អេសាយ 63:15 - ព្រះគម្ពីរខ្មែរសាកល សូមទតមើលពីស្ថានសួគ៌ ហើយទតឃើញពីលំនៅដ៏វិសុទ្ធ និងដ៏រុងរឿងរបស់ព្រះអង្គផង! ព្រះហឫទ័យឆេះឆួល និងព្រះចេស្ដារបស់ព្រះអង្គ តើនៅឯណា? ការរំជួលក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តារបស់ព្រះអង្គ ត្រូវបានបង្ខាំងពីទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គពិចារណាពីលើស្ថានសួគ៌ ហើយទតមើល ពីទីលំនៅបរិសុទ្ធ និងសិរីល្អរបស់ព្រះអង្គ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ព្រះអង្គនៅឯណា? សេចក្ដីស្រឡាញ់ក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ នោះបានលាក់បាំងពីទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទ្រង់ទតមើលពីលើមេឃ គឺពីព្រះដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គ! ហេតុដូចម្ដេចបានជាព្រះអង្គ លែងអាណិតមេត្តា លែងអាណិតអាសូរទូលបង្គំដូច្នេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ពិចារណាពីលើស្ថានសួគ៌ ហើយទតមើលពីទីលំនៅនៃសេចក្ដីបរិសុទ្ធ នឹងសិរីល្អរបស់ទ្រង់ តើសេចក្ដីខ្មីឃ្មាត នឹងឫទ្ធានុភាពរបស់ទ្រង់ នៅឯណា ឯសេចក្ដីកន្លេងក្នុងព្រះហឫទ័យ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះបានបង្ខាំងទុក នៅចំពោះទូលបង្គំហើយ អាល់គីតាប សូមទ្រង់មើលពីលើមេឃ គឺពីដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ទ្រង់។ ឯណាទៅចិត្តស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ទ្រង់! ហេតុដូចម្ដេចបានជាទ្រង់ លែងអាណិតមេត្តា លែងអាណិតអាសូរយើងខ្ញុំដូច្នេះ! |
ព្រះយេហូវ៉ាអើយ សូមនឹកចាំសេចក្ដីមេត្តា និងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ដ្បិតសេចក្ដីទាំងនេះមានតាំងពីបុរាណមក។
ព្រះដែលគង់នៅក្នុងដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ជាឪពុកដល់កូនកំព្រា និងជាចៅក្រមដល់ស្ត្រីមេម៉ាយ។
នោះខ្ញុំក៏និយាយថា៖ “ការដែលខ្ញុំឈឺផ្សាមកពីការនេះឯង គឺព្រះហស្តស្ដាំរបស់ព្រះដ៏ខ្ពស់បំផុតបានប្រែប្រួលហើយ”។
ព្រះនៃពលបរិវារអើយ សូមបែរមកវិញផង! សូមទតមើលពីស្ថានសួគ៌ ហើយគន់មើល ព្រមទាំងមើលថែដើមទំពាំងបាយជូរនេះផង
គឺដើមដែលព្រះហស្តស្ដាំរបស់ព្រះអង្គបានដាំ និងមែកដែលព្រះអង្គបានធ្វើឲ្យរឹងមាំសម្រាប់អង្គទ្រង់។
ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គកាលពីមុន ដែលព្រះអង្គបានស្បថនឹងដាវីឌដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គ តើនៅឯណា?
ដោយហេតុនេះ ដួងចិត្តរបស់ខ្ញុំនឹងស្រែកថ្ងូរដូចពិណហាបចំពោះម៉ូអាប់ ផ្នែកខាងក្នុងនៃរូបកាយខ្ញុំស្រែកថ្ងូរចំពោះគារ-ហារ៉ាសែត។
ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។ សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ! សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ!
ដ្បិតនឹងមានអ្នកដែលនៅសល់ចេញពីយេរូសាឡិម ហើយនឹងមានអ្នកដែលរួចជីវិតចេញពីភ្នំស៊ីយ៉ូន។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងធ្វើការនោះ’។
ព្រះយេហូវ៉ានឹងយាងចេញទៅ ដូចមនុស្សខ្លាំងពូកែ ព្រះអង្គនឹងបណ្ដាលព្រះហឫទ័យឆេះឆួលឡើង ដូចអ្នកចម្បាំង; ព្រះអង្គនឹងស្រែកឡើង មែនហើយ ព្រះអង្គនឹងស្រែកយ៉ាងខ្លាំង ហើយមានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់ព្រះអង្គ។
“តើមនុស្សស្រីអាចភ្លេចកូនដែលនៅបៅរបស់នាង ឥតអាណិតអាសូរកូនដែលកើតពីផ្ទៃខ្លួនឬ? ទោះបីជាពួកនាងភ្លេចក៏ដោយ ក៏យើងមិនភ្លេចអ្នកឡើយ។
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ព្រះអង្គបានពាក់សេចក្ដីសុចរិតជាក្រោះការពារទ្រូង ក៏ពាក់សេចក្ដីសង្គ្រោះជាមួកសឹកលើព្រះសិររបស់ព្រះអង្គ ហើយគ្រងព្រះពស្ត្រនៃសេចក្ដីសងសឹកជាសម្លៀកបំពាក់ ព្រមទាំងដណ្ដប់អង្គទ្រង់ដោយព្រះហឫទ័យឆេះឆួលជាព្រះភូសា។
នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។ ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ ព្រះអង្គបានលើកពួកគេ ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។
ព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងទប់ព្រះហឫទ័យចំពោះការទាំងនេះឬ? តើព្រះអង្គនឹងនៅស្ងៀម ហើយធ្វើទុក្ខយើងខ្ញុំជាខ្លាំងឬ?៕
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នករាល់គ្នានឹងសាងសង់ដំណាក់នៅឯណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ មានការកម្សាន្តចិត្តណាមួយនៃសេចក្ដីស្រឡាញ់ មានការប្រកបគ្នាណាមួយរបស់ព្រះវិញ្ញាណ ឬមានចិត្តស្រឡាញ់ និងសេចក្ដីមេត្តាករុណាណាមួយ
ប្រសិនបើអ្នកណាមានទ្រព្យសម្បត្តិខាងលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត ប៉ុន្តែបិទដួងចិត្តរបស់ខ្លួនចំពោះគេ តើសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះដូចម្ដេចកើត?