ទំនុកតម្កើង 126 - ព្រះគម្ពីរខ្មែរសាកលសេចក្ដីរីករាយរបស់អ្នកដែលត្រឡប់មកវិញ ចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 នៅពេលព្រះយេហូវ៉ាបានធ្វើឲ្យឈ្លើយសឹកនៃស៊ីយ៉ូនត្រឡប់មកវិញ យើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិ។ 2 ពេលនោះ មាត់របស់យើងបានពេញដោយសំណើច ហើយអណ្ដាតរបស់យើងក៏ពេញដោយសម្រែកហ៊ោសប្បាយ; នោះគេបានពោលក្នុងចំណោមប្រជាជាតិនានាថា៖ “ព្រះយេហូវ៉ាបានធ្វើការធំអស្ចារ្យសម្រាប់អ្នកទាំងនេះ!”។ 3 ព្រះយេហូវ៉ាបានធ្វើការធំអស្ចារ្យសម្រាប់យើង ដូច្នេះយើងអរសប្បាយ។ 4 ព្រះយេហូវ៉ាអើយ សូមបង្វែរយើងខ្ញុំដែលជាឈ្លើយសឹកមកវិញ ដូចជាជ្រោះទឹកនៅណេកិបផង! 5 អ្នកដែលសាបព្រោះទាំងទឹកភ្នែក នឹងច្រូតទាំងសម្រែកហ៊ោសប្បាយ។ 6 អ្នកដែលយកគ្រាប់ពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ អ្នកនោះប្រាកដជាត្រឡប់មកវិញដោយសម្រែកហ៊ោសប្បាយ ទាំងយកកណ្ដាប់ស្រូវរបស់ខ្លួនមកផង៕ |