Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 56 - ព្រះគម្ពីរខ្មែរសាកល


ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់

1 ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ចូរ​រក្សា​សេចក្ដីយុត្តិធម៌ ហើយ​អនុវត្ត​សេចក្ដីសុចរិត​ចុះ​! ដ្បិត​សេចក្ដីសង្គ្រោះ​របស់យើង​បាន​មក​ជិតបង្កើយ​ហើយ ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នឹង​ត្រូវបាន​បើកសម្ដែង​ដែរ​។

2 មានពរ​ហើយ មនុស្ស​ដែល​ប្រព្រឹត្ត​យ៉ាងនោះ កូនមនុស្ស​ដែល​កាន់ខ្ជាប់​នូវ​សេចក្ដីនោះ ជា​អ្នកដែល​រក្សា​ថ្ងៃសប្ប័ទ​ឥត​បង្អាប់​ឡើយ ក៏​រក្សា​ដៃ​របស់ខ្លួន​ពី​ការ​ធ្វើ​អំពើ​អាក្រក់​ណាមួយ​ផង”។

3 រីឯ​សាសន៍ដទៃ​ដែល​រួម​ជាមួយ​ព្រះយេហូវ៉ា​ហើយ មិន​ត្រូវ​ពោល​ថា​៖ “ព្រះយេហូវ៉ា​ពិតជាញែក​ខ្ញុំ​ចេញ​ពី​ប្រជារាស្ត្រ​របស់ព្រះអង្គ” ហើយ​មនុស្សកម្រៀវ​ក៏​មិន​ត្រូវ​ពោលថា​៖ “មើល៍! ខ្ញុំ​ជា​ដើមឈើ​ក្រៀមស្ងួត” នោះ​ឡើយ​។

4 ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ចំពោះ​មនុស្សកម្រៀវ​ដែល​រក្សា​ថ្ងៃសប្ប័ទ​របស់យើង ហើយ​ជ្រើសរើស​អ្វីដែល​យើង​ពេញចិត្ត ព្រមទាំង​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង

5 យើង​នឹង​ឲ្យ​ទីរំលឹក​មួយ និង​ឈ្មោះ​មួយ​ដល់​ពួកគេ ក្នុង​ដំណាក់​របស់យើង ក្នុង​កំពែង​របស់យើង ដែល​ប្រសើរ​ជាង​កូនប្រុស និង​កូនស្រី​ទៅទៀត​; យើង​នឹង​ឲ្យ​ឈ្មោះ​ដ៏អស់កល្ប​ដល់​ពួកគេ ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។

6 រីឯ​សាសន៍ដទៃ​ដែល​រួម​ជាមួយ​ព្រះយេហូវ៉ា ដើម្បី​បម្រើ​ព្រះអង្គ ដើម្បី​ស្រឡាញ់​ព្រះនាម​របស់​ព្រះយេហូវ៉ា ដើម្បី​ធ្វើជា​បាវបម្រើ​របស់​ព្រះអង្គ គឺ​អស់អ្នក​ដែល​រក្សា​ថ្ងៃសប្ប័ទ​ឥត​បង្អាប់​ឡើយ ហើយ​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង

7 យើង​នឹង​នាំ​ពួកគេ​មក​ឯ​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ហើយ​ឲ្យ​ពួកគេ​អរសប្បាយ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់យើង​។ តង្វាយដុត និង​យញ្ញបូជា​របស់ពួកគេ​នឹង​ត្រូវបាន​ទទួលយក​នៅលើ​អាសនា​របស់យើង ដ្បិត​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់”។

8 នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​នៃខ្ញុំ គឺ​ព្រះយេហូវ៉ា​ដែល​ប្រមូល​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល គឺ​៖ “យើង​នឹង​ប្រមូល​អ្នកដទៃ​មក​ឯ​គាត់​ទៀត ក្រៅពី​អ្នកដែល​ត្រូវបាន​ប្រមូលមក​ស្រាប់ហើយ”។


កាត់ទោសមេដឹកនាំអ៊ីស្រាអែល

9 អស់ទាំង​សត្វនៃទីវាល​អើយ អស់ទាំង​សត្វ​នៅ​ព្រៃ​អើយ ចូរ​មក​ត្របាក់ស៊ី​ចុះ​!

10 ពួក​អ្នកយាម​របស់អ៊ីស្រាអែល​ខ្វាក់ភ្នែក ពួកគេ​សុទ្ធតែ​គ្មានចំណេះដឹង ពួកគេ​សុទ្ធតែ​ជា​ឆ្កែ​គ​ដែល​ព្រុស​មិនបាន ពួកគេ​តែងតែ​ស្រមើស្រមៃ ពួកគេ​ចេះតែ​ដេក ហើយ​ចូលចិត្ត​ដេករលីវ​។

11 ឆ្កែ​ទាំងនោះ​សាហាវ​ខាងឯ​ចំណង់អាហារ ក៏មិន​ស្គាល់​ការឆ្អែតឆ្អន់​ឡើយ​; ពួកគេ​ជា​អ្នកគង្វាល​ដែល​មិន​ស្គាល់​ការយល់ច្បាស់​; ពួកគេ​ទាំងអស់គ្នា​បាន​បែរចេញ​ទៅតាម​ផ្លូវ​របស់ខ្លួន ម្នាក់ៗ​ទៅរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឥតមានសល់ម្នាក់ណាឡើយ​។

12 ពួកគេនិយាយថា​៖ “មក៍! ឲ្យ​ខ្ញុំ​យក​ស្រាទំពាំងបាយជូរ​មក ហើយ​ឲ្យ​យើង​ផឹក​គ្រឿងស្រវឹង​ជោកជាំ​ទៅ​! ថ្ងៃស្អែក​នឹង​បាន​ដូចជា​ថ្ងៃ​នេះ​ដែរ គឺ​កាន់តែ​ល្អ​ទៅទៀត”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម