អេសាយ 56:7 - ព្រះគម្ពីរខ្មែរសាកល យើងនឹងនាំពួកគេមកឯភ្នំដ៏វិសុទ្ធរបស់យើង ហើយឲ្យពួកគេអរសប្បាយនៅក្នុងដំណាក់នៃការអធិស្ឋានរបស់យើង។ តង្វាយដុត និងយញ្ញបូជារបស់ពួកគេនឹងត្រូវបានទទួលយកនៅលើអាសនារបស់យើង ដ្បិតដំណាក់របស់យើងនឹងត្រូវបានហៅថា ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន យើងនឹងទទួលតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក ថ្វាយនៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍ អាល់គីតាប នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងទូរអា យើងនឹងទទួលគូរបានដុត ព្រមទាំងគូរបានផ្សេងៗដែលគេយកមក ជូននៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់ទូរអា។ |
ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។
នៅថ្ងៃនោះ នឹងមានអាសនាមួយសម្រាប់ព្រះយេហូវ៉ា នៅកណ្ដាលដែនដីអេហ្ស៊ីប ក៏នឹងមានបង្គោលមួយសម្រាប់ព្រះយេហូវ៉ានៅព្រំដែននៃដែនដីអេហ្ស៊ីប។
ដូច្នេះ ព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិអេហ្ស៊ីបស្គាល់អង្គទ្រង់ ហើយជនជាតិអេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ានៅថ្ងៃនោះ។ ពួកគេនឹងថ្វាយបង្គំព្រះអង្គដោយយញ្ញបូជា និងតង្វាយ ហើយបន់បំណន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់ផង។
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពលបរិវារនឹងរៀបចំពិធីជប់លៀង មានម្ហូបដ៏ពិសេសសម្រាប់ប្រជាជាតិទាំងអស់ ជាពិធីជប់លៀងដែលមានស្រាទំពាំងបាយជូរយូរឆ្នាំ មានម្ហូបដ៏ពិសេសដែលពេញដោយខួរឆ្អឹង និងស្រាទំពាំងបាយជូរយូរឆ្នាំដ៏សុទ្ធ។
យើងនឹងឲ្យទីរំលឹកមួយ និងឈ្មោះមួយដល់ពួកគេ ក្នុងដំណាក់របស់យើង ក្នុងកំពែងរបស់យើង ដែលប្រសើរជាងកូនប្រុស និងកូនស្រីទៅទៀត; យើងនឹងឲ្យឈ្មោះដ៏អស់កល្បដល់ពួកគេ ដែលមិនត្រូវបានកាត់ចេញឡើយ។
កាលណាអ្នកស្រែកយំ ចូរឲ្យអ្វីដែលអ្នកបានប្រមូលទុក រំដោះអ្នកចុះ! ប៉ុន្តែខ្យល់នឹងផាត់ពួកវាទៅទាំងអស់ ខ្យល់ដង្ហើមនឹងយកពួកវាទៅ រីឯអ្នកដែលជ្រកកោនក្នុងយើងវិញ នឹងទទួលទឹកដីជាមរតក ហើយកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើង”។
ខ្លោងទ្វាររបស់អ្នកនឹងបើកចំហជានិច្ច គឺមិនបិទទាំងយប់ទាំងថ្ងៃ ដើម្បីនាំទ្រព្យសម្បត្តិរបស់ប្រជាជាតិនានាមកឯអ្នក ហើយបណ្ដាស្ដេចរបស់ពួកគេក៏ត្រូវបាននាំមកដែរ។
អស់ទាំងហ្វូងចៀមនៃកេដារនឹងមូលគ្នាមករកអ្នក ពួកចៀមឈ្មោលនៃនេបាយ៉ូតនឹងបម្រើអ្នក ពួកវានឹងឡើងមកលើអាសនារបស់យើងជាតង្វាយដ៏គាប់ចិត្ត។ យើងនឹងលើកតម្កើងដំណាក់ដ៏រុងរឿងរបស់យើង។
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា ដែលភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ដែលរៀបតុអាហារថ្វាយ ‘ព្រះមានលាភ’ ដែលចាក់ស្រាលាយឲ្យពេញថ្វាយ ‘ព្រះវាសនា’
ចចក និងកូនចៀមនឹងស៊ីស្មៅជាមួយគ្នា តោនឹងស៊ីចំបើងដូចគោ រីឯពស់នឹងមានធូលីជាអាហាររបស់វា វានឹងមិនធ្វើអាក្រក់ ក៏មិនបំផ្លាញនៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘យើងនឹងត្រឡប់មកស៊ីយ៉ូន ហើយស្នាក់នៅកណ្ដាលយេរូសាឡិម នោះយេរូសាឡិមនឹងត្រូវបានហៅថា “ទីក្រុងនៃសេចក្ដីពិត” ហើយភ្នំរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងត្រូវបានហៅថា “ភ្នំដ៏វិសុទ្ធ”’។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
ទាំងមានបន្ទូលនឹងពួកគេថា៖“មានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋាន’ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។
ព្រះអង្គមានបន្ទូលបង្រៀនពួកគេថា៖“តើមិនមានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់’ទេឬ? ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។
ដោយមានបន្ទូលនឹងពួកគេថា៖“មានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងបានជាដំណាក់នៃការអធិស្ឋាន’ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។
ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗនៅគ្រប់ទីកន្លែង អធិស្ឋានដោយលើកដៃដ៏វិសុទ្ធឡើង ដោយគ្មានកំហឹង ឬការឈ្លោះប្រកែក។
ផ្ទុយទៅវិញ អ្នករាល់គ្នាបានចូលមកដល់ភ្នំស៊ីយ៉ូន និងទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺយេរូសាឡិមនៃមេឃ ហើយបានមកដល់ការជួបជុំរបស់បណ្ដាទូតសួគ៌ដ៏ច្រើនរាប់មិនអស់
ដូច្នេះ ចូរឲ្យយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជានិច្ចតាមរយៈព្រះយេស៊ូវ; យញ្ញបូជានេះគឺជាផលផ្លែនៃបបូរមាត់ដែលសារភាពព្រះនាមរបស់ព្រះអង្គ។
អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ