អេសាយ 56 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ភាគទីបី ព្រះបន្ទូលសន្យា ព្រះជាម្ចាស់ចាត់ទុកសាសន៍ដទៃជាប្រជារាស្ដ្ររបស់ព្រះអង្គដែរ 1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរប្រព្រឹត្តតាមយុត្តិធម៌ និងកាន់តាមសេចក្ដីសុចរិត ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ យើងក៏សម្តែងសេចក្ដីសុចរិតរបស់យើងដែរ។ 2 មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ គឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ មុខជាមានសុភមង្គលមិនខាន! 3 ជនបរទេសដែលជាប់ចិត្តនឹងព្រះអម្ចាស់ មិនត្រូវពោលថា “ព្រះអម្ចាស់មុខជាញែកខ្ញុំ ចេញពីប្រជាជនរបស់ព្រះអង្គ!” រីឯមនុស្សកម្រៀវក៏មិនត្រូវពោលថា “ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។ 4 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សកម្រៀវណាគោរពថ្ងៃសប្ប័ទ* បើគេសម្រេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើង ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង 5 នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។ 6 រីឯជនបរទេសដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់នាមយើង សុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់យើង គោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង 7 នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន យើងនឹងទទួលតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក ថ្វាយនៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។ 8 ព្រះជាអម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រាអែល ដែលត្រូវនិរទេសឲ្យមកជួបជុំគ្នា ព្រះអង្គមានព្រះបន្ទូលថា: យើងនឹងប្រមែប្រមូលអ្នកឯទៀតៗ ឲ្យមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះ ថែមទៀត។ ព្រះបន្ទូលបន្ទោសអ្នកបោះបង់ជំនឿ និងអ្នកថ្វាយបង្គំព្រះក្លែងក្លាយ 9 សត្វស្រុក និងសត្វព្រៃទាំងអស់អើយ ចូរនាំគ្នាមកស៊ីចំណី! 10 គ្រូអាចារ្យរបស់ជនជាតិអ៊ីស្រាអែល សុទ្ធតែជាមនុស្សខ្វាក់ គេមិនយល់អ្វីទាំងអស់។ អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុស គឺចេះតែដេករវើរវាយ និងចូលចិត្តងោកងុយ។ 11 អ្នកទាំងនោះក៏ជាឆ្កែដែលគិតតែពីត្របាក់ស៊ី ហើយមិនចេះស្កប់ស្កល់ទេ។ ពួកគេជាមេដឹកនាំ តែមិនចេះគិតពិចារណាអ្វីទាំងអស់ ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួន ហើយគិតតែពីស្វែងរកផលប្រយោជន៍ របស់ខ្លួនប៉ុណ្ណោះ។ 12 គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា! ស្អែកក៏យើងផឹកទៀតដែរ ព្រោះនៅសល់ស្រាច្រើនណាស់»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies