Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ កូរិនថូស 4 - ព្រះគម្ពីរខ្មែរសាកល


ពន្លឺនៃដំណឹងល្អ

1 ហេតុនេះហើយបានជា​យើង​មិន​ធ្លាក់ទឹកចិត្ត​ឡើយ ដោយ​បាន​ទទួល​ការងារបម្រើ​នេះ ដូចដែល​យើង​បាន​ទទួលសេចក្ដីមេត្តា​ដែរ​។

2 ផ្ទុយទៅវិញ យើង​លះចោល​អំពើ​លាក់កំបាំង​ដ៏​គួរឲ្យខ្មាស ហើយ​មិន​ដើរ​ក្នុង​ល្បិចកល​ឡើយ ព្រមទាំងមិន​បំប្លែង​ព្រះបន្ទូល​របស់​ព្រះ​ដែរ គឺ​នៅចំពោះ​ព្រះ យើង​ណែនាំ​ខ្លួនយើង​ឲ្យ​សតិសម្បជញ្ញៈ​របស់​មនុស្ស​ទាំងអស់​ទទួលយក ដោយ​ការបើកសម្ដែង​សេចក្ដីពិត​។

3 ប៉ុន្តែ​ប្រសិនបើ​ដំណឹងល្អ​របស់យើង​ត្រូវបាន​គ្របបាំង​មែន ក៏​វា​ត្រូវបាន​គ្របបាំង​ចំពោះ​អ្នក​ដែល​កំពុង​វិនាស

4 ដ្បិត​សម្រាប់​ពួកគេ ព្រះ​ខាង​លោកីយ៍​នេះ​បាន​ធ្វើឲ្យ​ចិត្តគំនិត​របស់​ពួកគេ​ដែល​មិនជឿ​ទៅជា​ខ្វាក់ ដើម្បីកុំឲ្យ​ឃើញ​ពន្លឺ​នៃ​ដំណឹងល្អ​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​ដែល​ជា​រូបតំណាង​របស់​ព្រះ​នោះ​ឡើយ​។

5 ជាការពិត យើង​ប្រកាស​មិនមែន​អំពី​ខ្លួនយើង​ទេ គឺ​អំពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ហើយ​ខ្លួនយើង​ជា​បាវបម្រើ​របស់អ្នករាល់គ្នា ដោយសារតែ​ព្រះយេស៊ូវ​។

6 ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ទ្រព្យសម្បត្តិក្នុងភាជនៈដី

7 យ៉ាងណាមិញ យើង​មាន​ទ្រព្យសម្បត្តិ​នេះ​នៅក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់ថា​ព្រះចេស្ដា​ដ៏ប្រសើរហួសវិស័យ​នេះ​ជា​របស់​ព្រះ គឺ​មិនមែន​ចេញពី​យើង​ទេ​។

8 យើង​រងទុក្ខ​គ្រប់បែបយ៉ាង ប៉ុន្តែ​មិន​ទាល់ច្រក​ទេ​; យើង​វល់គំនិត ប៉ុន្តែ​មិន​អស់សង្ឃឹម​ទេ​;

9 យើង​ត្រូវគេ​បៀតបៀន ប៉ុន្តែ​យើង​មិន​ត្រូវបាន​បោះបង់ចោល​ទេ​; យើង​ត្រូវគេ​វាយឲ្យដួល ប៉ុន្តែ​មិន​វិនាស​ទេ​។

10 យើង​តែងតែ​ផ្ទុក​ការសុគត​របស់​ព្រះយេស៊ូវ​នៅក្នុង​រូបកាយ​ជានិច្ច ដើម្បីឲ្យ​ជីវិត​របស់​ព្រះយេស៊ូវ​ត្រូវបាន​សម្ដែង​ក្នុង​រូបកាយ​របស់យើង​ដែរ​។

11 ពិតមែនហើយ យើង​ដែល​នៅរស់ តែងតែ​ត្រូវគេ​ប្រគល់​ទៅ​សេចក្ដីស្លាប់​ជានិច្ច​ដោយសារតែ​ព្រះយេស៊ូវ ដើម្បីឲ្យ​ជីវិត​របស់​ព្រះយេស៊ូវ​ត្រូវបាន​សម្ដែង​ក្នុង​រូបកាយ​របស់យើង​ដែលរមែងតែងតែស្លាប់​។

12 ដូច្នេះ សេចក្ដីស្លាប់​កំពុង​ចេញឥទ្ធិពល​នៅក្នុង​យើង រីឯ​អ្នករាល់គ្នា​វិញ ជីវិត​កំពុង​ចេញឥទ្ធិពល​នៅក្នុង​អ្នករាល់គ្នា​។

13 ដោយ​យើង​មាន​វិញ្ញាណ​នៃ​ជំនឿ​ដូចគ្នា ស្របតាម​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​: “ខ្ញុំ​បាន​ជឿ បានជា​ខ្ញុំ​និយាយ” ដូច្នេះ​យើង​ក៏​ជឿ បានជា​យើង​និយាយ​ដែរ

14 ពីព្រោះ​យើង​ដឹង​ថា ព្រះអង្គ​ដែល​លើក​ព្រះអម្ចាស់​យេស៊ូវ​ឲ្យរស់ឡើងវិញ ក៏​នឹង​លើក​យើង​ឲ្យរស់ឡើងវិញ​ជាមួយ​ព្រះយេស៊ូវ​ដែរ ព្រមទាំង​នាំ​យើង​ឲ្យឈរ​ជាមួយ​អ្នករាល់គ្នា នៅចំពោះ​ព្រះអង្គ​។

15 ពិតមែនហើយ អ្វីៗ​ទាំងអស់​គឺ​សម្រាប់​អ្នករាល់គ្នា ដើម្បី​នៅពេល​ព្រះគុណ​ចម្រើនឡើង​ដល់​មនុស្ស​កាន់តែច្រើន ការអរព្រះគុណ​ក៏​កើនឡើង ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះ​។

16 ដោយហេតុនេះ យើង​មិន​ធ្លាក់ទឹកចិត្ត​ឡើយ ដ្បិត​ទោះបីជា​បុគ្គល​ខាងក្រៅ​របស់យើង​កំពុង​សាបសូន្យ​ទៅ​ក៏ដោយ ក៏​បុគ្គល​ខាងក្នុង​របស់យើង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ​។

17 ដ្បិត​ទុក្ខវេទនា​ដ៏ស្រាលៗ​តែមួយភ្លែត​របស់យើង​នេះ កំពុង​នាំមក​ដល់​យើង​នូវ​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ​។

18 យើង​មិន​ផ្ដោតចិត្ត​លើ​អ្វី​ដែល​មើលឃើញ​នោះ​ទេ គឺ​ផ្ដោតចិត្ត​លើ​អ្វី​ដែល​មើលមិនឃើញ​វិញ ពីព្រោះ​អ្វីៗ​ដែល​មើលឃើញ​នៅបានតែមួយរយៈ រីឯ​អ្វីៗ​ដែល​មើលមិនឃើញ នៅស្ថិតស្ថេរ​អស់កល្បជានិច្ច​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម