Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

រ៉ូម 9 - ព្រះគម្ពីរខ្មែរសាកល


អ៊ីស្រាអែលបដិសេធព្រះគ្រីស្ទ

1 ខ្ញុំ​និយាយ​សេចក្ដីពិត​ក្នុង​ព្រះ​គ្រីស្ទ ខ្ញុំ​មិន​ភូតភរ​ទេ សតិសម្បជញ្ញៈ​របស់ខ្ញុំ​ក៏​ធ្វើបន្ទាល់ជាមួយ​ខ្ញុំ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែរ

2 ថា ខ្ញុំ​មាន​ទុក្ខព្រួយ​យ៉ាងខ្លាំង និង​ការឈឺចុកចាប់​ឥតឈប់ឈរ​នៅក្នុង​ចិត្ត​របស់ខ្ញុំ​។

3 ខ្ញុំ​សុខចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា​ដាច់ចេញពី​ព្រះ​គ្រីស្ទ ជំនួស​បងប្អូនរួមជាតិ​របស់ខ្ញុំ ដែល​ជា​សាច់ញាតិ​របស់ខ្ញុំ​ខាងសាច់ឈាម

4 គឺ​ជនជាតិអ៊ីស្រាអែល​។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និង​សេចក្ដីសន្យា សុទ្ធតែជា​របស់​ពួកគេ​;

5 ពួក​បុព្វបុរស​ជា​របស់​ពួកគេ ហើយ​ព្រះ​គ្រីស្ទ​ក៏​កើតពី​ពួកគេ​ខាងសាច់ឈាម​ដែរ​។ ព្រះអង្គ​ជា​ព្រះ​លើ​របស់​សព្វសារពើ ដែល​សមនឹងទទួលការលើកតម្កើង​អស់កល្បជានិច្ច​។ អាម៉ែន​!


ព្រះជ្រើសតាំងអ៊ីស្រាអែល

6 យ៉ាងណាមិញ មិនមែន​ថា​ព្រះបន្ទូល​របស់​ព្រះ​ទៅជាឥតប្រយោជន៍​ឡើយ ដ្បិត​មិនមែន​អស់អ្នក​ដែល​កើតពី​អ៊ីស្រាអែល ជា​ជនជាតិអ៊ីស្រាអែល​នោះ​ទេ

7 ហើយ​ពួកគេ​ក៏មិនមែន​សុទ្ធតែ​ជា​កូន ដោយសារ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ដែរ ផ្ទុយទៅវិញ“អ្នកដែល​កើតពី​អ៊ីសាក នឹង​ត្រូវបាន​ហៅថា​ពូជពង្ស​របស់អ្នក”។

8 នេះមានន័យថា មិនមែន​កូន​ៗ​ខាងសាច់ឈាម​ទេ ដែល​ជា​កូន​របស់​ព្រះ ផ្ទុយទៅវិញ គឺ​កូន​នៃ​សេចក្ដីសន្យា​ទេ ដែល​ត្រូវ​រាប់​ជា​ពូជពង្ស​។

9 ដ្បិត​ព្រះបន្ទូល​នៃ​សេចក្ដីសន្យា គឺ​ដូចតទៅ​:“ឆ្នាំក្រោយយើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។

10 មិនគ្រាន់តែប៉ុណ្ណោះទេ រេបិកា​ក៏​មានផ្ទៃពោះ​ជាមួយ​បុរស​ម្នាក់​ដូច្នោះដែរ គឺ​អ៊ីសាក​ដូនតា​របស់យើង​។

11 ជាការពិត កាល​កូនទាំងពីរ​មិនទាន់​កើត​នៅឡើយ ហើយក៏មិនទាន់​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់ (​ដើម្បីឲ្យ​គោលបំណង​របស់​ព្រះ​ដែល​ស្របតាម​ការជ្រើសតាំង បាន​នៅស្ថិតស្ថេរ

12 មិនមែន​ដោយសារតែ​ការប្រព្រឹត្ត គឺ​ដោយសារតែ​ព្រះអង្គ​ដែល​ត្រាស់ហៅ​វិញ​) ព្រះ​មានបន្ទូល​នឹង​រេបិកា​ថា​៖“កូនច្បង​នឹង​បម្រើ​កូនប្អូន”

13 ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“យើង​បាន​ស្រឡាញ់​យ៉ាកុប ប៉ុន្តែ​ស្អប់​អេសាវ”។


ការជ្រើសតាំងដ៏សុចរិតយុត្តិធម៌របស់ព្រះ

14 បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​ព្រះ​អយុត្តិធម៌​ឬ​? មិនមែនដូច្នោះជាដាច់ខាត​!

15 ដ្បិត​ព្រះ​មានបន្ទូល​នឹង​ម៉ូសេ​ថា​៖ “យើង​នឹង​មេត្តាករុណា​ដល់​អ្នកណាដែល​យើង​មេត្តាករុណា​; យើង​នឹង​អាណិតអាសូរ​ដល់​អ្នកណាដែល​យើង​អាណិតអាសូរ”។

16 ដូច្នេះ មិនមែន​ស្រេចលើ​បំណង ឬ​ការប្រឹងប្រែង​របស់​មនុស្ស​ទេ គឺ​ស្រេចលើ​ព្រះ​ដែល​មេត្តាករុណា​វិញ​។

17 ជាការពិត ព្រះគម្ពីរ​បាន​ថ្លែង​ទៅ​ផារ៉ោន​ថា​: “យើង​បាន​តាំង​អ្នក​ឡើង​ដើម្បី​ការនេះ គឺ​ដើម្បីឲ្យ​យើង​បាន​សម្ដែង​ចេស្ដា​របស់យើង​តាមរយៈ​អ្នក និង​ដើម្បីឲ្យ​នាម​របស់យើង​បាន​ប្រកាស​ទៅ​ទូទាំង​ពិភពលោក”។

18 ពោលគឺ ព្រះ​ចង់​មេត្តាករុណា​ដល់​អ្នកណា ក៏​មេត្តាករុណា​ដល់​អ្នកនោះ ហើយ​ព្រះអង្គ​ចង់​ធ្វើឲ្យ​អ្នកណា​មានចិត្តរឹងរូស ក៏​ធ្វើឲ្យ​អ្នកនោះ​មានចិត្តរឹងរូស​ដែរ​។

19 ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា​៖ “ចុះ​ហេតុអ្វីបានជា​ព្រះ​នៅតែ​ចាប់កំហុស​ទៀត​? ព្រោះថា តើ​នរណា​អាច​ប្រឆាំង​នឹង​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​?”។

20 ឱ មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​តមាត់​នឹង​ព្រះ​? អ្វី​ដែល​ត្រូវបាន​សូន មិន​អាច​និយាយ​នឹង​អ្នក​ដែល​សូន​ថា​៖ “ហេតុអ្វីបានជា​ធ្វើ​ខ្ញុំ​យ៉ាងនេះ​?” ទេ មែនទេ​?

21 ឬមួយក៏​ជាងស្មូន​គ្មាន​សិទ្ធិ​លើ​ដីឥដ្ឋ ដើម្បី​ធ្វើ​ភាជនៈ​ពី​ដុំ​ដីឥដ្ឋ​ដដែល គឺ​មួយ​សម្រាប់​ការថ្លៃថ្នូរ មួយ​សម្រាប់​ការមិនថ្លៃថ្នូរ​នោះ​ទេ​ឬ​?

22 ចុះ​បើ​ព្រះ​បាន​ទ្រាំទ្រ​ដោយ​ការអត់ធ្មត់​យ៉ាងខ្លាំង ចំពោះ​ភាជនៈ​នៃ​ព្រះពិរោធ​ដែល​ត្រូវបាន​រៀបចំ​ទុក​សម្រាប់​ការបំផ្លាញ ទោះបីជា​ព្រះអង្គ​មានព្រះហឫទ័យ​ចង់​សម្ដែង​ព្រះពិរោធ ហើយ​បើកឲ្យស្គាល់​ព្រះចេស្ដា​របស់​ព្រះអង្គ​ក៏ដោយ តើយ៉ាងណាទៅ​!

23 មួយវិញទៀត ចុះបើ​ការនេះ​គឺ​ដើម្បី​បើកឲ្យស្គាល់​នូវ​ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ ចំពោះ​ភាជនៈ​នៃ​សេចក្ដីមេត្តា​នោះ​ដែល​ព្រះអង្គ​បាន​រៀបចំទុកមុន​សម្រាប់​សិរីរុងរឿង​ទៅហើយ តើយ៉ាងណាទៅ​!

24 ភាជនៈទាំងនោះ​រួមមានទាំង​យើង​ដែរ ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ មិនគ្រាន់តែ​ពី​ជនជាតិយូដា​ប៉ុណ្ណោះទេ គឺថែមទាំង​ពី​សាសន៍ដទៃ​ទៀតផង​។

25 ដូចដែល​ព្រះអង្គ​មានបន្ទូល​នៅក្នុង​គម្ពីរ​ហូសេ​ថា​: “យើង​នឹង​ហៅ​អ្នក​ដែល​មិនមែន​ជា​ប្រជារាស្ត្រ​របស់យើង​ថា ‘ប្រជារាស្ត្រ​របស់យើង’ ហើយ​ហៅ​អ្នក​ដែល​មិន​ត្រូវបាន​ស្រឡាញ់​ថា ‘ជាទីស្រឡាញ់’។

26 ត្រង់​កន្លែង​ដែល​បាន​ប្រាប់​ទៅ​ពួកគេ​ថា​: ‘អ្នករាល់គ្នា​មិនមែន​ជា​ប្រជារាស្ត្រ​របស់យើង​ទេ’ នៅ​កន្លែងនោះ​ឯង ពួកគេ​នឹង​ត្រូវបាន​ហៅថា ‘កូន​ៗ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់’ ”។

27 រីឯ​អេសាយ​ក៏​ស្រែក​អំពី​អ៊ីស្រាអែល​ថា​: “ទោះបីជា​កូនចៅ​អ៊ីស្រាអែល មាន​ចំនួន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក៏ដោយ ក៏​មាន​សំណល់តែបន្តិច​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ​។

28 ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​ព្រះបន្ទូល​សម្រេច​នៅលើ​ផែនដី​នេះ យ៉ាង​ហ្មត់ចត់ និង​ឆាប់រហ័ស”។

29 មួយវិញទៀត ដូចដែល​អេសាយ​បាន​ថ្លែងទុកមុនថា​: “ប្រសិនបើ​ព្រះអម្ចាស់​នៃ​ពលបរិវារ​មិន​បាន​បន្សល់​ពូជ​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ”។


ភាពគ្មានជំនឿរបស់អ៊ីស្រាអែល

30 បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? សាសន៍ដទៃ​ដែល​មិន​បាន​ស្វែងរក​សេចក្ដីសុចរិត ទទួលបាន​សេចក្ដីសុចរិត គឺ​សេចក្ដីសុចរិត​ដែល​មកពី​ជំនឿ

31 រីឯ​អ៊ីស្រាអែល​វិញ គេ​ដេញតាម​ក្រឹត្យវិន័យ​នៃ​សេចក្ដីសុចរិត ប៉ុន្តែ​មិន​បាន​ដល់​ក្រឹត្យវិន័យ​នោះ​ឡើយ​។

32 ហេតុអ្វីបានជា​ដូច្នេះ​? ពីព្រោះ​ពួកគេ​មិន​បានដេញតាម​ដោយ​ជំនឿ​ទេ គឺ​ដេញតាម ហាក់ដូចជា​ដោយ​ការប្រព្រឹត្ត​ទៅវិញ​។ ពួកគេ​បាន​ជំពប់ដួល​នឹង “ថ្ម​នៃ​ការជំពប់”

33 ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “មើល៍! នៅ​ស៊ីយ៉ូន​យើង​ដាក់​ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​; ប៉ុន្តែ​អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ” ៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម