Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 63 - ព្រះគម្ពីរខ្មែរសាកល


ថ្ងៃនៃការសងសឹករបស់ព្រះយេហូវ៉ា

1 តើ​អ្នកនេះ​ដែល​មក​ពី​អេដំ ដែលស្លៀក​សម្លៀកបំពាក់​ពណ៌ក្រហមជាំ​ពី​បុសរ៉ា ជា​នរណា​? តើ​អ្នកនេះ​ដែល​ពាក់​អាវវែង​ប្រកបដោយសិរីរុងរឿង ហើយ​យាត្រាមក​ក្នុង​ឫទ្ធានុភាព​ដ៏ធំឧត្ដម ជា​នរណា​? “គឺ​យើង​នេះហើយ ដែល​និយាយ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ដែល​ខ្លាំងពូកែ​នឹង​សង្គ្រោះ”។

2 ហេតុអ្វីបានជា​ព្រះភូសា​របស់ព្រះអង្គ​ក្រហម ហើយ​ព្រះពស្ត្រ​របស់ព្រះអង្គ​ដូចជា​អ្នកដែល​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​ដូច្នេះ​?

3 “យើង​បាន​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​តែម្នាក់ឯង គ្មាន​អ្នកណា​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅជាមួយ​យើង​ឡើយ​។ យើង​បាន​ជាន់​ពួកគេ​ដោយ​កំហឹង​របស់យើង ហើយ​បាន​ជាន់ឈ្លី​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង នោះ​ឈាម​របស់ពួកគេ​បាន​ខ្ទាត​មកលើ​សម្លៀកបំពាក់​របស់យើង ហើយ​អាវវែង​ទាំងមូល​របស់យើង​ក៏​ប្រឡាក់​។

4 ដ្បិត​ថ្ងៃ​នៃ​ការសងសឹក​នៅក្នុង​ចិត្ត​របស់យើង ហើយ​ឆ្នាំ​នៃ​ការប្រោសលោះ​របស់យើង​ក៏​បាន​មក​ដល់​ហើយ​។

5 យើង​ក៏​រំពៃមើល ប៉ុន្តែ​គ្មានអ្នកណា​ជួយ​ទេ យើង​ក៏​នឹកឆ្ងល់​ដែល​គ្មានអ្នកណា​គាំទ្រ​សោះ ដូច្នេះ​ដើមដៃ​របស់យើង​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​យើង ហើយ​សេចក្ដីក្ដៅក្រហាយ​របស់យើង​ក៏​ទ្រទ្រង់​យើង​។

6 យើង​បាន​ជាន់ឈ្លី​ប្រជាជាតិ​នានា​ដោយ​កំហឹង​របស់យើង យើង​បាន​ធ្វើឲ្យ​ពួកគេ​ស្រវឹង​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង ហើយ​បង្ហូរឈាម​របស់ពួកគេ​ទៅលើ​ដី”។


ព្រះយេហូវ៉ាអាណិតមេត្តាអ៊ីស្រាអែល

7 ខ្ញុំ​នឹង​លើកឡើង​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា និង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះយេហូវ៉ា តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ពួកយើង និង​តាម​សេចក្ដីល្អ​ដ៏ធំ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគេ​តាម​សេចក្ដីមេត្តា​របស់ព្រះអង្គ និង​តាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ​។

8 ព្រះអង្គ​បាន​មានបន្ទូលថា​៖ “ពួកគេ​ពិតជា​ប្រជារាស្ត្រ​របស់យើង ជា​កូនចៅ​ដែល​មិន​ក្បត់​ឡើយ” ដូច្នេះ​ព្រះអង្គ​បាន​ធ្វើជា​ព្រះសង្គ្រោះ​ដល់​ពួកគេ​។

9 នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។

10 ប៉ុន្តែ​ពួកគេ​បាន​បះបោរ ហើយ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​ព្រួយព្រះហឫទ័យ ដូច្នេះ​ព្រះអង្គ​បាន​ត្រឡប់ជា​សត្រូវ​ដល់​ពួកគេ គឺ​អង្គទ្រង់ផ្ទាល់​បាន​ច្បាំង​នឹង​ពួកគេ​។

11 ពេលនោះ ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​នឹកចាំ​គ្រា​ពីបុរាណ និង​ម៉ូសេ​។ ព្រះអង្គដែល​នាំ​ពួកគេ​ឡើងមក​ពី​សមុទ្រ​ជាមួយ​អ្នកឃ្វាលចៀម​របស់ព្រះអង្គ តើ​នៅ​ឯណា​? ព្រះអង្គដែល​ដាក់​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅកណ្ដាល​ពួកគេ តើ​នៅ​ឯណា​?

12 ព្រះអង្គដែល​ឲ្យ​ព្រះពាហុ​ដ៏រុងរឿង​របស់ព្រះអង្គ​ទៅ​នៅនឹង​ដៃស្ដាំ​របស់​ម៉ូសេ ជា​ព្រះអង្គដែល​ញែក​ទឹក​ចេញពីគ្នា​នៅមុខ​ពួកគេ ដើម្បី​តាំង​ព្រះនាម​ដ៏អស់កល្ប​សម្រាប់​អង្គទ្រង់ផ្ទាល់ តើនៅឯណា​?

13 ព្រះអង្គដែល​នាំ​ពួកគេ​ដើរ​កាត់​ទីជម្រៅ ដូចជា​នាំ​សេះ​ដើរ​កាត់​ទីរហោស្ថាន បានជា​ពួកគេ​មិន​ជំពប់​នោះ តើនៅឯណា​?

14 ព្រះវិញ្ញាណ​របស់​ព្រះយេហូវ៉ា​បាន​ឲ្យ​ពួកគេ​សម្រាក ដូច​សត្វស្រុក​ដែល​ចុះ​ទៅ​ជ្រលងភ្នំ​។ គឺ​យ៉ាងនោះ​ឯង ដែល​ព្រះអង្គ​នាំផ្លូវ​ប្រជារាស្ត្រ​របស់ព្រះអង្គ ដើម្បី​តាំង​ព្រះនាម​ដ៏រុងរឿង​សម្រាប់​អង្គទ្រង់ផ្ទាល់​។


សេចក្ដីអធិស្ឋានរបស់អ៊ីស្រាអែល

15 សូម​ទត​មើល​ពី​ស្ថានសួគ៌ ហើយ​ទត​ឃើញ​ពី​លំនៅ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់ព្រះអង្គ​ផង​! ព្រះហឫទ័យឆេះឆួល និង​ព្រះចេស្ដា​របស់ព្រះអង្គ តើ​នៅ​ឯណា​? ការរំជួល​ក្នុង​ព្រះហឫទ័យ និង​សេចក្ដីមេត្តា​របស់ព្រះអង្គ ត្រូវបាន​បង្ខាំង​ពី​ទូលបង្គំ​ហើយ​។

16 ដ្បិត​ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ ទោះបីជា​អ័ប្រាហាំ​មិន​ស្គាល់​យើងខ្ញុំ ហើយ​អ៊ីស្រាអែល​មិន​ទទួលស្គាល់​យើងខ្ញុំ​ក៏ដោយ​។ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​! ព្រះនាម​របស់ព្រះអង្គ​គឺ “ព្រះប្រោសលោះ​របស់យើង” តាំងពីបុរាណមកម្ល៉េះ​។

17 ព្រះយេហូវ៉ា​អើយ ហេតុអ្វីបានជា​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​វង្វេង​ចេញពី​មាគ៌ា​របស់ព្រះអង្គ ក៏​ធ្វើឲ្យ​ចិត្ត​របស់យើងខ្ញុំ​រឹងរូស​គ្មាន​ការកោតខ្លាច​ដល់​ព្រះអង្គ​ដូច្នេះ​? សូម​ព្រះអង្គ​យាង​ត្រឡប់មកវិញ​ដោយយល់ដល់​បាវបម្រើ​របស់ព្រះអង្គ ដែលជា​កុលសម្ព័ន្ធ​នៃ​មរតក​របស់ព្រះអង្គ​ផង​!

18 ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​កាន់កាប់​ទឹកដីនេះ​តែមួយរយៈ​ទេ នោះ​ពួក​សត្រូវ​របស់យើងខ្ញុំ​បាន​ជាន់ឈ្លី​ទីវិសុទ្ធ​របស់ព្រះអង្គ​វិញ​។

19 យើងខ្ញុំ​បាន​ត្រឡប់​ដូចជា​មនុស្ស​ដែល​ព្រះអង្គ​មិនដែល​គ្រប់គ្រង ដូចជា​មនុស្ស​ដែល​មិនដែល​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម