តើយុវជនអាចរក្សាផ្លូវរបស់ខ្លួនឲ្យបរិសុទ្ធបានយ៉ាងដូចម្ដេច? គឺដោយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ!
២ កូរិនថូស 7:1 - ព្រះគម្ពីរខ្មែរសាកល អ្នកដ៏ជាទីស្រឡាញ់អើយ ដោយហេតុនេះ ដោយយើងមានសេចក្ដីសន្យាទាំងនេះហើយ ដូច្នេះចូរជម្រះខ្លួនពីគ្រប់ទាំងសេចក្ដីសៅហ្មងខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបង្ហើយការញែកជាវិសុទ្ធក្នុងការកោតខ្លាចព្រះ។ Khmer Christian Bible ហេតុនេះហើយ បងប្អូនជាទីស្រឡាញ់អើយ! ដោយមានសេចក្ដីសន្យាទាំងនេះ ចូរយើងសំអាតខ្លួនពីភាពស្មោកគ្រោកទាំងឡាយខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបំពេញសេចក្ដីបរិសុទ្ធដោយការកោតខ្លាចព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ដោយមានសេចក្តីសន្យាទាំងនេះ ចូរយើងសម្អាតខ្លួនពីគ្រប់ទាំងសេចក្តីស្មោកគ្រោកខាងសាច់ឈាម និងខាងវិញ្ញាណចេញ ទាំងខំឲ្យបានបរិសុទ្ធទាំងស្រុង ដោយកោតខ្លាចដល់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលព្រះបន្ទូលសន្យាដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបរិសុទ្ធ* ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានវិសុទ្ធ*ទាំងស្រុង ដោយគោរពកោតខ្លាចព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកស្ងួនភ្ងាអើយ ដែលមានសេចក្ដីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ។ អាល់គីតាប បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលបន្ទូលសន្យានៃអុលឡោះដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានបរិសុទ្ធទាំងស្រុង ដោយគោរពកោតខ្លាចអុលឡោះ។ |
តើយុវជនអាចរក្សាផ្លូវរបស់ខ្លួនឲ្យបរិសុទ្ធបានយ៉ាងដូចម្ដេច? គឺដោយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ!
ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីបរិសុទ្ធ ទាំងនៅស្ថិតស្ថេរជារៀងរហូត ច្បាប់របស់ព្រះយេហូវ៉ាជាសេចក្ដីពិត ទាំងសុចរិតយុត្តិធម៌គ្រប់ជំពូក។
ឱព្រះអើយ សូមនិម្មិតបង្កើតចិត្តបរិសុទ្ធឲ្យទូលបង្គំ សូមស្ដារវិញ្ញាណទៀងត្រង់ឡើងវិញ នៅក្នុងទូលបង្គំផង!
អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។
តើនរណាអាចនិយាយបានថា៖ “ខ្ញុំបានរក្សាចិត្តរបស់ខ្ញុំឲ្យបរិសុទ្ធ ខ្ញុំបានជ្រះស្អាតពីបាបរបស់ខ្ញុំហើយ”?
មានជំនាន់មួយដែលបរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែមិនដែលលាងភាពស្មោកគ្រោករបស់ខ្លួនចេញ។
ការកោតខ្លាចព្រះយេហូវ៉ា គឺស្អប់សេចក្ដីអាក្រក់; ខ្ញុំស្អប់ភាពក្រអឺតក្រទម អំនួត ផ្លូវនៃសេចក្ដីអាក្រក់ និងមាត់នៃសេចក្ដីកំហូច។
ដូច្នេះ ចូរដកទុក្ខព្រួយចេញពីចិត្តរបស់អ្នក ហើយយកការឈឺចាប់ចេញពីសាច់ឈាមរបស់អ្នកចុះ។ ជាការពិត យុវវ័យ និងវ័យពេញកម្លាំងសុទ្ធតែឥតន័យ៕
ចូរលាងសម្អាត ចូរជម្រះខ្លួនឲ្យបរិសុទ្ធ ចូរយកទង្វើអាក្រក់របស់អ្នករាល់គ្នាចេញពីមុខភ្នែករបស់យើង! ចូរឈប់ធ្វើអាក្រក់
ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។
“ធ្វើឲ្យដើមឈើល្អ ផលវាក៏ល្អ ឬធ្វើឲ្យដើមឈើអាក្រក់ ផលវាក៏អាក្រក់ដែរ; ដ្បិតដើមឈើនឹងសម្គាល់បានដោយផលផ្លែរបស់វា។
ដូច្នេះ អ្នករាល់គ្នាគួរតែបានគ្រប់លក្ខណ៍ ដូចដែលព្រះបិតាសួគ៌របស់អ្នករាល់គ្នាគ្រប់លក្ខណ៍ដែរ។
ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។
ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត
ពីព្រោះអ្នករាល់គ្នាត្រូវបានលោះមកវិញដោយតម្លៃថ្លៃ។ ដូច្នេះ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយរូបកាយរបស់អ្នករាល់គ្នាចុះ៕
ដ្បិតសេចក្ដីសន្យាទាំងអស់របស់ព្រះ គឺជា “មែន” នៅក្នុងព្រះគ្រីស្ទ ហេតុនេះហើយបានជាយើងពោលថា “អាម៉ែន” ដល់ព្រះ តាមរយៈព្រះគ្រីស្ទ ដើម្បីជាសិរីរុងរឿងដល់ព្រះអង្គ។
ពីមុនយើងទាំងអស់គ្នាក៏រស់នៅក្នុងតណ្ហាសាច់ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ គឺយើងប្រព្រឹត្តតាមបំណងនៃសាច់ឈាម និងចិត្តគំនិត ហើយជាកូននៃព្រះពិរោធពីកំណើតដូចអ្នកឯទៀតដែរ។
ដើម្បីពង្រឹងចិត្តរបស់អ្នករាល់គ្នា ឲ្យឥតបន្ទោសបាននៅចំពោះព្រះដែលជាព្រះបិតារបស់យើង ដោយសេចក្ដីវិសុទ្ធ នៅពេលព្រះយេស៊ូវព្រះអម្ចាស់នៃយើងយាងមកវិញជាមួយវិសុទ្ធជនទាំងអស់របស់ព្រះអង្គ! អាម៉ែន៕
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់ញែកអ្នករាល់គ្នាជាវិសុទ្ធទាំងស្រុង ព្រមទាំងរក្សាវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូលឲ្យឥតកំហុស នៅពេលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងយាងមកវិញ។
បានមកដល់ក្រុមជំនុំនៃបណ្ដាកូនច្បងដែលត្រូវបានចុះបញ្ជីនៅស្ថានសួគ៌ បានមកដល់ព្រះដែលជាចៅក្រមនៃមនុស្សទាំងអស់ បានមកដល់វិញ្ញាណរបស់បណ្ដាមនុស្សសុចរិតដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍
ដូច្នេះ ដោយយើងបានទទួលអាណាចក្រដែលមិនចេះរញ្ជួយ ចូរឲ្យយើងមានចិត្តដឹងគុណ ដែលតាមរយៈចិត្តដឹងគុណនេះ យើងអាចបម្រើព្រះឲ្យគាប់ព្រះហឫទ័យព្រះអង្គ ដោយជំនឿស៊ប់ និងការកោតខ្លាច។
ដូច្នេះ ដរាបណាដែលសេចក្ដីសន្យាអំពីការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះនៅមាននៅឡើយ ចូរឲ្យយើងរាល់គ្នាភ័យខ្លាច ក្រែងលោមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមើលទៅដូចជាឈោងទៅមិនដល់។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ទោះបីជាយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់អំពីសេចក្ដីល្អជាងសម្រាប់អ្នករាល់គ្នា គឺសេចក្ដីដែលទាក់ទងនឹងសេចក្ដីសង្គ្រោះ
ចូរចូលទៅជិតព្រះ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកមនុស្សបាបអើយ ចូរលាងដៃរបស់អ្នករាល់គ្នាឲ្យស្អាតចុះ! ពួកមនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធចុះ!
ផ្ទុយទៅវិញ ដូចដែលព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទ្រង់វិសុទ្ធយ៉ាងណា អ្នករាល់គ្នាក៏ត្រូវតែបានវិសុទ្ធក្នុងគ្រប់ទាំងកិរិយាយ៉ាងនោះដែរ
ដោយអ្នករាល់គ្នាហៅព្រះអង្គនោះដែលជំនុំជម្រះតាមការប្រព្រឹត្តរបស់ម្នាក់ៗដោយឥតលំអៀង ថាព្រះបិតា ដូច្នេះចូររស់នៅដោយការកោតខ្លាច ក្នុងពេលដែលអ្នករាល់គ្នាជាជនរស់នៅបណ្ដោះអាសន្នចុះ
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដែលជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ន ឲ្យចៀសវាងពីតណ្ហាខាងសាច់ឈាមដែលតែងតែតយុទ្ធនឹងព្រលឹងរបស់អ្នករាល់គ្នា។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈហើយ ព្រះនៃព្រះគុណគ្រប់យ៉ាងដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះអង្គផ្ទាល់នឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ទាំងពង្រឹង ប្រទានកម្លាំង ហើយតាំងអ្នករាល់គ្នាឡើង។
ប៉ុន្តែប្រសិនបើយើងដើរក្នុងពន្លឺ ដូចដែលព្រះអង្គគង់នៅក្នុងពន្លឺ នោះយើងមានការប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវព្រះបុត្រារបស់ព្រះ សម្អាតយើងពីគ្រប់បាបទាំងអស់។
ប្រសិនបើយើងសារភាពបាបរបស់យើង នោះដោយសារព្រះអង្គទ្រង់ស្មោះត្រង់ និងសុចរិតយុត្តិធម៌ ដូច្នេះព្រះអង្គនឹងលើកលែងទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់សេចក្ដីទុច្ចរិតទាំងអស់។
អស់អ្នកដែលមានសេចក្ដីសង្ឃឹមនេះលើព្រះអង្គ ក៏ជម្រះខ្លួនឯងឲ្យបរិសុទ្ធ ដូចដែលព្រះអង្គទ្រង់បរិសុទ្ធដែរ។