Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ​ជាអាទិករ និង​ជា​អ្នក​ប្រោស​លោះ

1 ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រា‌អែល ហើយ​បាន​ចេញ​ពី​ទឹក របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង តែ​មិន​មែន​ដោយ​ចិត្ត​ស្មោះ ឬ​ដោយ​សុចរិត​ទេ។

2 ដ្បិត​គេ​ហៅ​ខ្លួន​គេ​ថា​ជា​អ្នក​ក្រុង​បរិសុទ្ធ ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​ព្រះ‌នាម​ថា ព្រះ‌យេហូវ៉ា​នៃពួក​ពល‌បរិវារ។

3 ឯ​ការ​ដែល​បាន​កើត​ឡើង​តាំង​តែ​ពី​ដើម​មក នោះ​យើង​បាន​ថ្លែង​ប្រាប់​ចាប់​តាំង​ពី​បុរាណ​ហើយ សេចក្ដី​នោះ​បាន​ចេញ​ពី​មាត់​យើង​ទៅ ហើយ​យើង​បាន​សម្ដែង​ច្បាស់ យើង​បាន​ធ្វើ​ការ​ទាំង​នោះ​ភ្លាម​មួយ​រំពេច ដូច្នេះ ការ​ទាំង​នោះ​បាន​កើត​ឡើង​ហើយ។

4 ដ្បិត​យើង​បាន​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង​ចចេស ហើយ​មាន​ក​រឹង​ដូច​ជា​ចម្រឹង​ដែក ឯ​ថ្ងាស​អ្នក​ក៏​ជា​លង្ហិន

5 ហេតុ​នោះ​បាន​ជា​យើង​ថ្លែង​ប្រាប់​សេចក្ដី​នោះ ដល់​អ្នក​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​មុន​ដែល​ការ​នោះ​កើត​មក ក្រែង​អ្នក​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​អ្នក​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​អ្នក ដែល​បង្គាប់​ការ​នោះ​ឡើង។

6 អ្នក​បាន​ឮ​ហើយ ចូរ​ពិចារ‌ណា​ការ​ទាំង​នេះ​ចុះ តើ​អ្នក​នឹង​មិន​ព្រម​ថ្លែង​ប្រាប់ទេ​ឬ? ពីពេល​នេះ​ទៅ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ថ្មី​ទៀត គឺ​ជា​ការ​លាក់​កំបាំង​ដែល​អ្នក​មិន​បាន​ស្គាល់។

7 ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ អ្នក​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​អ្នក​និយាយ​ថា មើល៍ ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ។

8 អ្នក​មិន​បាន​ឮ​សោះ មិន​បាន​ដឹងទេ តាំង​ពី​បុរាណ​មក ត្រចៀក​អ្នក​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​យើង​បាន​ដឹង​ថា អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​អ្នក​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក។

9 ប៉ុន្តែ យើង​នឹង​ផ្អាក​សេចក្ដី​ក្រោធ ដោយ​យល់​ដល់​ឈ្មោះយើង និង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​យើង នោះ​យើង​នឹងមិន​កាត់​អ្នក​ចេញ​ទេ។

10 មើល៍ យើង​បាន​បន្សុទ្ធ​អ្នក តែ​មិន​ដូច​បន្សុទ្ធ​ប្រាក់​ទេ យើង​បាន​លត់​ដំ​អ្នក នៅ​ក្នុងគុក​ភ្លើង​នៃ​សេចក្ដី​វេទនា។

11 យើង​នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ខ្លួន​យើង ដ្បិត​តើ​ត្រូវ​ឲ្យ​គេ​ប្រមាថ​ឈ្មោះ​យើងឬ? សិរី‌ល្អ​របស់​យើង យើង​មិន​ឲ្យ​ទៅ​ព្រះ​ដទៃ​ណា​ផ្សេង​ឡើយ។

12 ឱ​ពួក​យ៉ាកុប និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​យើង​បាន​ហៅ​អើយ ចូរ​ស្តាប់​យើង​ចុះ គឺ​យើង​នេះ​ហើយ យើង​ជា​ដើម ហើយ​ជា​ចុង។

13 ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា។

14 ចូរ​អ្នក​ប្រជុំ​គ្នា ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់ ពី​ការ​ទាំង​នេះ​ឬ? អ្នក​មួយ​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ គេ​នឹង​សម្រេច​ដល់​ក្រុង​បាប៊ី‌ឡូន តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ

15 យើង គឺ​យើង​នេះ​ហើយបាន​ពោល អើ យើង​បាន​ហៅ​គេ យើង​បាន​នាំ​គេ​មក ហើយ​គេ​នឹង​សម្រេច​កិច្ច‌ការ​តាម​វិធី​របស់​គេ។

16 ចូរ​អ្នក​រាល់​គ្នា​ចូល​មក​ជិត​យើង ហើយ​ស្តាប់​សេចក្ដី​នេះ​ចុះ តាំង​តែ​ពី​ដើម​ដំបូង​មក យើង​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ តាំង​ពី​ការ​នោះ​ចាប់​ផ្តើម​កើត​ឡើង នោះ​យើង​ក៏​មាន​នៅ​ហើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​មក​ជា‌មួយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ។

17 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ជា​អ្នក​ដែល​បង្រៀន​ឲ្យ​អ្នក​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​អ្នក​ទៅ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ។

18 ឱ បើ​អ្នក​បាន​ស្តាប់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង នោះ​សេចក្ដី​សុខ​របស់​អ្នក​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​អ្នកនឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ។

19 ពូជ‌ពង្ស​អ្នក​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​អ្នក​មក នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​យើង​ឡើយ។

20 ចូរ​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ហើយ​រត់​ចេញ​ពី​កណ្ដាល​ពួក​ខាល់ដេ ចូរ​ប្រកាស​ប្រាប់ ដោយ​ឡើង​សំឡេង​ច្រៀង ចូរ​ថ្លែង​ពី​រឿង​នេះ ហើយ​បញ្ជូន​រហូត​ដល់​ចុង​ផែនដី​ផង ចូរ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះ​ពួក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ហើយ។

21 គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ព្រះ‌អង្គ​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សម្រាប់​គេ ព្រះ‌អង្គ​ក៏​បំបែក​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក។

22 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ​សោះ សម្រាប់​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម