២ កូរិនថូស 2 - ព្រះគម្ពីរខ្មែរសាកល1 ដូច្នេះ ខ្ញុំបានសម្រេចចិត្តក្នុងការនេះដោយខ្លួនខ្ញុំថា ខ្ញុំនឹងមិនមករកអ្នករាល់គ្នាដោយនាំទុក្ខព្រួយមកទៀតឡើយ។ 2 ដ្បិតប្រសិនបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ចុះតើអ្នកណានឹងធ្វើឲ្យខ្ញុំអរសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ? 3 ខ្ញុំបានសរសេរសេចក្ដីនេះ ដើម្បីកាលណាខ្ញុំមកដល់ ខ្ញុំមិនព្រួយចិត្តដោយសារតែអ្នកដែលគួរតែធ្វើឲ្យខ្ញុំអរសប្បាយ ពីព្រោះខ្ញុំជឿជាក់លើអ្នកទាំងអស់គ្នាថា អំណររបស់ខ្ញុំ គឺជាអំណររបស់អ្នកទាំងអស់គ្នាដែរ។ 4 ដ្បិតដែលខ្ញុំបានសរសេរមកអ្នករាល់គ្នាទាំងទឹកភ្នែកជាច្រើន គឺសរសេរដោយចេញពីទុក្ខវេទនាដ៏ធំ និងការឈឺចាប់នៃចិត្ត ហើយមិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ដែលខ្ញុំមានជាពិសេសចំពោះអ្នករាល់គ្នា។ ត្រូវលើកលែងទោសឲ្យអ្នកដែលប្រព្រឹត្តបាប 5 ប្រសិនបើមានអ្នកណាបានបង្កការព្រួយចិត្ត អ្នកនោះមិនបានធ្វើឲ្យខ្ញុំព្រួយចិត្តទេ គឺបានធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយចិត្តវិញ ត្រឹមកម្រិតណាមួយ——ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យនិយាយធ្ងន់ពេក។ 6 ទោសនោះដែលអ្នករាល់គ្នាភាគច្រើនបានដាក់លើមនុស្សបែបនោះ ល្មមហើយ។ 7 ដូច្នេះ ស៊ូឲ្យអ្នករាល់គ្នាលើកលែងទោស ហើយសម្រាលទុក្ខអ្នកនោះវិញ ក្រែងលោគាត់ត្រូវទុក្ខព្រួយដ៏ហួសប្រមាណលេបបាត់ទៅ។ 8 ដោយហេតុនេះ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបញ្ជាក់សេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាដល់គាត់។ 9 តាមពិត ខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសារតែការនេះឯង គឺដើម្បីបានដឹងពីអត្តចរិតដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬយ៉ាងណា។ 10 អ្នកណាក៏ដោយដែលអ្នករាល់គ្នាលើកលែងទោសអំពីរឿងអ្វីមួយ ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ។ ជាការពិត ប្រសិនបើខ្ញុំបានលើកលែងទោសអំពីរឿងអ្វីមួយ អ្វីដែលខ្ញុំលើកលែងទោសនោះ គឺខ្ញុំលើកលែងទោសនៅចំពោះព្រះភក្ត្រព្រះគ្រីស្ទហើយ ដោយយល់ដល់អ្នករាល់គ្នា 11 ដើម្បីកុំឲ្យយើងត្រូវសាតាំងឆ្លៀតឱកាសឡើយ ដ្បិតមិនមែនថាយើងមិនស្គាល់ល្បិចរបស់វាទេ។ ធ្វើដំណើរទៅម៉ាសេដូន 12 កាលខ្ញុំបានទៅទ្រអាសដើម្បីប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ទ ទោះបីជាទ្វារបានបើកឲ្យខ្ញុំក្នុងព្រះអម្ចាស់ហើយក៏ដោយ 13 ក៏ខ្ញុំមិនបានស្ងប់ក្នុងវិញ្ញាណរបស់ខ្ញុំសោះ ពីព្រោះខ្ញុំរកមិនឃើញទីតុសបងប្អូនរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំក៏លាបងប្អូននៅទីនោះ ហើយចេញដំណើរទៅម៉ាសេដូន។ ក្លិនពិដោរនៃជីវិត ឬសេចក្ដីស្លាប់ 14 ប៉ុន្តែសូមអរព្រះគុណដល់ព្រះ! ព្រះអង្គតែងតែនាំយើងឲ្យមានជ័យជម្នះក្នុងព្រះគ្រីស្ទ ហើយសាយក្លិនក្រអូបនៃចំណេះដឹងអំពីព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង។ 15 ដ្បិតយើងជាក្លិនពិដោររបស់ព្រះគ្រីស្ទដល់ព្រះ ក្នុងចំណោមអ្នកដែលកំពុងបានសង្គ្រោះ និងក្នុងចំណោមអ្នកដែលកំពុងវិនាស; 16 ចំពោះអ្នកដែលកំពុងវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំទៅសេចក្ដីស្លាប់ រីឯចំពោះអ្នកដែលកំពុងបានសង្គ្រោះ យើងជាក្លិននៃជីវិតដែលនាំទៅជីវិត។ តើនរណាស័ក្ដិសមនឹងការងារទាំងនេះ? 17 ជាការពិត យើងមិនដូចមនុស្សជាច្រើនដែលយកព្រះបន្ទូលរបស់ព្រះជារបររកស៊ីនោះទេ ផ្ទុយទៅវិញ យើងនិយាយដូចជាមនុស្សស្មោះត្រង់ គឺដូចជានិយាយចេញពីព្រះ នៅចំពោះព្រះ ក្នុងព្រះគ្រីស្ទ៕ |