Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាស្តា 11 - ព្រះគម្ពីរខ្មែរសាកល


វិនិយោគទៅលើជីវិត

1 ចូរ​បោះ​នំប៉័ង​របស់អ្នក​ទៅលើ​ផ្ទៃ​ទឹក​ចុះ ដ្បិត​យូរ​ថ្ងៃ​ក្រោយមក អ្នក​នឹង​រក​វា​ឃើញ​។

2 ចូរ​ចែក​ចំណែក​ជា​ប្រាំពីរ ឬ​ជា​ប្រាំបី​ចុះ ដ្បិត​អ្នក​មិន​ដឹង​ថា​មហន្តរាយ​អ្វី​នឹង​កើតមាន​នៅលើ​ផែនដី​ឡើយ​។

3 ប្រសិនបើ​ពពក​ពេញ​ដោយ​ទឹកភ្លៀង វា​នឹង​ចាក់​ទឹកភ្លៀង​មកលើ​ផែនដី​; ប្រសិនបើ​ដើមឈើ​រលំ​ទៅ​ទិសខាងត្បូង ឬ​ទៅ​ទិសខាងជើង ដើមឈើ​នោះ​នឹង​ដេក​នៅ​កន្លែង​ដែល​វា​រលំ​។

4 អ្នកដែល​ចេះតែ​សង្កេតមើល​ខ្យល់ នឹង​មិន​សាបព្រោះ​ឡើយ ហើយ​អ្នកដែល​ចេះតែ​សម្លឹងមើល​ពពក ក៏​នឹង​មិន​ច្រូតកាត់​ដែរ​។

5 ដូចដែល​អ្នក​មិន​ស្គាល់​ផ្លូវ​ដែល​ខ្យល់ដង្ហើម​មកដល់​ឆ្អឹង​នៅក្នុង​ផ្ទៃ​របស់​ស្ត្រី​មានផ្ទៃពោះ​យ៉ាងណា អ្នក​ក៏​មិន​អាច​ស្គាល់​កិច្ចការ​របស់​ព្រះ​ដែល​បង្កើត​របស់សព្វសារពើ​យ៉ាងនោះដែរ​។

6 នៅ​ពេលព្រឹក ចូរ​សាបព្រោះ​គ្រាប់ពូជ​របស់អ្នក​ចុះ ហើយ​នៅ​ពេលល្ងាច ក៏​កុំ​សម្រាក​ដៃ​របស់អ្នក​ដែរ ដ្បិត​អ្នក​មិន​ដឹង​ថា​មួយណា​នឹង​ចម្រើនឡើង​ឡើយ ថា​តើ​ការនេះ ឬ​ការនោះ ឬ​បើ​ការទាំងពីរ​នឹងបាន​ល្អ​ដូចគ្នា​។

7 ពន្លឺ​ជាទី​គួរឲ្យត្រេកអរ ហើយ​ការ​ដែល​ឃើញ​ពន្លឺថ្ងៃ ជាការ​ល្អ​ដល់​ភ្នែក​!

8 ដូច្នេះ ប្រសិនបើ​មនុស្ស​ម្នាក់​រស់នៅ​ច្រើន​ឆ្នាំ ចូរឲ្យ​គេ​សប្បាយ​នឹង​ឆ្នាំ​ទាំងអស់​នោះ​ចុះ ប៉ុន្តែ​ត្រូវឲ្យ​គេ​នឹកចាំ​ថា​ថ្ងៃ​នៃ​សេចក្ដីងងឹត​ក៏​មាន​ច្រើន​ដែរ​។ ដ្បិត​អ្វីៗ​ទាំងអស់​ដែល​មក​ដល់ សុទ្ធតែ​ឥតន័យ​។

9 មនុស្សកំលោះ​អើយ ចូរ​សប្បាយ​ក្នុង​យុវវ័យ​របស់អ្នក ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ធ្វើឲ្យ​អ្នក​រីករាយ ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ​! ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ចិត្ត​របស់អ្នក និង​តាម​ការមើលឃើញ​នៃ​ភ្នែក​របស់អ្នក​ចុះ​; ប៉ុន្តែ​ត្រូវ​ដឹង​ថា ព្រះ​នឹង​នាំ​អ្នក​ទៅ​ក្នុង​ការជំនុំជម្រះ ដោយសារតែ​ការទាំងអស់​នេះ​។

10 ដូច្នេះ ចូរ​ដក​ទុក្ខព្រួយ​ចេញ​ពី​ចិត្ត​របស់អ្នក ហើយ​យក​ការឈឺចាប់​ចេញ​ពី​សាច់ឈាម​របស់អ្នក​ចុះ​។ ជាការពិត យុវវ័យ និង​វ័យពេញកម្លាំង​សុទ្ធតែ​ឥតន័យ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម