Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 56 - អាល់គីតាប


ភាគ​ទី​បី បន្ទូល​សន្យា អុលឡោះ​ចាត់​ទុក​សាសន៍​ដទៃ​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ដែរ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ ចូរ​ប្រព្រឹត្ត​តាម​យុត្តិធម៌ និង​កាន់​តាម​សេចក្ដី​សុចរិត ដ្បិត​ការ​សង្គ្រោះ​របស់​យើង​មក​ជិត​បង្កើយ យើង​ក៏​សំដែង​សេចក្ដី​សុចរិត​របស់​យើង​ដែរ។

2 មនុស្ស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ដូច្នេះ គឺ​គោរព​ថ្ងៃ​ឈប់​សម្រា​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ព្រម​ទាំង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ មុខ​ជា​មាន​សុភ‌មង្គល​មិន​ខាន!

3 ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹងអុលឡោះ‌តាអាឡា មិន​ត្រូវ​ពោល​ថា “អុលឡោះ‌តាអាឡា​មុខ​ជា​ញែក​ខ្ញុំ ចេញ​ពី​ប្រជា‌ជន​របស់​ទ្រង់!” រីឯ​មនុស្ស​កំរៀវ​ក៏​មិន​ត្រូវ​ពោល​ថា “ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។

4 ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «បើ​មនុស្ស​កំរៀវ​ណា​គោរព​ថ្ងៃ​ឈប់​សម្រា បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើង ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង

5 នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុក នៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត ឈ្មោះ​គេ​នឹង​នៅ​គង់‌វង្ស​រហូត​ត​ទៅ គ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។

6 រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង គោរព​បម្រើ​យើង ស្រឡាញ់​នាម​យើង សុខ​ចិត្ត​ដាក់​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង គោរព​ថ្ងៃ​ឈប់​សម្រាក​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង

7 នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង យើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុង ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​ទូរអា យើង​នឹង​ទទួល​គូរបាន​ដុត ព្រម​ទាំង​គូរបាន​ផ្សេងៗ​ដែល​គេ​យក​មក ជូន​នៅ​លើ​អាសនៈ​របស់​យើង។ ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា កន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​ទូរអា។

8 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នា ទ្រង់​មាន​បន្ទូល​ថា: យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗ ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះ ថែម​ទៀត។


បន្ទូល​បន្ទោស​អ្នក​បោះ​បង់​ជំនឿ និង​អ្នក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ

9 សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​មក​ស៊ី​ចំណី!

10 តួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុស គឺ​ចេះ​តែ​ដេក​រវើ‌រវាយ និង​ចូល​ចិត្ត​ងោក‌ងុយ។

11 អ្នក​ទាំង​នោះ​ក៏​ជា​ឆ្កែ​ដែល​គិត​តែ​ពី​ត្របាក់​ស៊ី ហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។ ពួក​គេ​ជា​មេ​ដឹក​នាំ តែ​មិន​ចេះ​គិត​ពិចារណា​អ្វី​ទាំង​អស់ ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន ហើយ​គិត​តែ​ពី​ស្វែង​រក​ផល​ប្រយោជន៍ របស់​ខ្លួន​ប៉ុណ្ណោះ។

12 គេ​បបួល​គ្នា​ថា «មក៍! ខ្ញុំ​ទៅ​យក​ស្រា យើង​នឹង​ផឹក​ស្រា​ខ្លាំង​ជា​មួយ​គ្នា! ស្អែក​ក៏​យើង​ផឹក​ទៀត​ដែរ ព្រោះ​នៅ​សល់​ស្រា​ច្រើន​ណាស់»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម