Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

វិវរណៈ 18 - ព្រះគម្ពីរខ្មែរសាកល


ការរលំរបស់បាប៊ីឡូនដ៏ធំ

1 បន្ទាប់ពីការទាំងនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត ចុះមក​ពី​លើមេឃ ប្រកបដោយ​សិទ្ធិអំណាច​ដ៏ធំ ហើយ​ផែនដី​ក៏​ត្រូវបាន​បំភ្លឺ​ដោយ​រស្មីរុងរឿង​របស់​ទូតនោះ​។

2 ទូតនោះ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “រលំ​ហើយ​! បាប៊ីឡូន​ដ៏ធំ​បាន​រលំ​ហើយ​! នាង​បាន​ក្លាយជា​លំនៅ​របស់​ពួក​អារក្ស ជា​សម្បុក​របស់​អស់ទាំង​វិញ្ញាណអសោច ជា​សម្បុក​របស់​អស់ទាំង​បក្សាបក្សី​អសោច និង​ជា​សម្បុក​របស់​អស់ទាំង​សត្វព្រៃ​អសោច​គួរឲ្យស្អប់ខ្ពើម​។

3 ដ្បិត​ប្រជាជាតិ​ទាំងអស់​បាន​ផឹក​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ដែល​នាំមកនូវ​សេចក្ដីក្រេវក្រោធ បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង បណ្ដា​ឈ្មួញ​នៃ​ផែនដី​បាន​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយសារតែ​ការរស់នៅក្នុងអបាយមុខ​ដ៏ហួសហេតុ​របស់​នាង”។

4 បន្ទាប់មក ខ្ញុំ​ឮ​សំឡេង​មួយទៀត​ពី​លើមេឃ ពោលថា​៖ “ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ចេញ​ពី​នាង​មក ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាន​ចូលរួម​ក្នុង​បាប​ទាំងឡាយ​របស់​នាង ហើយ​កុំឲ្យ​អ្នករាល់គ្នា​បាន​ជួប​គ្រោះកាច​របស់​នាង​ឡើយ

5 ដ្បិត​បាប​របស់​នាង​បាន​គរឡើង​ដល់​មេឃ​ហើយ ហើយ​ព្រះ​បាន​នឹកចាំ​អំពី​បទល្មើស​របស់​នាង​។

6 ចូរ​តបសង​នាង​តាមដែល​នាង​បាន​តបសង​គេ គឺ​តបសងទ្វេដង​តាម​ទង្វើ​របស់​នាង​។ ក្នុង​ពែង​ដែល​នាង​បាន​លាយ ចូរ​លាយ​ទ្វេដង​ឲ្យ​នាង​។

7 នាង​បាន​លើកតម្កើង​ខ្លួនឯង ហើយ​រស់នៅក្នុងអបាយមុខ​យ៉ាងណា ចូរ​ផ្ដល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ដល់​នាង​យ៉ាងនោះដែរ ដ្បិត​នាង​និយាយ​ក្នុង​ចិត្ត​ថា​: ‘អញ​អង្គុយ​ជា​មហាក្សត្រិយានី អញ​មិនមែន​ជា​ស្ត្រីមេម៉ាយ​ទេ ហើយ​អញ​នឹង​មិន​ជួប​ទុក្ខព្រួយ​ឡើយ’។

8 ដោយហេតុនេះ គ្រោះកាច​ដែល​នាង​ត្រូវ​ទទួល គឺ​សេចក្ដីស្លាប់ ទុក្ខព្រួយ និង​ទុរ្ភិក្ស នឹង​មកដល់​ក្នុង​មួយ​ថ្ងៃ នាង​នឹង​ត្រូវបាន​ដុតចោល​ដោយ​ភ្លើង ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដែល​ជំនុំជម្រះ​នាង ទ្រង់​ខ្លាំងពូកែ”។


កាន់ទុក្ខចំពោះបាប៊ីឡូន

9 បណ្ដា​ស្ដេច​នៃ​ផែនដី​ដែល​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ហើយ​រស់នៅក្នុងអបាយមុខ​ជាមួយ​នាង នឹង​យំសោក​គក់ទ្រូង​ចំពោះ​នាង កាលណា​ពួកគេ​ឃើញ​ផ្សែង​ពី​ចំហេះ​នាង​។

10 ដោយ​ភ័យខ្លាច​ចំពោះ​ការឈឺចាប់​របស់​នាង ពួកគេ​ក៏​ឈរ​ពី​ចម្ងាយ ហើយ​ពោលថា​៖ “វេទនា​ហើយ​! វេទនា​ហើយ​! បាប៊ីឡូន​ក្រុង​ដ៏ធំ ជា​ក្រុង​ដ៏ខ្លាំងពូកែ​អើយ​! ដ្បិត​ការជំនុំជម្រះ​របស់អ្នក​បាន​មក​ដល់​ក្នុងមួយរំពេច​!”។

11 បណ្ដា​ឈ្មួញ​នៃ​ផែនដី​ក៏​យំសោក​កាន់ទុក្ខ​ចំពោះ​នាង ពីព្រោះ​គ្មានអ្នកណា​ទិញ​ទំនិញ​របស់​ពួកគេ​ទៀត​ឡើយ​។

12 ទំនិញ​នោះ គឺ​មាស ប្រាក់ ត្បូង​ដ៏មានតម្លៃ គជ់ ក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់​ពណ៌ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌ក្រហមឆ្អៅ ឈើ​ក្រអូប​គ្រប់ប្រភេទ គ្រឿង​ភ្លុក​គ្រប់ប្រភេទ គ្រឿង​ផ្សេងៗ​ដែលធ្វើ​ពី​ឈើ​ដ៏មានតម្លៃ ពី​លង្ហិន ដែក និង​ថ្មកែវ

13 ក៏​មាន​ឈើអែម គ្រឿងទេស គ្រឿងក្រអូប ប្រេងក្រអូប កំញាន ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅមី ស្រូវសាលី គោ ចៀម សេះ រទេះ ហើយ​រូបកាយ និង​ព្រលឹង​របស់​មនុស្ស​។

14 “ផលផ្លែ​នៃ​ការប្រាថ្នាចង់បាន​របស់​ចិត្ត​អ្នក បាន​ចាកចេញ​ពី​អ្នក ហើយ​អស់ទាំង​ភាពប្រណិត និង​ភាពរុងរឿង​ក៏​បាត់បង់​ពី​អ្នក​ដែរ គេ​នឹង​រក​មិន​ឃើញ​របស់ទាំងនោះ​ទៀត​សោះឡើយ”។

15 បណ្ដា​ឈ្មួញ​ខាង​របស់​ទាំងនោះ ដែល​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយព្រោះ​នាង នឹង​ឈរ​ពី​ចម្ងាយ​ដោយសារតែ​ការភ័យខ្លាច​ចំពោះ​ការឈឺចាប់​របស់​នាង ទាំង​យំសោក​កាន់ទុក្ខ

16 ហើយ​ពោលថា​៖ “វេទនា​ហើយ​! វេទនា​ហើយ​! ក្រុង​ដ៏ធំ​ដែល​ដណ្ដប់​ដោយ​ក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់​ពណ៌ស្វាយ ក្រណាត់​ពណ៌ក្រហមឆ្អៅ ហើយ​តុបតែងខ្លួន​ដោយ​មាស ត្បូង​ដ៏មានតម្លៃ និង​គជ់​អើយ‍​!

17 ទ្រព្យសម្បត្តិ​ដ៏ច្រើនម្ល៉េះ​បាន​វិនាស​ក្នុងមួយរំពេច​!”។ អស់ទាំង​នាយនាវា អ្នក​ធ្វើដំណើរតាមសំពៅ អ្នកដើរសំពៅ និង​អស់អ្នកដែល​រកស៊ី​តាម​សមុទ្រ ក៏​ឈរ​ពី​ចម្ងាយ​ដែរ

18 នៅពេល​ឃើញ​ផ្សែង​ពី​ចំហេះ​នាង ពួកគេ​ស្រែកឡើង​ថា​៖ “តើ​មាន​ទីក្រុង​ណា អាចប្រៀបផ្ទឹមនឹង​ក្រុង​ដ៏ធំ​នេះ​បាន​?”។

19 ពួកគេ​បាច​ធូលី​លើ​ក្បាល​របស់​ខ្លួន ទាំង​យំសោក​កាន់ទុក្ខ ហើយ​ស្រែកឡើង​ថា​៖ “វេទនា​ហើយ​! វេទនា​ហើយ​! ក្រុង​ដ៏ធំ ជាកន្លែងដែល​អស់អ្នក​ដែល​មាន​សំពៅ​នៅតាម​សមុទ្រ បាន​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយសារតែ​ទ្រព្យសម្បត្តិ​របស់​នាង​អើយ​! ដ្បិត​នាង​បាន​វិនាស​ក្នុងមួយរំពេច​ហើយ​!

20 មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


ចុងបញ្ចប់របស់បាប៊ីឡូន

21 ពេលនោះ ទូតសួគ៌​ខ្លាំងពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដូច​ត្បាល់កិន​ដ៏ធំ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ ទាំង​ពោលថា​៖ “បាប៊ីឡូន​ជា​ក្រុង​ដ៏ធំ​នឹង​ត្រូវ​ទម្លាក់​យ៉ាងសាហាវ​ដូច្នេះ ហើយក៏​រក​មិន​ឃើញ​ទៀត​សោះឡើយ​‍!

22 សំឡេង​អ្នកលេងពិណ អ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និង​អ្នកផ្លុំត្រែ លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​! អស់ទាំង​ជាង​តាម​ជំនាញ​គ្រប់មុខ ក៏​រក​មិន​ឃើញ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​ត្បាល់កិន ក៏​លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​!

23 ពន្លឺ​ចង្កៀង មិន​ភ្លឺ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​កូនកំលោះ និង​កូនក្រមុំ ក៏‍​លែង​ឮ​ក្នុង​អ្នក​ទៀត​ដែរ​! ពីព្រោះ​បណ្ដា​ឈ្មួញ​របស់អ្នក ជា​អ្នកធំ​នៃ​ផែនដី និង​ពីព្រោះ​ប្រជាជាតិ​ទាំងអស់​ត្រូវបាន​បោកបញ្ឆោត​ដោយ​មន្តអាគម​របស់អ្នក

24 ហើយ​ឈាម​របស់​បណ្ដា​ព្យាការី វិសុទ្ធជន និង​អស់អ្នក​ដែល​ត្រូវគេ​សម្លាប់​នៅលើ​ផែនដី ត្រូវបាន​រកឃើញ​ក្នុង​នាង”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម