បុរសនោះក៏និយាយថា៖ “ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ ពីព្រោះអ្នកបានតយុទ្ធនឹងព្រះ ហើយនឹងមនុស្ស ក៏ឈ្នះផង”។
អេសាយ 48:1 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលត្រូវបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយចេញមកពីប្រភពទឹករបស់យូដា ជាអ្នកដែលស្បថដោយអាងព្រះនាមរបស់ព្រះយេហូវ៉ា ហើយលើកឡើងនូវព្រះនៃអ៊ីស្រាអែល ប៉ុន្តែមិនមែនដោយសេចក្ដីពិតត្រង់ ក៏មិនមែនដោយសេចក្ដីសុចរិត គឺវង្សត្រកូលយ៉ាកុបអើយ ចូរស្ដាប់សេចក្ដីនេះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរស្តាប់សេចក្ដីនេះចុះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹក របស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយចិត្តស្មោះ ឬដោយសុចរិតទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រាអែល ហើយជាពូជពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកព្រះនាមព្រះអម្ចាស់ធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកព្រះរបស់ ជនជាតិអ៊ីស្រាអែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹករបស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយស្មោះចំពោះ ឬដោយសុចរិតទេ អាល់គីតាប អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រអែល ហើយជាពូជពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកនាមអុលឡោះតាអាឡាធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកម្ចាស់របស់ ជនជាតិអ៊ីស្រអែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។ |
បុរសនោះក៏និយាយថា៖ “ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ ពីព្រោះអ្នកបានតយុទ្ធនឹងព្រះ ហើយនឹងមនុស្ស ក៏ឈ្នះផង”។
ព្រះមានបន្ទូលនឹងគាត់ថា៖ “ឈ្មោះរបស់អ្នកគឺយ៉ាកុប ប៉ុន្តែមិនត្រូវហៅឈ្មោះរបស់អ្នកថាយ៉ាកុបទៀតឡើយ គឺអ៊ីស្រាអែលជាឈ្មោះរបស់អ្នកវិញ”។ គឺយ៉ាងនេះឯងដែលព្រះអង្គដាក់ឈ្មោះគាត់ថា អ៊ីស្រាអែល។
ប៉ុន្តែព្រះរាជានឹងអរសប្បាយក្នុងព្រះ អស់អ្នកដែលស្បថដោយអាងព្រះអង្គនឹងអួត ដ្បិតមាត់របស់អ្នកដែលនិយាយមុសានឹងត្រូវបានបិទ៕
ចូរទូលដល់ព្រះថា៖ “កិច្ចការរបស់ព្រះអង្គគួរឲ្យស្ញែងខ្លាចយ៉ាងណាហ្ន៎! ដោយសារតែឫទ្ធានុភាពដ៏លើសលប់របស់ព្រះអង្គ ពួកខ្មាំងសត្រូវរបស់ព្រះអង្គក៏ខ្លាចរួញខ្លួននៅចំពោះព្រះអង្គ។
ចូរថ្វាយពរព្រះនៅក្នុងអង្គប្រជុំ អ្នកដែលចេញពីប្រភពទឹកនៃអ៊ីស្រាអែលអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
នៅទីនោះមានបេនយ៉ាមីនជាកូនពៅដែលដឹកនាំពួកគេ ពួកមេដឹកនាំនៃយូដានិងអង្គប្រជុំរបស់ពួកគេ ពួកមេដឹកនាំនៃសាប់យូឡូន និងពួកមេដឹកនាំនៃណែបថាលី។
តើគួរឲ្យប្រភពទឹករបស់អ្នកហូរខ្ចាយទៅផ្លូវ ហើយគួរឲ្យប្រឡាយទឹករបស់អ្នកហូរខ្ចាយតាមកន្លែងសាធារណៈឬ?
ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ មានចៅហ្វាយជាច្រើនក្រៅពីព្រះអង្គបានត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែយើងខ្ញុំនឹកចាំព្រះនាមរបស់ព្រះអង្គ គឺតែព្រះអង្គប៉ុណ្ណោះ។
ម្នាក់នឹងពោលថា: ‘ខ្ញុំជារបស់ព្រះយេហូវ៉ា’ ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះរបស់យ៉ាកុប រីឯម្នាក់ទៀតនឹងសរសេរលើដៃរបស់ខ្លួនថា ‘របស់ព្រះយេហូវ៉ា’ ហើយដាក់ឈ្មោះខ្លួនតាមឈ្មោះរបស់អ៊ីស្រាអែល”។
យើងបានស្បថដោយអាងខ្លួនយើង; ពាក្យនេះបានចេញពីមាត់របស់យើងក្នុងសេចក្ដីសុចរិត ដែលមិនត្រឡប់មកវិញឡើយ គឺថា: ‘គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថ’។
“អ្នករាល់គ្នាដែលដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្ដាប់តាមយើងចុះ! ចូររំពឹងមើលទៅថ្មដាដែលអ្នករាល់គ្នាត្រូវបានដាប់ចេញមក ចូររំពឹងមើលទៅកន្លែងយកថ្មដែលអ្នករាល់គ្នាត្រូវបានជីកឡើងមក។
ចូររំពឹងមើលទៅអ័ប្រាហាំដូនតារបស់អ្នករាល់គ្នា និងសារ៉ាដែលបង្កើតអ្នករាល់គ្នាមក។ យើងបានហៅអ័ប្រាហាំកាលគាត់មានតែម្នាក់ឯង ក៏ឲ្យពរគាត់ ហើយបង្កើនចំនួនគាត់ឡើង។
យ៉ាងណាមិញ ពួកគេស្វែងរកយើងជារៀងរាល់ថ្ងៃ ហើយពេញចិត្តនឹងចំណេះដឹងនៃមាគ៌ារបស់យើង ហាក់ដូចជាប្រជាជាតិមួយដែលប្រព្រឹត្តតាមសេចក្ដីសុចរិត ឥតបោះបង់ចោលសេចក្ដីវិនិច្ឆ័យនៃព្រះរបស់ខ្លួន; ពួកគេសុំសេចក្ដីវិនិច្ឆ័យដ៏សុចរិតយុត្តិធម៌ពីយើង ក៏ពេញចិត្តនឹងការដែលចូលទៅជិតព្រះផង។
ព្រះយេហូវ៉ាបានស្បថដោយអាងព្រះហស្តស្ដាំរបស់ព្រះអង្គ និងដោយអាងព្រះពាហុដ៏មានឫទ្ធានុភាពរបស់ព្រះអង្គថា៖ “យើងនឹងមិនប្រគល់ស្រូវរបស់អ្នកទុកជាអាហារដល់សត្រូវរបស់អ្នកទៀតឡើយ ហើយជនបរទេសនឹងមិនផឹកស្រាទំពាំងបាយជូរថ្មីរបស់អ្នក ដែលអ្នកបានធ្វើយ៉ាងនឿយហត់នោះឡើយ
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។
អ្នកដែលឲ្យពរខ្លួនឯងនៅលើផែនដី នឹងឲ្យពរខ្លួនឯងដោយនូវព្រះដ៏ពិតត្រង់ អ្នកដែលស្បថនៅលើផែនដី នឹងស្បថដោយអាងព្រះដ៏ពិតត្រង់ ដ្បិតទុក្ខវេទនាពីមុនត្រូវបានភ្លេច ហើយត្រូវបានបំបាំងពីភ្នែករបស់យើងហើយ”។
គាត់ក៏ប្រាប់ខ្ញុំថា៖ “នេះជាបណ្ដាសាដែលចេញទៅលើផ្ទៃផែនដីទាំងមូល។ ដ្បិតតាមសំណេរម្ខាងនោះ អស់អ្នកដែលលួចនឹងត្រូវបានបំបាត់ចេញ ហើយតាមសំណេរម្ខាងទៀត អស់អ្នកដែលស្បថដោយកុហកនឹងត្រូវបានបំបាត់ចេញដែរ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទអាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏មិនឲ្យអ្នកដែលកំពុងចូលនោះ ចូលទៅដែរ។
ព្រះយេស៊ូវទតឃើញណាថាណែលកំពុងមករកព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖“មើល៍! ជនជាតិអ៊ីស្រាអែលពិតប្រាកដ! នៅក្នុងគាត់គ្មានឧបាយកលសោះ”។
ព្រះជាវិញ្ញាណ ហើយអ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំក្នុងវិញ្ញាណ និងសេចក្ដីពិត”។
យ៉ាងណាមិញ មិនមែនថាព្រះបន្ទូលរបស់ព្រះទៅជាឥតប្រយោជន៍ឡើយ ដ្បិតមិនមែនអស់អ្នកដែលកើតពីអ៊ីស្រាអែល ជាជនជាតិអ៊ីស្រាអែលនោះទេ
នេះមានន័យថា មិនមែនកូនៗខាងសាច់ឈាមទេ ដែលជាកូនរបស់ព្រះ ផ្ទុយទៅវិញ គឺកូននៃសេចក្ដីសន្យាទេ ដែលត្រូវរាប់ជាពូជពង្ស។
យើងស្គាល់ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែតាមពិតអ្នកជាអ្នកមានទេ។ យើងស្គាល់ពាក្យមួលបង្កាច់របស់ពួកដែលហៅខ្លួនឯងថាជាជនជាតិយូដាហើយ ប៉ុន្តែតាមពិតមិនមែនជាជនជាតិយូដា គឺជាពួកខាងសាលាប្រជុំរបស់សាតាំងវិញ។
មើល៍! យើងនឹងធ្វើឲ្យពួកខាងសាលាប្រជុំរបស់សាតាំង ដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្តែតាមពិតមិនមែនទេ គឺភូតភរវិញ——មើល៍! យើងនឹងធ្វើឲ្យពួកគេមកក្រាបថ្វាយបង្គំនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថាយើងស្រឡាញ់អ្នក។