Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ថែស្សាឡូនីច 3 - ព្រះគម្ពីរខ្មែរសាកល


ចាត់ធីម៉ូថេ

1 ដូច្នេះ ដោយ​មិន​អាច​ទ្រាំ​តទៅទៀត​បាន យើង​ក៏​សម្រេចចិត្ត​ស្នាក់នៅ​អាថែន​តែគ្នាយើង

2 ហើយ​ចាត់​ធីម៉ូថេ​ដែលជា​បងប្អូន​របស់យើង និង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​ក្នុង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឲ្យមក ដើម្បី​ពង្រឹង និង​លើកទឹកចិត្ត​អ្នករាល់គ្នា ខាងឯ​ជំនឿ​របស់អ្នករាល់គ្នា

3 ដើម្បី​កុំឲ្យអ្នកណា​ម្នាក់​ត្រូវបាន​ធ្វើឲ្យរង្គើ​ដោយសារតែ​ទុក្ខវេទនា​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្លួនអ្នករាល់គ្នាផ្ទាល់​ក៏​ដឹង​ហើយ​ថា យើង​ត្រូវបាន​តម្រូវ​សម្រាប់​ទុក្ខវេទនាទាំងនេះឯង​។

4 ជាការពិត កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា យើង​បាន​ប្រាប់​អ្នករាល់គ្នា​ទុកមុន​ថា​យើង​រៀបនឹង​រងទុក្ខ ហើយ​ដូចដែល​អ្នករាល់គ្នា​ដឹង​ស្រាប់ ការនោះ​បាន​កើតឡើង​មែន​។

5 ដោយហេតុនេះ ខ្ញុំក៏​មិន​អាច​ទ្រាំ​តទៅទៀត​បាន បានជា​ខ្ញុំ​ចាត់​ធីម៉ូថេ​ឲ្យមក ដើម្បីឲ្យ​ដឹង​អំពី​ជំនឿ​របស់អ្នករាល់គ្នា ក្រែងលោ​មេល្បួង​បាន​ល្បួង​អ្នករាល់គ្នា ហើយ​ការនឿយហត់​របស់យើង​ទៅជាឥតប្រយោជន៍​វិញ​។


ធីម៉ូថេនាំមកនូវការកម្សាន្តចិត្ត

6 ប៉ុន្តែ​ឥឡូវនេះ ធីម៉ូថេ​បាន​ចេញពី​អ្នករាល់គ្នា​មក​ដល់​យើង​វិញ​ហើយ ព្រមទាំង​នាំដំណឹងដ៏ល្អ​ដល់​យើង អំពី​ជំនឿ និង​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​ទៀតផង ហើយ​ប្រាប់យើង​ថា​អ្នករាល់គ្នា​មាន​អនុស្សាវរីយ៍​ល្អ​អំពី​យើង​ជានិច្ច ទាំង​ចង់​ជួប​យើង​យ៉ាងខ្លាំង ដូចដែល​យើង​ចង់​ជួប​អ្នករាល់គ្នា​ដែរ​។

7 បងប្អូន​អើយ ហេតុនេះហើយបានជា ក្នុង​អស់ទាំង​ការលំបាក និង​ទុក្ខវេទនា​របស់យើង យើង​ទទួល​ការ​កម្សាន្តចិត្ត​ដោយសារតែ​អ្នករាល់គ្នា តាមរយៈ​ជំនឿ​របស់អ្នករាល់គ្នា

8 ដ្បិត​ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ឈរមាំ​ក្នុង​ព្រះអម្ចាស់ នោះ​យើង​ក៏​មានជីវិត​ស្រស់ស្រាយឡើងវិញ​។

9 តើ​យើង​អាច​តបស្នង​ដោយ​ការអរព្រះគុណ​បែបណា​ដល់​ព្រះ​អំពី​អ្នករាល់គ្នា សម្រាប់​អស់ទាំង​អំណរ​ដែល​យើង​បាន​អរសប្បាយ​ដោយព្រោះ​អ្នករាល់គ្នា​នៅចំពោះ​ព្រះ​នៃយើង​?

10 យើង​អធិស្ឋាន​អស់ពីចិត្ត​ទាំងយប់ទាំងថ្ងៃ ឲ្យបាន​ជួប​មុខ​អ្នករាល់គ្នា ហើយ​ឲ្យបាន​បំពេញ​ភាពខ្វះខាត​ខាង​ជំនឿ​របស់អ្នករាល់គ្នា​។


អធិស្ឋានសម្រាប់ក្រុមជំនុំ

11 សូមឲ្យ​ព្រះដែលជាព្រះបិតា​របស់យើង គឺ​ព្រះអង្គផ្ទាល់ និង​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង នាំ​ផ្លូវ​យើង​ឲ្យមក​ជួប​អ្នករាល់គ្នា​។

12 សូមឲ្យ​ព្រះអម្ចាស់​បង្កើន និង​ប្រទានយ៉ាងសម្បូរហូរហៀរ​ដល់​អ្នករាល់គ្នា​នូវ​សេចក្ដីស្រឡាញ់​ចំពោះ​គ្នាទៅវិញទៅមក និង​ចំពោះ​មនុស្ស​ទាំងអស់ ដូចដែល​យើង​មាន​សេចក្ដីស្រឡាញ់​ចំពោះ​អ្នករាល់គ្នា​ដែរ

13 ដើម្បី​ពង្រឹង​ចិត្ត​របស់អ្នករាល់គ្នា ឲ្យ​ឥតបន្ទោសបាន​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង ដោយ​សេចក្ដីវិសុទ្ធ នៅពេល​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​ជាមួយ​វិសុទ្ធជន​ទាំងអស់​របស់​ព្រះអង្គ​! អាម៉ែន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម