Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 19 - ព្រះគម្ពីរខ្មែរសាកល


ការនិម្មិតបង្កើត និងក្រឹត្យវិន័យរបស់ព្រះ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ផ្ទៃមេឃ​ថ្លែង​អំពី​សិរីរុងរឿង​របស់​ព្រះ លំហអាកាស​ប្រកាស​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

2 មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វា​បញ្ចេញ​វាចា មួយ​យប់​ទៅ​មួយ​យប់ វា​សម្ដែង​ចំណេះដឹង​។

3 គ្មាន​ពាក្យសម្ដី គ្មាន​ភាសា ហើយក៏​មិន​ឮ​សំឡេង​របស់វា​ឡើយ

4 ប៉ុន្តែ​សូរ​របស់វា​ចេញ​ទៅ​ពាសពេញ​ផែនដី ហើយ​ពាក្យពេចន៍​របស់វា​ចេញ​ទៅដល់​ចុងបំផុត​នៃ​ផែនដី​។ នៅក្នុង​វា ព្រះអង្គ​បាន​ដាក់​រោង​សម្រាប់​ព្រះអាទិត្យ

5 ដែល​ចេញមក ដូច​កូនកំលោះ​ចេញពី​បន្ទប់​របស់ខ្លួន ហើយ​រីករាយ ដូច​មនុស្ស​ខ្លាំងពូកែ​រត់តាម​ផ្លូវ​។

6 ព្រះអាទិត្យ​រះ​ពី​ជើងមេឃម្ខាង ហើយ​ចលនាជុំវិញ​របស់វា​ទៅដល់​ជើងមេឃម្ខាង​ទៀត គ្មានអ្វី​លាក់បាំង​ពី​កម្ដៅ​វា​ឡើយ​។

7 ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​គ្រប់លក្ខណ៍ ធ្វើឲ្យ​ព្រលឹង​ស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់​របស់​ព្រះយេហូវ៉ា​ពិតប្រាកដ ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានប្រាជ្ញា

8 ច្បាប់តម្រា​របស់​ព្រះយេហូវ៉ា​ទៀងត្រង់ ធ្វើឲ្យ​ចិត្ត​អរសប្បាយ សេចក្ដីបង្គាប់​របស់​ព្រះយេហូវ៉ា​បរិសុទ្ធ ទាំង​បំភ្លឺ​ភ្នែក​។

9 ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដី​បរិសុទ្ធ ទាំង​នៅស្ថិតស្ថេរ​ជារៀងរហូត ច្បាប់​របស់​ព្រះយេហូវ៉ា​ជា​សេចក្ដីពិត ទាំង​សុចរិតយុត្តិធម៌​គ្រប់ជំពូក​។

10 សេចក្ដីទាំងនោះ​គួរឲ្យប្រាថ្នា​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ជាច្រើន ហើយ​ផ្អែម​ជាង​ទឹកឃ្មុំ និង​តំណក់ទឹកឃ្មុំ​ពី​ផ្លិតឃ្មុំ​ទៅទៀត​។

11 លើសពីនេះទៅទៀត បាវបម្រើ​របស់ព្រះអង្គ ត្រូវបាន​ដាស់តឿន​តាមរយៈ​សេចក្ដីទាំងនេះ ហើយ​ដែល​កាន់តាម​សេចក្ដីទាំងនេះ​មាន​រង្វាន់​យ៉ាងធំ​។

12 តើ​នរណា​អាច​យល់ច្បាស់​នូវ​កំហុស​របស់ខ្លួន​បាន​? សូម​លើកលែងទោស​ទូលបង្គំ​ពី​កំហុស​លាក់កំបាំង​ផង​។

13 សូម​ឃាត់​បាវបម្រើ​របស់ព្រះអង្គ​ពី​បាប​ឥតកោតក្រែង​ដែរ សូម​កុំឲ្យ​វា​គ្រប់គ្រង​លើ​ទូលបង្គំ​ឡើយ នោះ​ទូលបង្គំ​នឹង​បាន​គ្រប់លក្ខណ៍ ហើយ​បាន​រួច​ពី​ការបំពាន​ដ៏ធំ​។

14 ព្រះយេហូវ៉ា​ដ៏ជា​ថ្មដា និង​ជា​ព្រះប្រោសលោះ​នៃទូលបង្គំ​អើយ សូមឲ្យ​សម្ដី​ពី​មាត់​ទូលបង្គំ និង​ការសញ្ជឹងគិត​នៃ​ចិត្ត​ទូលបង្គំ បានជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​ផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម