Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ធីម៉ូថេ 2 - ព្រះគម្ពីរខ្មែរសាកល


សេចក្ដីបង្គាប់អំពីការអធិស្ឋាន

1 ដោយហេតុនេះ មុនដំបូង​ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ឲ្យ​ថ្វាយ​សេចក្ដីទូលអង្វរ សេចក្ដីអធិស្ឋាន ពាក្យទូលអង្វរជំនួស និង​ពាក្យអរព្រះគុណ សម្រាប់​មនុស្ស​ទាំងអស់

2 សម្រាប់​ស្ដេច និង​សម្រាប់​អស់អ្នក​ដែល​មាន​តំណែងខ្ពស់ ដើម្បីឲ្យ​យើង​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏សុខសាន្ត និង​ស្ងប់ស្ងាត់ ដោយ​ការគោរពព្រះ និង​សេចក្ដីថ្លៃថ្នូរ​គ្រប់ជំពូក​។

3 នេះ​ជា​ការល្អ ហើយ​ជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះ​ដែលជា​ព្រះសង្គ្រោះ​នៃយើង​។

4 ព្រះអង្គ​មានបំណង​ឲ្យ​មនុស្ស​ទាំងអស់​បាន​សង្គ្រោះ ហើយ​មក​ដល់​ចំណេះដឹង​នៃ​សេចក្ដីពិត​។

5 ជាការពិត​មាន​ព្រះ​តែមួយអង្គគត់ មាន​អ្នកកណ្ដាល​តែមួយគត់​រវាង​ព្រះ និង​មនុស្ស គឺ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែលជា​មនុស្ស​;

6 ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជា​ថ្លៃលោះ​ជំនួស​មនុស្ស​ទាំងអស់ ការនេះ​ជា​ទីបន្ទាល់​ដែលផ្ដល់មក​ក្នុង​ពេលកំណត់​។

7 សម្រាប់​ទីបន្ទាល់នេះឯង ដែល​ខ្ញុំ​ត្រូវបាន​តែងតាំងឲ្យធ្វើជា​អ្នកប្រកាស និង​ជា​សាវ័ក ជា​គ្រូបង្រៀន​របស់​សាសន៍ដទៃ អំពី​ជំនឿ និង​សេចក្ដីពិត​។ ខ្ញុំ​និយាយ​សេចក្ដីពិត ខ្ញុំ​មិន​ភូតភរ​ទេ​។


សេចក្ដីបង្គាប់ដល់បុរស និងស្ត្រី

8 ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុស‍ៗ​នៅ​គ្រប់​ទីកន្លែង អធិស្ឋាន​ដោយ​លើក​ដៃ​ដ៏វិសុទ្ធ​ឡើង ដោយគ្មាន​កំហឹង ឬ​ការឈ្លោះប្រកែក​។

9 ដូចគ្នាដែរ ខ្ញុំ​ក៏​ចង់​ឲ្យ​ស្រី​ៗ​តែងខ្លួន​ដោយ​សម្លៀកបំពាក់​សមរម្យ ទាំង​ចេះអៀនខ្លួន និង​ចេះគ្រប់គ្រងចិត្ត​; មិនមែន​ដោយ​ការក្រងសក់ ឬ​ដោយ​មាស ឬ​គជ់ ឬ​សម្លៀកបំពាក់​ថ្លៃៗ​ឡើយ

10 គឺ​ដោយ​ការធ្វើល្អ​វិញ ដែល​សមគួរ​នឹង​ស្ត្រី​ដែល​ថា​ខ្លួនឯង​គោរពព្រះ​។

11 ត្រូវ​ឲ្យ​ស្រី​ៗ​រៀន​យ៉ាងស្ងៀមស្ងាត់ ដោយ​ចុះចូល​ទាំងស្រុង​។

12 ខ្ញុំ​មិន​អនុញ្ញាតឲ្យ​មនុស្សស្រី​បង្រៀន ឬ​ប្រើអំណាច​លើ​មនុស្សប្រុស​ឡើយ គឺ​ឲ្យ​នៅ​ស្ងៀមស្ងាត់​វិញ

13 ដ្បិត​អ័ដាម​ត្រូវបាន​បង្កើត​ជាមុន រួចមក​អេវ៉ា

14 ហើយ​អ័ដាម​មិន​បាន​ចាញ់បោក​ទេ គឺ​ស្ត្រី​វិញ ដែល​ចាញ់បោក ហើយ​ធ្លាក់​ទៅក្នុង​ការល្មើស​។

15 យ៉ាងណាមិញ មនុស្សស្រី​នឹង​ត្រូវបាន​រក្សា​តាមរយៈ​ការបង្កើតកូន ប្រសិនបើ​នាង​ស្ថិតនៅ​ក្នុង​ជំនឿ សេចក្ដីស្រឡាញ់ និង​ភាពវិសុទ្ធ ដោយ​ការគ្រប់គ្រងចិត្ត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម