ម៉ាថាយ 21 - ព្រះគម្ពីរខ្មែរសាកលព្រះយេស៊ូវយាងចូលយេរូសាឡិម 1 នៅពេលព្រះយេស៊ូវ និងពួកសិស្សមកជិតយេរូសាឡិម គឺមកដល់បេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវក៏ចាត់សិស្សពីរនាក់ឲ្យទៅ 2 ដោយមានបន្ទូលនឹងពួកគេថា៖“ចូរទៅភូមិនៅខាងមុខពួកអ្នកចុះ ហើយភ្លាមនោះពួកអ្នកនឹងឃើញមេលាមួយដែលគេចងទុក និងកូនរបស់វានៅជាមួយដែរ។ ចូរស្រាយពួកវាដឹកមកឲ្យខ្ញុំចុះ។ 3 ប្រសិនបើមានអ្នកណាសួរអ្វីពួកអ្នក ចូរប្រាប់ថា: ‘ព្រះអម្ចាស់ត្រូវការពួកវា ហើយព្រះអង្គនឹងឲ្យពួកវាមកវិញភ្លាម’”។ 4 ការនេះបានកើតឡើង ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: 5 “ចូរប្រាប់កូនស្រីស៊ីយ៉ូនថា: ‘មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់សត្វដឹកអីវ៉ាន់’”។ 6 សិស្សទាំងពីរនាក់ក៏ចេញទៅ ហើយធ្វើដូចដែលព្រះយេស៊ូវបានបង្គាប់ពួកគេ។ 7 ពួកគេដឹកមេលា និងកូនលាមក ហើយក្រាលអាវវែងរបស់ខ្លួនលើពួកវា ព្រះអង្គក៏គង់លើពួកវា។ 8 ហ្វូងមនុស្សមួយក្រុមធំបានក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ រីឯអ្នកផ្សេងទៀតកាប់មែកពីដើមឈើមកក្រាលនៅតាមផ្លូវ។ 9 ហ្វូងមនុស្សដែលដើរពីមុខពីក្រោយព្រះអង្គ ក៏ស្រែកថា៖ “ហូសាណាដល់បុត្រដាវីឌ! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។ 10 នៅពេលព្រះយេស៊ូវយាងចូលទៅយេរូសាឡិម អ្នកក្រុងទាំងមូលក៏ជ្រួលច្របល់ ហើយសួរថា៖ “តើអ្នកនេះជានរណា?”។ 11 ហ្វូងមនុស្សក៏ឆ្លើយថា៖ “នេះជាព្យាការីយេស៊ូវពីណាសារ៉ែតក្នុងកាលីឡេ”។ ព្រះយេស៊ូវទ្រង់ជម្រះព្រះវិហារ 12 បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយដេញអស់ទាំងអ្នកលក់ និងអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គបានផ្កាប់តុរបស់ពួកអ្នកដូរលុយ និងកៅអីរបស់ពួកអ្នកលក់ព្រាប 13 ទាំងមានបន្ទូលនឹងពួកគេថា៖“មានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋាន’ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។ ក្មេងៗសរសើរតម្កើងព្រះយេស៊ូវ 14 មានមនុស្សខ្វាក់ភ្នែក និងមនុស្សខ្វិននាំគ្នាចូលមកជិតព្រះយេស៊ូវនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។ 15 ប៉ុន្តែនៅពេលពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យឃើញកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ព្រមទាំងឮក្មេងៗកំពុងស្រែកនៅក្នុងព្រះវិហារថា៖ “ហូសាណាដល់បុត្រដាវីឌ!” ពួកគេក៏ទើសចិត្តណាស់។ 16 ពួកគេទូលសួរព្រះអង្គថា៖ “តើលោកឮអ្វីដែលក្មេងទាំងនេះកំពុងនិយាយឬទេ?”។ ព្រះយេស៊ូវទ្រង់ឆ្លើយនឹងពួកគេថា៖“បាទ ឮហើយ! តើអស់លោកមិនដែលអានទេឬថា:‘ព្រះអង្គបានរៀបចំពាក្យសរសើរតម្កើងឲ្យចេញពីមាត់កូនក្មេង និងទារកនៅបៅ’?”។ 17 បន្ទាប់មក ព្រះអង្គទ្រង់ចាកចេញពីពួកគេ ហើយយាងចេញពីទីក្រុងទៅបេថានី រួចស្នាក់នៅទីនោះមួយយប់។ ដើមល្វាត្រូវបណ្ដាសា 18 ព្រលឹមឡើង នៅពេលកំពុងយាងត្រឡប់ទៅទីក្រុងវិញ ព្រះយេស៊ូវទ្រង់ឃ្លាន។ 19 ព្រះអង្គទតឃើញដើមល្វាមួយដើមនៅក្បែរផ្លូវ ក៏យាងទៅរកដើមល្វានោះ ប៉ុន្តែព្រះអង្គមិនឃើញអ្វីសោះ លើកលែងតែស្លឹកប៉ុណ្ណោះ។ ព្រះអង្គមានបន្ទូលនឹងដើមល្វានោះថា៖“កុំឲ្យមានផ្លែចេញពីឯងទៀតឡើយ គឺជារៀងរហូត!”។ ដើមល្វានោះក៏ក្រៀមស្វិតភ្លាម។ 20 ពួកសិស្សបានឃើញ ក៏ភ្ញាក់ផ្អើល ទាំងនិយាយថា៖ “ម្ដេចក៏ដើមល្វានេះក្រៀមស្វិតភ្លាមដូច្នេះ?”។ 21 ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមានជំនឿ ហើយមិនសង្ស័យ អ្នករាល់គ្នានឹងមិនគ្រាន់តែធ្វើអ្វីដែលបានធ្វើដល់ដើមល្វានេះប៉ុណ្ណោះទេ គឺទោះបីជាអ្នករាល់គ្នានិយាយនឹងភ្នំនេះថា: ‘ចូរត្រូវបានយកចេញ ហើយត្រូវបានទម្លាក់ទៅក្នុងសមុទ្រទៅ’ នោះនឹងសម្រេចដូច្នោះ។ 22 អ្វីៗទាំងអស់ដែលអ្នករាល់គ្នាទូលសុំក្នុងការអធិស្ឋានដោយជំនឿ អ្នករាល់គ្នានឹងទទួលបាន”។ ជំទាស់នឹងសិទ្ធិអំណាចរបស់ព្រះយេស៊ូវ 23 បន្ទាប់ពីព្រះយេស៊ូវយាងមកដល់ព្រះវិហារ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនក៏ចូលមកជិតព្រះអង្គ ខណៈដែលព្រះអង្គកំពុងបង្រៀន ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នក?”។ 24 ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ខ្ញុំនឹងសួរអស់លោកមួយសំណួរដែរ ប្រសិនបើអស់លោកឆ្លើយនឹងខ្ញុំ នោះខ្ញុំក៏នឹងប្រាប់អស់លោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។ 25 តើពិធីជ្រមុជទឹករបស់យ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬមកពីមនុស្ស?”។ ពួកគេក៏ជជែកគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរយើងថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’ 26 ប៉ុន្តែបើសិនយើងថា: ‘មកពីមនុស្ស’ ——យើងខ្លាចហ្វូងមនុស្ស ពីព្រោះមនុស្សទាំងអស់ចាត់ទុកយ៉ូហានជាព្យាការី”។ 27 ដូច្នេះ ពួកគេឆ្លើយនឹងព្រះយេស៊ូវថា៖ “ពួកយើងមិនដឹងទេ”។ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីដែរ”។ ពាក្យឧបមាអំពីកូនប្រុសពីរនាក់ 28 “តើអ្នករាល់គ្នាគិតដូចម្ដេច? បុរសម្នាក់មានកូនពីរនាក់។ លោកចូលទៅប្រាប់កូនច្បងថា: ‘កូនអើយ ថ្ងៃនេះ ចូរទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ’។ 29 “កូនច្បងតបថា: ‘ខ្ញុំមិនចង់ទៅទេ’ ប៉ុន្តែក្រោយមក គាត់ក៏កែប្រែចិត្ត ហើយចេញទៅ។ 30 បន្ទាប់មក ឪពុកចូលទៅជិតកូនទីពីរ ហើយប្រាប់ដូចគ្នា។ “កូនទីពីរតបថា: ‘លោកឪពុកអើយ ខ្ញុំនឹងទៅ’ ប៉ុន្តែគាត់មិនបានទៅទេ។ 31 “ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនណាបានធ្វើតាមបំណងរបស់ឪពុក?”។ ពួកគេឆ្លើយថា៖ “កូនច្បង”។ ព្រះយេស៊ូវមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងអាណាចក្ររបស់ព្រះមុនអ្នករាល់គ្នា 32 ពីព្រោះយ៉ូហានបានមករកអ្នករាល់គ្នាដោយបង្ហាញផ្លូវនៃសេចក្ដីសុចរិត ហើយអ្នករាល់គ្នាមិនជឿគាត់ទេ ប៉ុន្តែពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿគាត់។ រីឯអ្នករាល់គ្នាវិញ ក្រោយពីអ្នករាល់គ្នាឃើញ ក៏អ្នករាល់គ្នានៅតែមិនបានកែប្រែចិត្ត ជឿគាត់ដែរ។ ពាក្យឧបមាអំពីម្ចាស់ចម្ការទំពាំងបាយជូរ 33 “ចូរស្ដាប់ពាក្យឧបមាមួយទៀត: មានបុរសម្នាក់ជាម្ចាស់ចម្ការ លោកបានធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។ 34 នៅពេលជិតដល់រដូវប្រមូលផល លោកក៏ចាត់ពួកបាវបម្រើឲ្យទៅរកពួកកសិករ ដើម្បីទទួលផលដែលជាចំណែករបស់លោក។ 35 ប៉ុន្តែពួកកសិករចាប់ពួកបាវបម្រើរបស់លោក វាយម្នាក់ សម្លាប់ម្នាក់ ហើយគប់ដុំថ្មសម្លាប់ម្នាក់ទៀត។ 36 ម្ចាស់ចម្ការក៏ចាត់ពួកបាវបម្រើផ្សេងច្រើនជាងមុនឲ្យទៅម្ដងទៀត ប៉ុន្តែពួកគេក៏ធ្វើដល់អ្នកទាំងនោះដូចគ្នាដែរ។ 37 នៅទីបំផុត ម្ចាស់ចម្ការក៏ចាត់កូនប្រុសរបស់លោកឲ្យទៅរកពួកគេ ដោយនិយាយថា: ‘ពួកគេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន’។ 38 “ប៉ុន្តែនៅពេលពួកកសិករឃើញកូននោះ ក៏និយាយគ្នាថា: ‘ម្នាក់នេះជាអ្នកទទួលមរតក។ មក៍! យើងនាំគ្នាសម្លាប់វាចោល ហើយយកទ្រព្យមរតករបស់វាទៅ’។ 39 ដូច្នេះ ពួកគេក៏ចាប់គាត់ អូសចេញទៅខាងក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់គាត់។ 40 ចុះនៅពេលម្ចាស់ចម្ការទំពាំងបាយជូរមកវិញ តើលោកនឹងធ្វើដូចម្ដេចដល់ពួកកសិករទាំងនោះ?”។ 41 ពួកគេទូលព្រះអង្គថា៖ “លោកនឹងបំផ្លាញជីវិតជនពាលទាំងនោះយ៉ាងសាហាវ ហើយប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់តាមរដូវ”។ 42 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។ ការនេះបានកើតឡើងពីព្រះអម្ចាស់ ជាការអស្ចារ្យក្នុងភ្នែករបស់យើង’ ? 43 ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អាណាចក្ររបស់ព្រះនឹងត្រូវបានយកចេញពីអ្នករាល់គ្នា ហើយប្រទានឲ្យប្រជាជាតិមួយដែលបង្កើតផលនៃអាណាចក្រនោះ។ 44 អ្នកដែលធ្លាក់លើថ្មនេះ នឹងត្រូវបាក់បែក ហើយអ្នកណាដែលថ្មនេះធ្លាក់លើ ថ្មនេះនឹងកិនអ្នកនោះឲ្យខ្ទេចខ្ទី”។ 45 នៅពេលពួកនាយកបូជាចារ្យ និងពួកផារិស៊ីឮពាក្យឧបមាទាំងនេះរបស់ព្រះយេស៊ូវហើយ ពួកគេដឹងថាព្រះអង្គមានបន្ទូលអំពីពួកគេ។ 46 ពួកគេក៏ចង់ចាប់ព្រះអង្គ ប៉ុន្តែខ្លាចហ្វូងមនុស្ស ពីព្រោះហ្វូងមនុស្សចាត់ទុកព្រះយេស៊ូវជាព្យាការី៕ |