Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 46 - ព្រះគម្ពីរខ្មែរសាកល


គ្មានអ្នកណាដូចព្រះ

1 ព្រះបេល​លុតចុះ ព្រះនេបូរ​ឱនចុះ​; រូបបដិមាករ​របស់ព្រះទាំងនោះ​នៅ​លើ​សត្វពាហនៈ និង​សត្វស្រុក​។ វត្ថុផ្ទុក​របស់អ្នករាល់គ្នា​ដែល​ត្រូវបាន​ផ្ទុក​នោះ ជា​បន្ទុក​លើ​សត្វ​ដែល​នឿយហត់​។

2 ព្រះទាំងនោះ​ឱនចុះ ក៏​ក្រាបចុះ​ជាមួយគ្នា​; ពួកវា​រំដោះ​បន្ទុក​ទាំងនោះ​ឲ្យរួច​មិនបានឡើយ គឺ​ខ្លួនវា​ក៏​ត្រូវ​នាំទៅ​ជា​ឈ្លើយសឹក​ដែរ​។

3 “វង្សត្រកូល​យ៉ាកុប និង​អស់អ្នក​ដែលនៅសល់​នៃ​វង្សត្រកូល​អ៊ីស្រាអែល ដែល​យើង​បាន​ផ្ទុក​តាំងពី​ក្នុង​ផ្ទៃម្ដាយ ហើយ​បាន​បី​តាំងពី​កំណើត​អើយ ចូរ​ស្ដាប់​យើង​!

4 គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ សូម្បីតែ​ដល់​វ័យចំណាស់​របស់អ្នក​; យើង​នឹង​ផ្ទុក​អ្នក រហូតដល់​អ្នក​មាន​សក់ស្កូវ​; យើង​បាន​បង្កើត​អ្នក ហើយ​យើង​នឹង​បី​; យើង​នឹង​ផ្ទុក ហើយ​យើង​នឹង​រំដោះ​ផង​។

5 តើ​អ្នករាល់គ្នា​នឹង​ប្រដូច​យើង​នឹង​អ្នកណា ហើយ​ផ្ទឹម​យើង​ឲ្យស្មើ​នឹង​អ្នកណា ក៏​ប្រៀបធៀប​យើង​នឹង​អ្នកណា បានជា​ពួកយើង​បាន​ដូចគ្នា​?

6 អ្នកដែល​ចាយ​មាស​យ៉ាងខ្ជះខ្ជាយ​ពី​កាបូបលុយ ហើយ​ថ្លឹង​ប្រាក់​លើ​ជញ្ជីង គេ​ជួល​ជាងទង ជាងនោះ​ក៏​ធ្វើ​វា​ជា​ព្រះ​មួយ នោះ​គេ​ក្រាបចុះ​ថ្វាយបង្គំ​។

7 គេ​លើក​រូបនោះ​សែង​លើ​ស្មា ហើយ​តម្កល់​វា​នៅ​កន្លែង​របស់វា នោះ​វា​នៅឈរ ឥត​ចាកចេញ​ពី​កន្លែង​របស់វា​ឡើយ​។ ទោះបីជា​គេ​ស្រែក​ទៅ​រូបនោះ​ក៏ដោយ ក៏​វា​មិន​ឆ្លើយ​ដែរ វា​នឹង​មិន​សង្គ្រោះ​គេ​ពី​ទុក្ខវេទនា​របស់គេ​ឡើយ​។

8 ពួកអ្នក​បះបោរ​អើយ ចូរ​នឹកចាំ​ការនេះ ហើយ​បង្ហាញ​ខ្លួន​ជាមនុស្សប្រុស ចូរ​គិតឡើងវិញ​ចុះ​!

9 ចូរ​នឹកចាំ​ការ​ពីមុន​តាំងពីបុរាណមក ដ្បិត​យើង​ហ្នឹងហើយ​ជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។ គឺ​យើង​ហ្នឹងហើយ​ជា​ព្រះ ហើយ​គ្មានអ្នកណា​ដូច​យើង​ឡើយ​។

10 តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។

11 យើង​បាន​ហៅ​សត្វហើរចាប់រំពា​មួយ​ឲ្យមក​ពី​ទិសខាងកើត គឺ​ហៅ​មនុស្ស​ម្នាក់​សម្រាប់​ផែនការ​របស់យើង​ឲ្យមក​ពី​ស្រុក​ឆ្ងាយ​។ មែនហើយ យើង​បាន​និយាយ មែនហើយ យើង​នឹង​ធ្វើឲ្យ​ការនេះ​កើតឡើង​; យើង​បាន​គ្រោងទុក មែនហើយ យើង​នឹង​បំពេញ​ការនេះ​ឲ្យសម្រេច​។

12 ពួកអ្នក​មានចិត្តរឹង ដែល​នៅឆ្ងាយ​ពី​សេចក្ដីសុចរិត​អើយ ចូរ​ស្ដាប់​យើង​!

13 យើង​នាំ​សេចក្ដីសុចរិត​របស់យើង​មកជិត​ហើយ សេចក្ដីនោះ​មិន​នៅឆ្ងាយ​ឡើយ ហើយ​សេចក្ដីសង្គ្រោះ​របស់យើង ក៏​មិន​បង្អង់​ដែរ​។ យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែល​ផង”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម