ម៉ាឡាគី 1 - ព្រះគម្ពីរខ្មែរសាកលសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដល់អ៊ីស្រាអែល 1 នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ាដល់អ៊ីស្រាអែល តាមរយៈម៉ាឡាគី។ 2 ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងបានស្រឡាញ់អ្នករាល់គ្នា”។ ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “ព្រះអង្គបានស្រឡាញ់យើងខ្ញុំយ៉ាងដូចម្ដេច?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “តើអេសាវមិនមែនជាបងប្រុសរបស់យ៉ាកុបទេឬ? ទោះបីជាដូច្នោះក៏ដោយ ក៏យើងបានស្រឡាញ់យ៉ាកុប 3 ប៉ុន្តែស្អប់អេសាវ។ យើងបានធ្វើឲ្យតំបន់ភ្នំរបស់អេសាវទៅជាទីស្ងាត់ជ្រងំ ហើយទុកមរតករបស់គាត់ឲ្យឆ្កែព្រៃនៃទីរហោស្ថាន”។ 4 ថ្វីត្បិតតែអេដំពោលថា៖ “ទោះបីជាពួកយើងត្រូវបានកម្ទេចក៏ដោយ ក៏ពួកយើងនឹងត្រឡប់មកសង់ទីបាក់បែកឡើងវិញ” ប៉ុន្តែព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា៖ “ពួកគេនឹងសង់ឡើងវិញមែន តែយើងនឹងរំលំ ហើយមនុស្សនឹងហៅពួកគេថា ‘តំបន់នៃសេចក្ដីអាក្រក់’ និង ‘សាសន៍ដែលព្រះយេហូវ៉ាទ្រង់ព្រះពិរោធជារៀងរហូត’”។ 5 ភ្នែករបស់អ្នករាល់គ្នានឹងឃើញ ហើយអ្នករាល់គ្នានឹងពោលថា៖ “ព្រះយេហូវ៉ាទ្រង់ធំឧត្ដមហួសព្រំដែនអ៊ីស្រាអែលទៅទៀត!”។ ស្ដីបន្ទោសពួកបូជាចារ្យ 6 ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលនឹងអ្នករាល់គ្នាថា៖ “ពួកបូជាចារ្យដែលមើលងាយនាមរបស់យើងអើយ! កូនតែងតែគោរពឪពុក ហើយបាវបម្រើក៏គោរពចៅហ្វាយរបស់ខ្លួនដែរ។ ប្រសិនបើយើងជាឪពុក ចុះការគោរពចំពោះយើងនៅឯណា? ប្រសិនបើយើងជាចៅហ្វាយ ចុះការខ្លាចក្រែងចំពោះយើងនៅឯណា? ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបានមើលងាយព្រះនាមរបស់ព្រះអង្គយ៉ាងដូចម្ដេច?’។ 7 អ្នករាល់គ្នាថ្វាយអាហារសៅហ្មងនៅលើអាសនារបស់យើង។ ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបានធ្វើឲ្យព្រះអង្គសៅហ្មងយ៉ាងដូចម្ដេច?’ គឺដោយអ្នករាល់គ្នាពោលថា: ‘តុអាហាររបស់ព្រះយេហូវ៉ាគួរឲ្យមើលងាយ!’។ 8 កាលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា តើមិនអាក្រក់ទេឬ? កាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច ឬសត្វឈឺ តើមិនអាក្រក់ទេឬ? ឥឡូវនេះ ចូរជូនទៅអភិបាលរបស់អ្នកមើល៍! តើលោកពេញចិត្តនឹងអ្នកឬ? ឬមួយក៏លោកនឹងបង្ហាញការសន្ដោសដល់អ្នកឬ?”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។ 9 ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ឥឡូវនេះ ចូរទូលសុំក្ដីសន្ដោសពីព្រះថា: ‘សូមឲ្យព្រះអង្គមេត្តាដល់យើង!’។ តង្វាយបែបនេះពីដៃរបស់អ្នករាល់គ្នា តើព្រះអង្គនឹងទទួលយកពីអ្នករាល់គ្នាឬ?”។ 10 ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ឱបើមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារដំណាក់របស់យើង ដើម្បីកុំឲ្យបង្កាត់ភ្លើងលើអាសនារបស់យើងជាឥតប្រយោជន៍ទៅអេះ! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយក៏មិនទទួលតង្វាយពីដៃរបស់អ្នករាល់គ្នាដែរ។ 11 ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។ 12 ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ប៉ុន្តែអ្នករាល់គ្នាបន្ទាបបន្ថោកនាមរបស់យើង ដោយពោលថា: ‘តុអាហាររបស់ព្រះអម្ចាស់ទៅជាសៅហ្មងហើយ រីឯផលពីតុនោះ គឺអាហារពីតុនោះគួរឲ្យមើលងាយផង’។ 13 អ្នករាល់គ្នាពោលថា: ‘មើល៍! អីក៏ពិបាកម្ល៉េះ!’ ហើយបញ្ចេញសូរហ៊ឹះដាក់ការនោះ។ អ្នករាល់គ្នានាំសត្វដែលប្លន់យក សត្វខ្ញើច និងសត្វឈឺមក គឺនាំមកជាតង្វាយ! តើឲ្យយើងទទួលវាពីដៃរបស់អ្នករាល់គ្នាឬ?”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។ 14 ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ត្រូវបណ្ដាសាហើយ មនុស្សបោកបញ្ឆោតដែលមានសត្វឈ្មោលឥតខ្ចោះនៅក្នុងហ្វូងសត្វរបស់ខ្លួន ហើយបន់ ប៉ុន្តែបែរជាថ្វាយសត្វអន់ខូចជាយញ្ញបូជាដល់ព្រះអម្ចាស់ទៅវិញ! ដ្បិតយើងជាស្ដេចដ៏ធំឧត្ដម ហើយនាមរបស់យើងត្រូវបានកោតខ្លាចក្នុងចំណោមប្រជាជាតិនានា”៕ |