អេសាយ 35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥សម័យកាលដ៏ប្រសើររុងរឿង 1 វាលរហោស្ថាន និងដីហួតហែង ចូររីករាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុសស្គាយឡើង! 2 ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតព្រះអម្ចាស់ប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ 3 ចូរជួយអ្នកដែលទន់ដៃទន់ជើង ឲ្យមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ! 4 ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺព្រះអង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។ 5 ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្ដាប់ឮ 6 មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរ នៅវាលហួតហែង។ 7 ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរ ស្រុកដែលធ្លាប់តែរីងស្ងួត បែរជាមានប្រភពទឹកផុសឡើងជាច្រើន នៅតាមរូងចចក បែរជាមានដើមត្រែង និងដើមកក់ដុះវិញ។ 8 នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះព្រះអម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។ 9 គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេ មានតែពួកឈ្លើយដែលព្រះអង្គបានលោះ មកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។ 10 ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies