Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 56 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សេចក្ដី​សញ្ញា​ដល់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ចុះ ពី​ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ជិត​ដល់​ហើយ ឯ​សេចក្ដី​សុចរិត​របស់​យើង ក៏​រៀប​នឹង​សម្ដែង​ឲ្យ​ឃើញ​ដែរ។

2 មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ ព្រម​ទាំង​កូន​មនុស្ស​ណា​ដែល​កាន់​សេចក្ដី​នេះ​ឲ្យ​ខ្ជាប់‌ខ្ជួន​ផង គឺ​ជា​អ្នក​ដែល​ថែ​រក្សា​ថ្ងៃ​សប្ប័ទ​ឥត​បង្អាប់ ហើយ​រក្សា​ដៃ​មិន​ឲ្យ​ធ្វើ​ការ​អាក្រក់​ណា​ឡើយ។

3 ឯ​សាសន៍​ដទៃ​ណា​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​មិន​ត្រូវ​ឲ្យ​ពោល​ថា ក្រែង​ព្រះ‌យេហូវ៉ា​នឹង​ញែក​ខ្ញុំ ចេញ​ពី​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ទៅ​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​កំរៀវ​ពោល​ថា ខ្ញុំ​នេះ​ជា​ដើម​ឈើ​ហួត‌ហែង​ទេ។

4 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលថា ពួក​កំរៀវ​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទាំង​ប៉ុន្មាន ក៏​រើស​យក​អ្វីៗ​ដែល​គាប់​ចិត្ត ព្រម​ទាំង​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​យើង

5 យើង​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង​មួយ​នៅ​ក្នុង​វិហាររបស់​យើង ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅ​ទៀត យើង​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​នៅ​អស់​កល្ប​ជា‌និច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ។

6 ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ព្រះ‌អង្គ ហើយ​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​យើង។

7 នោះ​យើង​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​យើង ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​យើង ដែល​សម្រាប់​ជា​ទី​អធិ‌ស្ឋាន យើង​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាស‌នា ដ្បិត​ដំណាក់​យើង​ត្រូវ​ហៅ​ថា ជា​ទី​អធិ‌ស្ឋាន​សម្រាប់​គ្រប់​ទាំង​សាសន៍។

8 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ប្រមូល​អស់​អ្នកដែល​ត្រូវ​គេ​បោះ​បង់ ក្នុង​សាសន៍​អ៊ីស្រា‌អែល យើង​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា‌មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រា‌អែល ដែល​បាន​ប្រមូល​ហើយ។


អំពើ​ពុករលួយ​របស់​អ្នក​ដឹកនាំនៃ​ពួក​អ៊ីស្រា‌អែល

9 នែ៎ អស់​ទាំង​សត្វ​នៅ​វាល ហើយ​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​មក​ហែក​ស៊ី​ចុះ

10 ពួក​យាម​ល្បាត​របស់​អ៊ីស្រា‌អែល​សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្រប់​គ្នា​គ្មាន​តម្រិះ គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ មិន​ចេះព្រុស គេ​តែង‌តែ​ស្រមើ​ស្រមៃ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្តងោក​ងុយ។

11 គេ​ជា​ពួក​ឆ្កែ​សាហាវ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ ជា​ពួក​គង្វាល​ដែល​មិន​ចេះ​យល់​សោះ គេ​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន គឺ​ឲ្យ​បាន​កម្រៃ​របស់​ខ្លួន​គេ​ទាំង​អស់​គ្នា។

12 គេ​ថា អញ្ជើញ​មក យើង​នឹង​រក​ស្រា​ទំពាំង‌បាយ‌ជូរ យើង​នឹង​ផឹក​គ្រឿង​ស្រវឹង​ទាល់​តែ​ឆ្អែត ហើយ​ថ្ងៃ​ស្អែក​នឹង​ដូច​ជា​ថ្ងៃ​នេះ​ដែរ ព្រោះ​នៅ​មាន​បរិបូរ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម