សុភាសិត 30 - ព្រះគម្ពីរខ្មែរសាកលពាក្យរបស់អេគើរ 1 ពាក្យរបស់អេគើរកូនរបស់យ៉ាកេ ជាពាក្យព្យាករ ជាពាក្យថ្លែងរបស់លោកដល់អ៊ីធាល គឺដល់អ៊ីធាល និងយូកាល: 2 ជាការពិត ខ្ញុំល្ងង់ខ្លៅជាងមនុស្សឯទៀតៗ ហើយខ្ញុំគ្មានការយល់ដឹងរបស់មនុស្សឡើយ។ 3 ខ្ញុំមិនបានរៀនចេះប្រាជ្ញាឡើយ ក៏មិនស្គាល់ចំណេះដឹងអំពីអង្គដ៏វិសុទ្ធផង។ 4 តើនរណាបានឡើងទៅស្ថានសួគ៌ ហើយចុះមក? តើនរណាបានប្រមូលខ្យល់ទុកក្នុងដៃរបស់ខ្លួន? តើនរណាបានខ្ចប់ទឹកក្នុងអាវ? តើនរណាបានតាំងអស់ទាំងចុងបំផុតនៃផែនដីឡើង? តើអ្នកនោះឈ្មោះអ្វី? តើកូនរបស់អ្នកនោះឈ្មោះអ្វី? អ្នកពិតជាដឹង! 5 គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ គឺត្រូវបានពិសោធ; ព្រះអង្គជាខែលដល់អ្នកដែលជ្រកកោនក្នុងព្រះអង្គ។ 6 កុំបន្ថែមអ្វីទៅក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសអ្នក ហើយអ្នកត្រូវបានបញ្ជាក់ថាជាមនុស្សភូតភរ។ 7 ទូលបង្គំទូលសុំសេចក្ដីពីរយ៉ាងពីព្រះអង្គ សូមកុំបដិសេធទូលបង្គំ មុនពេលទូលបង្គំស្លាប់ឡើយ: 8 សូមយកសេចក្ដីមិនពិត និងពាក្យភូតភរចេញឲ្យឆ្ងាយពីទូលបង្គំផង; សូមកុំប្រទានភាពក្រីក្រ ឬភាពស្ដុកស្ដម្ភដល់ទូលបង្គំឡើយ គឺសូមចែកតែអាហារដែលជាចំណែករបស់ទូលបង្គំ ដល់ទូលបង្គំចុះ; 9 ក្រែងលោទូលបង្គំបានឆ្អែត ហើយបដិសេធព្រះអង្គដោយពោលថា៖ “តើព្រះយេហូវ៉ាជាអ្នកណា?” ឬក្រែងលោទូលបង្គំបានធ្លាក់ខ្លួនក្រ ហើយលួចគេ ក៏បន្ថោកព្រះនាមរបស់ព្រះនៃទូលបង្គំ។ 10 កុំមួលបង្កាច់បាវបម្រើ ដោយប្រាប់ដល់ចៅហ្វាយអ្នកនោះឡើយ ក្រែងលោអ្នកនោះដាក់បណ្ដាសាអ្នក ហើយអ្នកក៏ទទួលទោស។ 11 មានជំនាន់មួយដែលជេរប្រមាថឪពុករបស់ខ្លួន ហើយមិនឲ្យពរម្ដាយរបស់ខ្លួន។ 12 មានជំនាន់មួយដែលបរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែមិនដែលលាងភាពស្មោកគ្រោករបស់ខ្លួនចេញ។ 13 មានជំនាន់មួយដែលភ្នែករបស់គេឆ្មើងឆ្មៃយ៉ាងណាហ្ន៎ ហើយត្របកភ្នែករបស់គេឡើងខ្ពស់យ៉ាងណាហ្ន៎! 14 មានជំនាន់មួយដែលធ្មេញរបស់គេដូចជាដាវ ហើយថ្គាមរបស់គេដូចជាកាំបិត ដើម្បីស៊ីបំផ្លាញមនុស្សទ័លក្រឲ្យអស់ពីផែនដី និងមនុស្សខ្វះខាតឲ្យអស់ពីមនុស្សជាតិ។ 15 ឈ្លើងមានកូនញីពីរដែលស្រែកថា៖ “ឲ្យមក! ឲ្យមក!”។ មានបីយ៉ាងដែលមិនចេះឆ្អែត ក៏មានបួនយ៉ាងដែលមិនចេះនិយាយថា៖ “ល្មម” គឺ: 16 ស្ថានមនុស្សស្លាប់ ផ្ទៃអារ ដីដែលមិនចេះឆ្អែតដោយទឹក និងភ្លើងដែលមិនចេះនិយាយថា៖ “ល្មម”។ 17 ភ្នែកដែលចំអកឡកឡឺយដាក់ឪពុក ព្រមទាំងមើលងាយដល់ការស្ដាប់បង្គាប់ម្ដាយ ក្អែកតាមជ្រលងភ្នំនឹងខ្វេះវាចេញ ហើយកូនឥន្ទ្រីនឹងស៊ីវាដែរ។ 18 មានបីយ៉ាងដែលអស្ចារ្យសម្រាប់ខ្ញុំ ក៏មានបួនយ៉ាងដែលខ្ញុំមិនយល់ដែរ គឺ: 19 ផ្លូវរបស់ឥន្ទ្រីនៅលើមេឃ ផ្លូវរបស់ពស់នៅលើថ្មដា ផ្លូវរបស់នាវានៅកណ្ដាលសមុទ្រ និងផ្លូវរបស់មនុស្សប្រុសជាមួយស្ត្រីព្រហ្មចារី។ 20 នេះជាផ្លូវរបស់ស្ត្រីផិតក្បត់ គឺនាងហូប ហើយជូតមាត់របស់នាង រួចពោលថា៖ “ខ្ញុំមិនបានប្រព្រឹត្តអំពើទុច្ចរិតឡើយ”។ 21 ផែនដីរញ្ជួយនៅក្រោមសេចក្ដីបីយ៉ាង ក៏មិនអាចទ្រាំបាននៅក្រោមសេចក្ដីបួនយ៉ាង គឺ: 22 ការដែលបាវបម្រើធ្វើជាស្ដេច ការដែលមនុស្សឆោតល្ងង់ឆ្អែតអាហារ 23 ការដែលស្ត្រីត្រូវគេស្អប់យកប្ដី និងការដែលបាវបម្រើស្រីដណ្ដើមកន្លែងចៅហ្វាយស្រីរបស់ខ្លួន។ 24 មានបួនយ៉ាងដែលតូចនៅលើផែនដី ប៉ុន្តែពួកវាមានប្រាជ្ញាក្រៃលែង គឺ: 25 ស្រមោចជាពូជដែលមិនខ្លាំង ប៉ុន្តែវារៀបចំអាហាររបស់វាទុកនៅរដូវក្ដៅ; 26 ទន្សាយថ្មជាពូជដែលមិនខ្លាំងពូកែ ប៉ុន្តែវាធ្វើលំនៅរបស់វានៅក្នុងចំណោតថ្ម; 27 កណ្ដូបគ្មានស្ដេចទេ ប៉ុន្តែវាទាំងអស់ចេញទៅដោយតម្រង់ជួរ; 28 ជីងចក់អាចចាប់ដោយដៃបាន ប៉ុន្តែវានៅក្នុងវាំងរបស់ស្ដេច។ 29 មានបីយ៉ាងដែលអង់អាចក្នុងដំណើរខ្លួន ក៏មានបួនយ៉ាងដែលបោះជំហានយ៉ាងអង់អាច គឺ: 30 សិង្ហដែលខ្លាំងពូកែក្នុងចំណោមសត្វព្រៃ ហើយមិនងាកចេញពីមុខសត្វណាមួយ 31 សេះចម្បាំងដែលក្រវាត់ខ្លួន ពពែឈ្មោល និងស្ដេចដែលមានកងទ័ពនៅជាមួយទ្រង់។ 32 ប្រសិនបើអ្នកបានប្រព្រឹត្តយ៉ាងល្ងង់ដោយលើកតម្កើងខ្លួន ឬប្រសិនបើអ្នកបានប៉ងធ្វើអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ។ 33 ដ្បិតការច្របាច់ទឹកដោះគោធ្វើឲ្យចេញប៊័រ ការច្របាច់ច្រមុះធ្វើឲ្យចេញឈាម ការច្របាច់កំហឹងធ្វើឲ្យចេញជម្លោះ៕ |