លូកា 19 - ព្រះគម្ពីរខ្មែរសាកលព្រះយេស៊ូវ និងសាខេ 1 នៅពេលព្រះយេស៊ូវយាងចូលទៅយេរីខូរ ហើយយាងកាត់ទីក្រុង 2 មើល៍! មានបុរសម្នាក់ឈ្មោះសាខេ ជាមេអ្នកទារពន្ធ ហើយជាអ្នកមាន។ 3 គាត់ព្យាយាមរកមើលថាព្រះយេស៊ូវជាអ្នកណា ប៉ុន្តែដោយសារតែហ្វូងមនុស្ស គាត់មើលមិនឃើញសោះ ពីព្រោះគាត់មានកម្ពស់ទាប។ 4 ដូច្នេះ គាត់ក៏រត់ទៅខាងមុខ ហើយឡើងដើមឧទុម្ពរ ដើម្បីឲ្យបានឃើញព្រះអង្គ ពីព្រោះព្រះអង្គរៀបនឹងយាងកាត់ទីនោះ។ 5 នៅពេលយាងមកដល់កន្លែងនោះ ព្រះយេស៊ូវក៏ងើយមើល ហើយមានបន្ទូលនឹងគាត់ថា៖“សាខេអើយ ចូរប្រញាប់ចុះមក! ព្រោះថាថ្ងៃនេះ ខ្ញុំត្រូវតែស្នាក់នៅផ្ទះរបស់អ្នក”។ 6 សាខេក៏ប្រញាប់ចុះមក ហើយទទួលព្រះយេស៊ូវដោយអរសប្បាយ។ 7 នៅពេលឃើញដូច្នេះ មនុស្សទាំងអស់ក៏រអ៊ូរទាំថា៖ “លោកចូលទៅស្នាក់នៅជាមួយមនុស្សបាប”។ 8 រីឯសាខេក៏ឈរ ទូលព្រះអម្ចាស់ថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនឹងឲ្យពាក់កណ្ដាលនៃធនធានរបស់ទូលបង្គំដល់អ្នកក្រ ហើយបើសិនទូលបង្គំចេះតែចោទយកអ្វីពីអ្នកណា ទូលបង្គំនឹងសងមួយជាបួនវិញ”។ 9 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតគាត់ក៏ជាកូនចៅរបស់អ័ប្រាហាំដែរ។ 10 ជាការពិត កូនមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះអ្នកដែលវង្វេង”។ ពាក្យឧបមាអំពីប្រាក់ដប់មីណា 11 ខណៈដែលគេកំពុងតែស្ដាប់សេចក្ដីទាំងនេះ ព្រះយេស៊ូវមានបន្ទូលបន្ថែមជាពាក្យឧបមាមួយទៀត ពីព្រោះព្រះអង្គយាងជិតដល់យេរូសាឡិមហើយ ហើយគេកំពុងគិតថាអាណាចក្ររបស់ព្រះរៀបនឹងលេចមកភ្លាមៗ។ 12 ដូច្នេះ ព្រះអង្គមានបន្ទូលថា៖“មានបុរសត្រកូលខ្ពស់ម្នាក់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលអំណាចគ្រងរាជ្យសម្រាប់ខ្លួនឯង រួចត្រឡប់មកវិញ។ 13 លោកក៏ហៅបាវបម្រើដប់នាក់របស់ខ្លួនមក ហើយប្រគល់ដប់មីណាដល់ពួកគេ ទាំងនិយាយថា: ‘ចូរធ្វើជំនួញរហូតដល់ខ្ញុំមកវិញ’។ 14 “ប៉ុន្តែអ្នកស្រុករបស់លោកស្អប់លោក ពួកគេក៏ចាត់ទូតម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា: ‘យើងខ្ញុំមិនចង់ឲ្យម្នាក់នេះសោយរាជ្យលើយើងខ្ញុំទេ’។ 15 “លុះក្រោយពីទទួលអំណាចគ្រងរាជ្យ លោកក៏ត្រឡប់មកវិញ ហើយប្រាប់គេឲ្យហៅបាវបម្រើទាំងនោះដែលលោកបានប្រគល់លុយនោះមក ដើម្បីឲ្យដឹងថា ពួកគេធ្វើជំនួញបានចំណេញប៉ុន្មាន។ 16 អ្នកទីមួយក៏ចូលមក និយាយថា: ‘ព្រះករុណាអើយ មួយមីណារបស់ទ្រង់ចំណេញបានដប់មីណាទៀត’។ 17 “ចៅហ្វាយនិយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អអើយ! ដោយសារអ្នកបានស្មោះត្រង់នឹងការដ៏តូចបំផុត ចូរគ្រប់គ្រងលើទីក្រុងដប់ចុះ’។ 18 “អ្នកទីពីរក៏ចូលមក និយាយថា: ‘ព្រះករុណាអើយ មួយមីណារបស់ទ្រង់ចំណេញបានប្រាំមីណាទៀត’។ 19 “ចៅហ្វាយក៏និយាយនឹងម្នាក់នេះដែរថា: ‘ចូរអ្នកគ្រប់គ្រងលើទីក្រុងប្រាំចុះ’។ 20 “មានម្នាក់ទៀតបានចូលមក និយាយថា: ‘ព្រះករុណាអើយ មើល៍! មួយមីណារបស់ទ្រង់ ដែលខ្ញុំព្រះបាទបានទុកក្នុងកន្សែង។ 21 ខ្ញុំព្រះបាទខ្លាចព្រះករុណា ពីព្រោះទ្រង់ជាមនុស្សតឹងរ៉ឹង ទ្រង់យកអ្វីដែលទ្រង់មិនបានផ្ញើ ហើយច្រូតអ្វីដែលទ្រង់មិនបានសាបព្រោះ’។ 22 “ចៅហ្វាយនិយាយនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់អើយ! យើងនឹងកាត់ទោសអ្នកតាមពាក្យសម្ដីរបស់អ្នក។ អ្នកបានដឹងថាយើងជាមនុស្សតឹងរ៉ឹង ដែលយកអ្វីដែលយើងមិនបានផ្ញើ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះឬ? 23 ចុះម្ដេចក៏អ្នកមិនបានដាក់ប្រាក់របស់យើងនៅធនាគារ? នោះពេលយើងមកវិញ យើងមុខជាបានប្រាក់របស់យើងវិញ ព្រមទាំងការប្រាក់ផង’។ 24 បន្ទាប់មក ចៅហ្វាយក៏និយាយនឹងពួកអ្នកដែលឈរនៅទីនោះថា: ‘ចូរដកយកមួយមីណានោះពីអ្នកនេះ ហើយប្រគល់ឲ្យម្នាក់ដែលមានដប់មីណានោះទៅ’។ 25 “ពួកគេនិយាយថា: ‘ព្រះករុណាអើយ គាត់មានដប់មីណាហើយ!’។ 26 “‘យើងប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ប៉ុន្តែអ្នកដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ។ 27 រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។ ព្រះយេស៊ូវយាងចូលយេរូសាឡិម 28 បន្ទាប់ពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវទ្រង់ធ្វើដំណើរទៅមុខទៀត ឡើងទៅយេរូសាឡិម។ 29 នៅពេលយាងមកជិតបេតផាសេ និងបេថានី ត្រង់ភ្នំមួយដែលគេហៅថា “ភ្នំដើមអូលីវ” ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ 30 ដោយមានបន្ទូលថា៖“ចូរទៅភូមិនៅខាងមុខចុះ។ នៅពេលចូលទៅ ពួកអ្នកនឹងឃើញកូនលាមួយដែលគ្មានអ្នកណាធ្លាប់ជិះ ត្រូវគេចងទុកនៅទីនោះ។ ចូរស្រាយវាដឹកមកចុះ។ 31 ប្រសិនបើមានអ្នកណាសួរពួកអ្នកថា: ‘ស្រាយវាធ្វើអី?’ ចូរប្រាប់ដូច្នេះថា: ‘ព្រះអម្ចាស់ត្រូវការវា’”។ 32 ពួកអ្នកដែលត្រូវបានចាត់ក៏ចេញទៅ ហើយឃើញដូចដែលព្រះអង្គបានមានបន្ទូលនឹងពួកគេ។ 33 នៅពេលពួកគេកំពុងស្រាយកូនលានោះ ពួកម្ចាស់របស់វាសួរពួកគេថា៖ “ពួកអ្នកស្រាយកូនលានេះធ្វើអី?”។ 34 ពួកគេក៏ឆ្លើយថា៖ “ព្រះអម្ចាស់ត្រូវការវា”។ 35 ពួកគេដឹកវាមកឯព្រះយេស៊ូវ ហើយក្រាលអាវវែងរបស់ខ្លួនលើកូនលានោះ រួចយាងព្រះយេស៊ូវឲ្យគង់លើវា។ 36 ពេលដែលព្រះអង្គយាងទៅ គេក៏ក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ។ 37 ខណៈដែលព្រះយេស៊ូវយាងមកជិតផ្លូវចុះពីភ្នំដើមអូលីវ សិស្សទាំងហ្វូងក៏ចាប់ផ្ដើមអរសប្បាយ ហើយសរសើរតម្កើងព្រះអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ ដោយសំឡេងយ៉ាងខ្លាំង 38 ថា៖ “សូមឲ្យមានព្រះពរដល់ព្រះមហាក្សត្រ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! សូមឲ្យមានសេចក្ដីសុខសាន្តនៅស្ថានសួគ៌ និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត!”។ 39 មានពួកផារិស៊ីខ្លះក្នុងហ្វូងមនុស្សនោះ ទូលព្រះអង្គថា៖ “លោកគ្រូ សូមស្ដីឲ្យពួកសិស្សរបស់លោកផង!”។ 40 ព្រះយេស៊ូវមានបន្ទូលតបថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម នោះដុំថ្មនឹងស្រែកឡើង!”។ ព្រះយេស៊ូវព្រះកន្សែងអាណិតយេរូសាឡិម 41 នៅពេលព្រះយេស៊ូវយាងមកជិតយេរូសាឡិម ហើយទតឃើញទីក្រុង ព្រះអង្គក៏ព្រះកន្សែងអាណិតទីក្រុងនោះ 42 ទាំងមានបន្ទូលថា៖“នៅថ្ងៃនេះ ប្រសិនបើអ្នក គឺខ្លួនអ្នកហើយ បានស្គាល់សេចក្ដីដែលនាំមកនូវសន្តិភាព... ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះត្រូវបានលាក់បាំងពីភ្នែករបស់អ្នកហើយ។ 43 ដ្បិតនឹងមានថ្ងៃមកដល់អ្នក គឺថ្ងៃដែលពួកខ្មាំងសត្រូវរបស់អ្នកនឹងដាក់របាំងព័ទ្ធជុំវិញអ្នក ហើយឡោមព័ទ្ធអ្នកពីគ្រប់ទិសទី 44 ព្រមទាំងពង្រាបអ្នក និងកូនចៅរបស់អ្នកដែលនៅក្នុងអ្នក ឲ្យស្មើនឹងដី ដោយមិនទុកថ្មណាមួយឲ្យសល់នៅលើថ្មមួយទៀត នៅក្នុងអ្នកឡើយ ពីព្រោះអ្នកមិនបានទទួលស្គាល់ពេលវេលាដែលព្រះយាងមកដល់អ្នកទេ”។ ព្រះយេស៊ូវទ្រង់ជម្រះព្រះវិហារ 45 បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញពួកអ្នកលក់ឲ្យចេញ 46 ដោយមានបន្ទូលនឹងពួកគេថា៖“មានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងបានជាដំណាក់នៃការអធិស្ឋាន’ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។ 47 ព្រះយេស៊ូវបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកអភិជនក្នុងចំណោមប្រជាជន ក៏ចង់បំផ្លាញជីវិតព្រះអង្គ 48 ប៉ុន្តែរកធ្វើអ្វីមិនបាន ពីព្រោះប្រជាជនទាំងអស់កំពុងផ្ដោតចិត្តស្ដាប់ព្រះអង្គ៕ |