Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាការី 5 - ព្រះគម្ពីរខ្មែរសាកល


និមិត្តទីប្រាំមួយ: ក្រាំងហោះ

1 បន្ទាប់មក ខ្ញុំ​ងើបភ្នែកឡើង​ម្ដងទៀត ហើយ​សង្កេតមើល នោះ​មើល៍! មាន​ក្រាំង​មួយ​កំពុង​ហោះ​។

2 ទូតសួគ៌នោះ​សួរ​ខ្ញុំ​ថា​៖ “តើ​អ្នក​ឃើញ​អ្វី​?”។ ខ្ញុំ​ឆ្លើយថា​៖ “ខ្ញុំ​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ មាន​បណ្ដោយ ២០ ហត្ថ និង​ទទឹង ១០ ហត្ថ”។

3 គាត់​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “នេះ​ជា​បណ្ដាសា​ដែល​ចេញទៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ ដ្បិត​តាម​សំណេរ​ម្ខាង​នោះ អស់អ្នក​ដែល​លួច​នឹង​ត្រូវបាន​បំបាត់ចេញ ហើយ​តាម​សំណេរ​ម្ខាងទៀត អស់អ្នក​ដែល​ស្បថ​ដោយកុហក​នឹង​ត្រូវបាន​បំបាត់ចេញ​ដែរ​។

4 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​: ‘យើង​នឹង​ឲ្យ​បណ្ដាសានោះ​ចេញទៅ ហើយ​វា​នឹង​ចូលទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នកដែល​ស្បថ​ដោយ​កុហក​ដោយ​អាង​នាម​របស់យើង ហើយ​វា​នឹង​ស្ថិតនៅ​ក្នុង​ផ្ទះ​គេ ព្រមទាំង​បំផ្លាញ​ផ្ទះនោះ ទាំង​ឈើ និង​ថ្ម​របស់ផ្ទះនោះ​ផង’”។


និមិត្តទីប្រាំពីរ: ស្ត្រីក្នុងរង្វាល់

5 ពេលនោះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចូលមក​ប្រាប់​ខ្ញុំ​ថា​៖ “ឥឡូវនេះ ចូរ​ងើបភ្នែកឡើង ហើយ​សង្កេតមើល​ថា​តើ​របស់ដែល​ចេញមក​នេះ ជា​អ្វី”។

6 ខ្ញុំ​សួរថា​៖ “តើ​នេះ​ជា​អ្វី​?”។ គាត់​ក៏​តបថា​៖ “នេះ​ជា​រង្វាល់​ដែល​ចេញមក”។ គាត់​និយាយ​ទៀត​ថា​៖ “នេះ​ជា​សេចក្ដីទុច្ចរិត​របស់ពួកគេ នៅក្នុង​ទឹកដី​នេះ​ទាំងមូល”។

7 រួច​មើល៍! គម្រប​សំណ​ត្រូវបាន​បើកឡើង នោះ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​រង្វាល់​នោះ​។

8 ទូតសួគ៌នោះ​ក៏​និយាយថា​៖ “នេះ​ជា​សេចក្ដីអាក្រក់”។ បន្ទាប់មក គាត់​បោះ​នាង​ទៅក្នុង​រង្វាល់​វិញ ព្រមទាំង​បោះ​ដុំ​សំណ​បិទ​មាត់​រង្វាល់​ផង​។

9 ពេលនោះ ខ្ញុំ​ងើបភ្នែកឡើង ហើយ​សង្កេតមើល នោះ​មើល៍! មាន​ស្ត្រី​ពីរ​នាក់​ចេញមក ដែល​មាន​ខ្យល់​នៅក្រោម​ស្លាប​របស់ពួកនាង​។ ស្លាប​របស់​ពួកនាង​ដូចជា​ស្លាប​របស់​សត្វក្រសារ ហើយ​ពួកនាង​លើក​រង្វាល់​នោះ​ឡើង​នៅរវាង​ផែនដី និង​ផ្ទៃមេឃ​។

10 ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ថា​៖ “តើ​ពួកនាង​យក​រង្វាល់​នោះ​ទៅ​ឯណា​?”។

11 គាត់​តប​នឹង​ខ្ញុំ​ថា​៖ “ទៅ​សាងសង់​ផ្ទះ​ឲ្យ​រង្វាល់ នៅក្នុង​ដែនដី​ស៊ីណើរ​។ កាលណា​បាន​រៀបចំជាស្រេច​ហើយ រង្វាល់នោះ​នឹង​ត្រូវបាន​តម្កល់​លើ​ទីតាំង​របស់វា”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម