្រង ឬសិទ្ធិអំណាចក៏ដោយ គឺអ្វីៗសព្វសារពើត្រូវបាននិម្មិតបង្កើតតាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ។ 17 ព្រះអង្គគង់នៅមុនរបស់សព្វសារពើ ហើយរបស់សព្វសារពើមាននៅដោយសារតែព្រះអង្គ។ 18 ព្រះអង្គជាក្បាលរបស់រូបកាយ ដែលជាក្រុមជំនុំ ព្រះអង្គជាដើមដំបូង ជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ ដើម្បីឲ្យព្រះអង្គបានជាទីមួយក្នុងចំណោមរបស់សព្វសារពើ 19 ដ្បិតព្រះសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងភាពពេញលេញស្ថិតនៅក្នុងព្រះបុត្រា 20 ហើយដោយបង្កើតសន្តិភាពតាមរយៈព្រះលោហិតពីឈើឆ្កាងរបស់ព្រះបុត្រា ព្រះបានផ្សះផ្សារបស់សព្វសារពើនឹងអង្គទ្រង់តាមរយៈព្រះបុត្រា ទាំងអ្វីៗនៅលើផែនដី និងអ្វីៗនៅលើមេឃ។ 21 ពីមុន អ្នករាល់គ្នាត្រូវបានបំបែកចេញពីព្រះ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយសារតែអំពើអាក្រក់ 22 ប៉ុន្តែឥឡូវនេះ ព្រះអង្គបានផ្សះផ្សាអ្នករាល់គ្នានឹងអង្គទ្រង់ តាមរយៈការសុគតរបស់ព្រះគ្រីស្ទ គឺក្នុងព្រះកាយខាងសាច់ឈាមរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាឲ្យឈរនៅចំពោះព្រះអង្គ ទាំងវិសុទ្ធ ឥតសៅហ្មង និងឥតមានកន្លែងបន្ទោសបាន 23 ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់នូវជំនឿមែន ទាំងត្រូវបានចាក់គ្រឹះ ហើយមាំមួន ដោយមិនរង្គើចេញពីសេចក្ដីសង្ឃឹមនៃដំណឹងល្អដែលអ្នករាល់គ្នាបានឮ។ គឺដំណឹងល្អនេះ ដែលត្រូវបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំ ប៉ូល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះដែរ។ ព័ន្ធកិច្ចរបស់ប៉ូល 24 ឥឡូវនេះ ខ្ញុំអរសប្បាយក្នុងទុក្ខលំបាកសម្រាប់អ្នករាល់គ្នា ហើយកំពុងបំពេញភាពខ្វះខាតនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ មកក្នុងរូបសាច់របស់ខ្ញុំ ដោយយល់ដល់ព្រះកាយរបស់ព្រះគ្រីស្ទ ដែលជាក្រុមជំនុំ។ 25 ខ្ញុំបានក្លាយជាអ្នកបម្រើរបស់ក្រុមជំនុំនេះ ស្របតាមតួនាទីដែលព្រះបានប្រទានដល់ខ្ញុំដោយយល់ដល់អ្នករាល់គ្នា ដើម្បីបំពេញការផ្សាយព្រះបន្ទូលរបស់ព្រះឲ្យសម្រេច។ 26 ព្រះបន្ទូលនេះ ជាអាថ៌កំបាំងដែលត្រូវបានលាក់ទុកក្នុងអស់ទាំងជំនាន់ដ៏យូរលង់មកហើយ ប៉ុន្តែឥឡូវនេះ ត្រូវបានសម្ដែងដល់វិសុទ្ធជនរបស់ព្រះអង្គហើយ។ 27 ព្រះសព្វព្រះហឫទ័យឲ្យពួកវិសុទ្ធជនដឹងក្នុងចំណោមសាសន៍ដទៃថា ភាពបរិបូរនៃសិរីរុងរឿងរបស់អាថ៌កំបាំងនោះជាយ៉ាងណា; អាថ៌កំបាំងនោះគឺព្រះគ្រីស្ទដែលគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីរុងរឿង! 28 យើងប្រកាសព្រះគ្រីស្ទ ដោយទូន្មានមនុស្សទាំងអស់ ហើយបង្រៀនមនុស្សទាំងអស់ដោយអស់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ដល់ព្រះ ជាមនុស្សពេញវ័យក្នុងព្រះគ្រីស្ទ។ 29 សម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតស៊ូ ស្របតាមឫទ្ធានុភាពរបស់ព្រះអង្គ ដែលកំពុងចេញឥទ្ធិពលយ៉ាងខ្លាំងក្នុងខ្ញុំ។ |