សូមឲ្យអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះនិយាយដូច្នេះ គឺអ្នកដែលព្រះអង្គបានប្រោសលោះពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
អេសាយ 35:10 - ព្រះគម្ពីរខ្មែរសាកល រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ នឹងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។ អាល់គីតាប ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។ |
សូមឲ្យអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះនិយាយដូច្នេះ គឺអ្នកដែលព្រះអង្គបានប្រោសលោះពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ពេលនោះ មាត់របស់យើងបានពេញដោយសំណើច ហើយអណ្ដាតរបស់យើងក៏ពេញដោយសម្រែកហ៊ោសប្បាយ; នោះគេបានពោលក្នុងចំណោមប្រជាជាតិនានាថា៖ “ព្រះយេហូវ៉ាបានធ្វើការធំអស្ចារ្យសម្រាប់អ្នកទាំងនេះ!”។
ឱបើសេចក្ដីសង្គ្រោះរបស់អ៊ីស្រាអែលចេញមកពីស៊ីយ៉ូនទៅអេះ! នៅពេលព្រះយេហូវ៉ាធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដែលជាឈ្លើយសឹកត្រឡប់មកវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ សូមឲ្យអ៊ីស្រាអែលបានអរសប្បាយ!៕
សូមឲ្យទូលបង្គំឮសេចក្ដីរីករាយ និងអំណរផង សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ បានត្រេកអរវិញ។
ស៊ីយ៉ូននឹងត្រូវបានប្រោសលោះដោយសេចក្ដីយុត្តិធម៌ ពួកអ្នកដែលកែប្រែចិត្តនៃទីក្រុងនោះនឹងត្រូវបានប្រោសលោះដោយសេចក្ដីសុចរិត។
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ប្រជាជននៃស៊ីយ៉ូន ដែលរស់នៅយេរូសាឡិមអើយ អ្នកនឹងមិនយំទៀតឡើយ។ ព្រះអង្គនឹងមេត្តាដល់អ្នកជាប្រាកដចំពោះសំឡេងស្រែកយំរបស់អ្នក។ កាលណាព្រះអង្គទ្រង់ឮ ព្រះអង្គនឹងឆ្លើយមកអ្នក។
គឺចេញផ្កាយ៉ាងសន្ធឹក ហើយត្រេកអរដោយអំណរ ព្រមទាំងស្រែកហ៊ោសប្បាយផង។ សិរីរុងរឿងរបស់លីបង់នឹងត្រូវបានប្រទានដល់វា ព្រមទាំងអានុភាពរបស់កើមែល និងវាលសារ៉ូនផង; គេនឹងឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា ជាអានុភាពរបស់ព្រះនៃយើងរាល់គ្នា។
យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
អ្នកនឹងអុំពួកវាចេញ ហើយខ្យល់នឹងផាត់ពួកវាទៅ ខ្យល់ព្យុះក៏នឹងកម្ចាត់កម្ចាយពួកវាទៅដែរ រីឯអ្នកវិញ អ្នកនឹងត្រេកអរក្នុងព្រះយេហូវ៉ា អ្នកនឹងអួតក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ព្រះអាទិត្យរបស់អ្នកនឹងមិនលិចទៀតឡើយ ហើយព្រះចន្ទរបស់អ្នកក៏មិនជ្រេដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នក ហើយគ្រានៃការកាន់ទុក្ខរបស់អ្នកនឹងផុតទៅ។
ជំនួសឲ្យសេចក្ដីអាម៉ាស់របស់អ្នករាល់គ្នា នឹងមានចំណែកទ្វេដង ជំនួសឲ្យភាពអាប់យស អ្នករាល់គ្នានឹងស្រែកហ៊ោសប្បាយដោយព្រោះចំណែករបស់ខ្លួន។ គឺយ៉ាងនេះឯងដែលអ្នករាល់គ្នានឹងកាន់កាប់ចំណែកទ្វេដងនៅក្នុងទឹកដីរបស់អ្នករាល់គ្នា អំណរដ៏អស់កល្បនឹងទៅជារបស់អ្នករាល់គ្នា។
ផ្ទុយទៅវិញ ចូររីករាយ ហើយត្រេកអរជារៀងរហូតចំពោះអ្វីដែលយើងបាននិម្មិតបង្កើតនោះ ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតយេរូសាឡិមសម្រាប់ជាអំណរ ក៏នឹងនិម្មិតបង្កើតប្រជាជនរបស់នាងសម្រាប់ជាសេចក្ដីរីករាយ។
យើងនឹងត្រេកអរនឹងយេរូសាឡិម យើងនឹងរីករាយនឹងប្រជារាស្ត្ររបស់យើង; សំឡេងយំសោក និងសំឡេងកាន់ទុក្ខ នឹងមិនឮនៅក្នុងទីក្រុងនោះទៀតឡើយ។
ព្រះអង្គបានធ្វើឲ្យប្រជាជាតិនោះកើនចំនួនឡើង ហើយបង្កើនអំណរដល់ពួកគេ។ ពួកគេបានអរសប្បាយនៅចំពោះព្រះអង្គ ដូចជាអំណរក្នុងការច្រូតកាត់ ដូចដែលគេត្រេកអរក្នុងការចែកជ័យភណ្ឌ។
ដូចដែលកូនមនុស្សបានមក មិនមែនដើម្បីឲ្យគេបម្រើឡើយ គឺដើម្បីបម្រើវិញ ព្រមទាំងប្រគល់ជីវិតរបស់ខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង”។
ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
ព្រះអង្គបានថ្វាយអង្គទ្រង់ជាថ្លៃលោះជំនួសមនុស្សទាំងអស់ ការនេះជាទីបន្ទាល់ដែលផ្ដល់មកក្នុងពេលកំណត់។
ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំសេចក្ដីមេត្តារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ សេចក្ដីស្លាប់នឹងលែងមានទៀតឡើយ ហើយក៏លែងមានទុក្ខព្រួយ ការយំសោក ឬការឈឺចាប់ទៀតដែរ ដ្បិតអ្វីៗពីមុនបានកន្លងផុតទៅហើយ”។