ហេព្រើរ 4 - ព្រះគម្ពីរខ្មែរសាកលសេចក្ដីសម្រាកដែលត្រូវបានសន្យា 1 ដូច្នេះ ដរាបណាដែលសេចក្ដីសន្យាអំពីការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះនៅមាននៅឡើយ ចូរឲ្យយើងរាល់គ្នាភ័យខ្លាច ក្រែងលោមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមើលទៅដូចជាឈោងទៅមិនដល់។ 2 ដ្បិតយើងក៏ឮដំណឹងល្អដូចពួកគេដែរ ប៉ុន្តែព្រះបន្ទូលដែលពួកគេឮនោះមិនបានមានប្រយោជន៍ដល់ពួកគេទេ ដោយព្រោះព្រះបន្ទូលនោះមិនបានភ្ជាប់នឹងជំនឿក្នុងអ្នកដែលស្ដាប់ទាំងនោះឡើយ។ 3 រីឯយើងដែលជឿនឹងចូលទៅក្នុងសេចក្ដីសម្រាកនោះ ដូចដែលព្រះមានបន្ទូលថា: “នោះយើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’” ទោះបីជាកិច្ចការរបស់ព្រះអង្គបានសម្រេចរួចហើយ តាំងពីកំណើតនៃពិភពលោកក៏ដោយ។ 4 ដ្បិតចំពោះថ្ងៃទីប្រាំពីរ ព្រះអង្គមានបន្ទូលនៅកន្លែងមួយក្នុងគម្ពីរយ៉ាងដូច្នេះថា: “នៅថ្ងៃទីប្រាំពីរ ព្រះបានសម្រាកពីកិច្ចការទាំងអស់របស់ព្រះអង្គ” 5 ហើយនៅកន្លែងនេះទៀត ព្រះអង្គមានបន្ទូលថា:“ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ”។ 6 ដូច្នេះ ដោយព្រោះការចូលទៅក្នុងសេចក្ដីសម្រាកនៅតែមានទុកសម្រាប់អ្នកខ្លះនៅឡើយ——ប៉ុន្តែពួកអ្នកដែលឮដំណឹងល្អពីមុន មិនបានចូលទៅទេ ដោយសារតែការមិនស្ដាប់បង្គាប់—— 7 នោះព្រះក៏កំណត់ថ្ងៃមួយទៀតថា“ថ្ងៃនេះ” ក្រោយពីរយៈពេលយ៉ាងយូរ ដោយមានបន្ទូលតាមរយៈដាវីឌ ដូចដែលមានថ្លែងទុកមុនថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសឡើយ”។ 8 ដ្បិតប្រសិនបើយ៉ូស្វេបានឲ្យពួកគេសម្រាក ព្រះអង្គមុខជាមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយទេ។ 9 ដូច្នេះ ការសម្រាកនៃថ្ងៃសប្ប័ទនៅតែមានទុកសម្រាប់ប្រជារាស្ត្ររបស់ព្រះនៅឡើយ។ 10 ជាការពិត អ្នកដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ ក៏បានសម្រាកពីកិច្ចការទាំងឡាយរបស់ខ្លួនដែរ ដូចដែលព្រះបានសម្រាកពីកិច្ចការរបស់ព្រះអង្គ។ 11 ដោយហេតុនេះ ចូរឲ្យយើងខំប្រឹងចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាដួលតាមគំរូនៃការមិនស្ដាប់បង្គាប់ដូចពួកគេឡើយ។ 12 ព្រះបន្ទូលរបស់ព្រះមានជីវិតរស់ មានប្រសិទ្ធភាព ហើយមុតជាងអស់ទាំងដាវមុខពីរ ទាំងចាក់ទម្លុះរហូតដល់ទីខណ្ឌចែកនៃព្រលឹង និងវិញ្ញាណ រហូតដល់ទីខណ្ឌចែកនៃសន្លាក់ និងខួរឆ្អឹង ព្រមទាំងវិនិច្ឆ័យគំនិត និងបំណងនៃចិត្តផង។ 13 គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។ មហាបូជាចារ្យនៃយើង 14 ដូច្នេះ ដោយយើងមានមហាបូជាចារ្យដ៏ធំឧត្ដមដែលបានយាងកាត់មេឃរួចហើយ គឺព្រះយេស៊ូវព្រះបុត្រារបស់ព្រះ នោះចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពជំនឿ 15 ដ្បិតមហាបូជាចារ្យដែលយើងមាន មិនមែនមិនចេះអាណិតអាសូរដល់ភាពខ្សោយរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គត្រូវបានល្បងលក្នុងគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ។ 16 ដោយហេតុនេះ ចូរឲ្យយើងចូលទៅជិតបល្ល័ង្កនៃព្រះគុណដោយភាពក្លាហាន ដើម្បីអាចទទួលសេចក្ដីមេត្តា និងដើម្បីអាចរកបានព្រះគុណជាជំនួយនៅពេលត្រូវការ៕ |