Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 20 - ព្រះគម្ពីរខ្មែរសាកល

1 ស្រា​ជា​អ្នកចំអកឡកឡឺយ ហើយ​គ្រឿងស្រវឹង​ជា​អ្នក​ឡូឡា អស់អ្នក​ដែល​វង្វេង​ដោយសារតែ​វា គ្មានប្រាជ្ញាឡើយ​។

2 សេចក្ដីគំរាមកំហែង​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ អ្នកដែល​ធ្វើឲ្យ​ទ្រង់​ខ្ញាល់ គឺ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រលឹង​របស់ខ្លួន​។

3 ការនៅឲ្យឆ្ងាយ​ពី​ជម្លោះ​ជា​សិរីរុងរឿង​សម្រាប់​មនុស្ស រីឯ​អស់ទាំង​មនុស្សល្ងីល្ងើ​បង្កជម្លោះ​។

4 មនុស្ស​ខ្ជិលច្រអូស​មិន​ភ្ជួររាស់​តាម​រដូវ លុះដល់​រដូវច្រូតកាត់ គាត់​រក​អ្វីច្រូត​មិនបានឡើយ​។

5 ផែនការ​នៅក្នុង​ចិត្ត​មនុស្ស ជា​ទឹក​ដ៏ជ្រៅ ប៉ុន្តែ​មនុស្ស​មាន​ការយល់ដឹង នឹង​ដង​វា​ចេញមក​។

6 មនុស្ស​ជាច្រើន​អះអាង​អំពី​ភាពស្មោះត្រង់​របស់ខ្លួន ប៉ុន្តែ​តើ​នរណា​អាច​រកបាន​មនុស្ស​ស្មោះត្រង់​?

7 មនុស្ស​សុចរិត​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន​; កូនចៅ​ជំនាន់ក្រោយ​របស់គាត់​មានពរ​យ៉ាងណាហ្ន៎​!

8 ស្ដេច​ដែល​គង់​លើ​បល្ល័ង្ក​កាត់ក្ដី ទ្រង់​អុំ​អស់ទាំង​ការ​អាក្រក់​ចេញ​ដោយ​ព្រះនេត្រ​របស់ទ្រង់​។

9 តើ​នរណា​អាច​និយាយ​បាន​ថា​៖ “ខ្ញុំ​បាន​រក្សា​ចិត្ត​របស់ខ្ញុំ​ឲ្យបរិសុទ្ធ ខ្ញុំ​បាន​ជ្រះស្អាត​ពី​បាប​របស់ខ្ញុំ​ហើយ”?

10 កូនជញ្ជីង​ពីរផ្សេងគ្នា និង​រង្វាល់​ពីរផ្សេងគ្នា វា​ទាំង​ពីរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា​។

11 សូម្បីតែ​កូនក្មេង​ក៏​ត្រូវបាន​ស្គាល់​ដោយ​ទង្វើ​របស់វា ថា​តើ​ការប្រព្រឹត្ត​របស់វា​បរិសុទ្ធ និង​ទៀងត្រង់​ឬយ៉ាងណា​។

12 ត្រចៀក​ដែល​ស្ដាប់ឮ និង​ភ្នែក​ដែល​មើលឃើញ គឺ​ព្រះយេហូវ៉ា​បាន​បង្កើត​ទាំង​ពីរ​។

13 កុំ​ស្រឡាញ់​ការដេក​ឡើយ ក្រែងលោ​អ្នក​នឹង​ធ្លាក់ខ្លួនក្រ​; ចូរ​បើក​ភ្នែក​របស់អ្នក នោះ​នឹង​បាន​ឆ្អែត​ដោយ​អាហារ​!

14 អ្នកទិញ​តែងតែ​និយាយថា​៖ “អត់ល្អ​! អត់ល្អ​!” លុះ​ដើរចេញទៅ ក៏​ចេះតែ​អួត​គេ​វិញ​។

15 មាស និង​ត្បូងទទឹម​មាន​បរិបូរ ប៉ុន្តែ​បបូរមាត់​នៃ​ចំណេះដឹង ជា​គ្រឿងអលង្ការ​ដ៏មានតម្លៃ​។

16 ចំពោះ​អ្នកដែល​ធានា​ឲ្យ​ជនមិនស្គាល់ ចូរ​យក​សម្លៀកបំពាក់​របស់គាត់ ចំពោះ​អ្នកដែល​ធានា​ឲ្យ​ស្រីក្រៅ ចូរ​យករបស់បញ្ចាំ​ចុះ​។

17 អាហារ​ដែលបានដោយ​ភូតភរ ផ្អែម​ដល់​មនុស្ស ប៉ុន្តែ​ក្រោយមក មាត់​របស់គេ​នឹង​ពេញ​ដោយ​គ្រាប់ក្រួស​វិញ​។

18 គម្រោង​បាន​សម្រេច​ដោយសារតែ​ការប្រឹក្សា ដូច្នេះ​ចូរ​ធ្វើសង្គ្រាម​ដោយ​ការណែនាំ​។

19 មនុស្សអេចអូច​ដើរចុះឡើង​លាតត្រដាង​រឿងសម្ងាត់ ដូច្នេះ​កុំ​សេពគប់​ជាមួយ​អ្នកដែល​មាន​មាត់ឥតគម្រប​ឡើយ​។

20 ចំពោះ​អ្នកដែល​ជេរប្រមាថ​ឪពុក ឬ​ម្ដាយ​របស់ខ្លួន ចង្កៀង​របស់អ្នកនោះ​នឹង​ត្រូវបាន​ពន្លត់​នៅក្នុង​សេចក្ដីងងឹត​សូន្យសុង​។

21 មរតក​ដែល​បានភ្លាមៗ​ពីដំបូង នៅចុងក្រោយ​មិន​បានពរ​ឡើយ​។

22 កុំ​និយាយថា​៖ “ខ្ញុំ​នឹង​តបសង​ដោយការ​អាក្រក់” ឡើយ​។ ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក​។

23 កូនជញ្ជីង​ពីរផ្សេងគ្នា ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ហើយ​ត្រាជូ​បោកបញ្ឆោត​ក៏​មិន​ល្អ​ដែរ​។

24 ជំហាន​របស់​មនុស្ស​មកពី​ព្រះយេហូវ៉ា ចុះ​មនុស្ស​អាច​យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន​យ៉ាងដូចម្ដេច​បាន​?

25 ការដែល​និយាយដោយធ្វេសប្រហែសថា​៖ “នេះជា​របស់វិសុទ្ធ” រួច​គិតគូរឡើងវិញ​ក្រោយពី​បន់​ហើយ ជា​អន្ទាក់​ដល់​មនុស្ស​។

26 ស្ដេច​ដែល​មានប្រាជ្ញា​អុំ​មនុស្ស​អាក្រក់​ចេញ ហើយ​កិន​ពួកគេ​ដោយ​កង់បញ្ជាន់ស្រូវ​។

27 វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​របស់​ព្រះយេហូវ៉ា ដែល​ស្ទង់មើល​អស់ទាំង​ផ្នែកខាងក្នុងនៃចិត្ត​។

28 សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ការពារ​ស្ដេច ហើយ​បល្ល័ង្ក​របស់ទ្រង់​ត្រូវបាន​ទ្រទ្រង់ ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​។

29 ភាពរុងរឿង​របស់​ពួក​មនុស្សកំលោះ គឺ​កម្លាំង​របស់ពួកគេ ហើយ​សិរីរុងរឿង​របស់​ចាស់ៗ គឺ​សក់ស្កូវ​។

30 ស្នាមរំពាត់ សម្អាត​មនុស្ស​ពី​សេចក្ដី​អាក្រក់ ការវាយដំ សម្អាត​ផ្នែកខាងក្នុងនៃចិត្ត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម